ការបាត់សាច់ប្រាក់នៅក្នុងអាជីវកម្ម គឺជាបញ្ហាមួយដែលអ្នករកស៊ីភាគច្រើនតែងតែបារម្ភ និងមិនចង់ឱ្យកើតមាននៅក្នុងកន្លែងរបស់ខ្លួនឡើយ។ ប៉ុន្តែទោះជាយ៉ាងណា ដើម្បីឱ្យបញ្ហាបែបនេះអូសបន្លាយរហូតក្លាយជាដំបៅធ្ងន់ធ្ងរ គឺតម្រូវឱ្យម្ចាស់អាជីវកម្មរកដំណោះស្រាយឱ្យបានលឿនបំផុតតាមដែរអាចធ្វើទៅបាន។
ពាក់ព័ន្ធនឹងរឿងសំខាន់មួយនេះដែរ លោក សាន ឫទ្ធី នាយកគ្រប់គ្រង នៃក្រុមហ៊ុន Acclime Cambodia បានចែករំលែកនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹង Business Cambodia ថា «ដើម្បីអាចដោះស្រាយបញ្ហាបាន គឺតម្រូវឱ្យយើងស្គាល់ឫគល់នៃបញ្ហាជាមុនសិន»។ ទន្ទឹមនឹងនោះលោកបានប្រាប់ថា មូលហេតុដែលនាំឱ្យអាជីវកម្មមួយ ចេះតែបាត់សាច់ប្រាក់ គឺកើតឡើងដោយសារតែកត្តាធំៗ៣ ដូចតទៅ៖
១/. វប្បធម៌៖ ពេលខ្លះមនុស្សចូលធ្វើការងារកន្លែងមួយ ហើយប្រព្រឹត្តិការលួចបន្លំ ពុករលួយ ស៊ីសំណូកសូកប៉ាន់ កិបកេងស្ថាប័ន ដោយមិនដឹងខ្លួនថាកំពុងខុស។ នេះគឺដោយសារតែវប្បធម៌កន្លែងមួយនោះ គែគេធ្វើបែបនោះតៗគ្នា រហូតដល់យល់ខុសថាជារឿងធម្មតា។ ឧទាហណ៍ដូចជា វប្បធម៌ជាក់ស្ដែងមួយដូចជា ការដែលបុគ្គលិកស្ថាប័នទទួលលុយពីអតិជន ឬឈានដល់ការនិយាយប្រាប់ភ្ញៀវឱ្យបង់លុយបន្ថែម ដើម្បីទទួលបានសេវាកម្មលឿនជាងអ្នកដទៃជាដើម។ សកម្មភាពបែបនេះជាការធ្វើឱ្យខូចដល់ឈ្មោះស្ថាប័ន ហើយជាទង្វើខុសខ្លាំង ប៉ុន្តែអ្នកខ្លះគាត់មិនដឹងខ្លួន គាត់និយាយថា ឃើញគេធ្វើតែអីចឹង ខ្ញុំធ្វើតាមគេដែរ។
២/. សម្ពាធ៖ មនុស្សទៀងមិនឈ្នះទាល់ សម្ពាធផ្ទាល់ខ្លួន ឬសម្ពាធគ្រួសារ ទាក់ទងនឹងបញ្ហាលុយកាក់អាចធ្វើឱ្យបុគ្គលិក ហ៊ានធ្វើរឿងខុសដើម្បីបានប្រាក់មកដោះស្រាយបញ្ហា។ ហើយសម្ពាធធំមួយដែលថ្នាក់ដឹកនាំក្រុមហ៊ុនតែងមើលរំលងនោះគឺ សម្ពាធរង្វាន់។ លោក ឫទ្ធី ប្រាប់ថា សម្ពាធរង្វាន់ច្រើនកើតទៅលើបុគ្គលិកផ្នែកលក់ នៅពេលដែលