ស្របពេលដែលមនុស្សជាច្រើនទ្រាំរស់នៅខ្វះខាតលុយកាក់ហើយមិនអាចរកការងារបន្ថែមខាងក្រៅបាន កញ្ញា Emily Jump បែរជាអាចឆ្លៀតពេលទំនេរពីការងារជាអ្នកសម្របសម្រួលទីផ្សារនៅការិយាល័យទន្តសាស្រ្តមួយ មកបង្កើតការងារឱ្យខ្លួនឯង រហូតអាចទាញចំណូលបានជាង ៧២០០ដុល្លារក្នុងមួយខែ បន្ថែមពីលើប្រាក់ខែ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
កញ្ញា Emily បាននិយាយថា គាត់ធ្វើការនៅទន្តពេទ្យ ហេតុនេះហើយអតិថិជនភាគច្រើនគឺទៅដើម្បីព្យាបាលធ្មេញឱ្យសស្អាត ហើយមិនថានៅក្នុងកាលៈទេសៈណាក៏ដោយ មនុស្សតែងតែផ្តោតសំខាន់ចំពោះសម្រស់នៅលើផ្ទៃមុខរបស់ពួកគេ។
លុះមកដល់ពេលដែលមានជំងឺរាតត្បាតកូវីដ កញ្ញាសង្កេតឃើញថាមនុស្សភាគច្រើនត្រូវពាក់ម៉ាស់អស់ ប៉ុន្តែពួកគេនៅតែខ្វល់ខ្វាយពីសម្រស់នៅលើផ្ទៃមុខរបស់គេដដែល ហើយកន្លែងដែលពួកគេផ្តោតសំខាន់បំផុតគឺ ភ្នែក និងចិញ្ចើម ដូច្នេះហើយកញ្ញាក៏បានសម្រេចចិត្តសិក្សាពីការធ្វើចិញ្ចើម។ ខាងក្រោមនេះជាគន្លឹះមួយចំនួន ដែលកញ្ញាបានចែករំលែក សម្រាប់ឱ្យអ្នកដែលចង់បង្កើតចំណូលខាងក្រៅយកទៅអនុវត្តន៍៖
១/. បង្កើតផែនការជាមុន
ក្រោយពេលដឹងថាចង់បង្កើតមុខរបរទាក់ទងនឹងការធ្វើចិញ្ចើម កញ្ញា Emily បានចំណាយពេលរៀន បន្ទាប់ពីទំនេរពីការងារ។ ចំណាយពេលរៀនច្រើនខែរហូតមានចំណេះជំនាញច្បាស់លាស់ ទើបគាត់ចាប់ផ្ដើមបង្កត Columbus Cosmetic Ink និងរៀបផែនការអាជីវកម្មមួយ ដោយផ្ដោតសំខាន់លើ តម្រូវការអតិថិជន ការចំណាយលើការចាប់ផ្ដើម ព្យាករណ៍ពីហិរញ្ញវត្ថុ និងយុទ្ធសាស្រ្តទីផ្សារ។ ទន្ទឹមនឹងនោះកញ្ញា ក៏បានតាមដានគូប្រជែង ដើម្បីទទួលបានចំណែកទីផ្សារដ៏ល្អ ហើយការធ្វើបែបនេះគឺអាចជួយឱ្យគាត់មានអាម្មណ៍ជឿជាក់ និងច្បាស់លាស់កាន់តែច្រើន។
២/. ធ្វើទីផ្សារ
ផ្នែកដ៏លំបាកបំផុតនៃការចេញមកបង្កើតការងារខាងក្រៅគឺការ ទាញអតិថិជន។ ដូច្នេះហើយជំហានដំបូងគឺ ធ្វើយ៉ាងណាឱ្យអតិថិជនបានស្គាល់ពីសេវាកម្ម និងគុណភាពនៃសេវាកម្មរបស់គាត់ជាមុនសិន។ Emily សម្រេចចិត្តផ្ដល់សេវាកម្មសាកល្បងដល់មនុស្សមួយចំនួន និងបានថតបង្ហោះនៅលើបណ្ដាញសង្គមដើម្បីស្ទាបស្ទង់ពីចំណាប់អារម្មណ៍របស់មនុស្ស។ ក្រោយមកទើបឃើញថាគេចាប់អារម្មណ៍យ៉ាងច្រើន ហើយក៏មកគាំទ្រសេវាកម្មរបស់គាត់លើសពីការរំពឹងទុក។
កញ្ញាបញ្ជាក់ថា ពេលធ្វើឱ្យអតិថិជនសាកល្បងដំបូង គាត់មិនយកលុយពីគេទេ ហើយថែមទាំងជូនលុយគេ ១០០ដុល្លារវិញ ជាថ្នូរនឹងរូបភាពដែលគាត់ថតយកទៅបង្ហោះផ្សព្វផ្សាយ។ ក្រោយពេលដែលឃើញថាបានផលល្អទើបកញ្ញាជឿជាក់ថា ជាអ្នករកស៊ីបើចង់ចំណេញត្រូវហ៊ានចំណាយសិន ប៉ុន្តែត្រូវចំណាយឱ្យចំគោលដៅ។
៣/. ស្រលាញ់អ្វីដែលអ្នកធ្វើ
កញ្ញាបង្ហើបថា គាត់ជាមនុស្សដែលចូលចិត្តថែរក្សាសម្រស់ ហើយមានអារម្មណ៍សប្បាយចិត្តនៅពេលដែលបានធ្វើឱ្យខ្លួនឯងស្អាត និងរឹតតែសប្បាយចិត្តពេលដែលបានឃើញអតិថិជនរបស់គាត់ប្រែជាស្អាត។ ដូច្នេះហើយទើបកញ្ញាចាត់ទុក អតិថិជនគឺជាហេតុផលចម្បង ដែលធ្វើឱ្យគាត់រំភើបនៅក្នុងការបន្តការងារពីមួយថ្ងៃទៅមួយយថ្ងៃ ដោយមិនព្រមបោះបង់ទោះជាមានបញ្ហាអ្វីក៏ដោយ។
៤/. ត្រៀមខ្លួនដើម្បីលះបង់
ការបង្កើតការងារផ្ទាល់ខ្លួនអាចធ្វើឱ្យអ្នកមានសេរីភាព ព្រោះមិនធ្វើការឱ្យនរណា ប៉ុន្តែមិនមែនមានន័យថាអ្នកត្រូវធ្វើការតិចជាងមុននោះទេ។ កញ្ញា Emily បញ្ជាក់ថាគាត់ត្រូវធ្វើការ ៦០ ទៅ៧០ ម៉ោងនៅពេលដែលចាប់ផ្ដើមបង្កើតការងារខាងក្រៅដំបូង ព្រោះត្រូវធ្វើការនៅគ្លីនីកទន្តសាស្រ្តផង និងការងារខ្លួនឯងផង។
កញ្ញាបន្តថា យើងត្រូវត្រៀមចិត្តលះបង់ពេលវេលាសប្បាយ ការជួបជុំ ព្រមទាំងលះបង់ការចំណាយមួយចំនួន ដើម្បីទុកលុយសម្រាប់ដំណើរការងារផ្ទាល់ខ្លួនឱ្យរលូវ។ លុះដល់មុខរបរនេះរឹងមាំ យើងក៏អាចឈប់ពីការងារហើយងាកមកផ្ដោតលើរឿងតែមួយមុខវិញ។ ជាក់ស្ដែងក្រោយ Columbus Cosmetic Ink រកចំណូលបានល្មម កញ្ញាក៏បានលាឈប់ពីការងារនៅការិយាល័យទន្តសាស្រ្តចោលប្រាក់ខែ ៣៤,៥០០ដុល្លារក្នុងមួយឆ្នាំ មករកស៊ីលើមុខរបររបស់ខ្លួនឯងពេញលេញតែម្ដង។
អ្នកជំនាញរូបនេះក៏បានគូសបញ្ជាក់ផងដែរថា ពេលចង់ធ្វើអ្វីមួយយើងកុំស្លន់ស្លោរ ធម្មតាយើងមិនអាចចាយពេលតែ១យប់កែប្រែគ្រប់យ៉ាងបាននោះទេ។ ដូច្នេះហើយចូរធ្វើដោយសន្សឹមៗ សិក្សាឱ្យបានច្បាស់ ហើយជឿជាក់លើខ្លួនឯងឱ្យច្រើន ទើបអ្នកអាចចម្រេចបំណងប្រាថ្នារបស់ខ្លួនឯងបាន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook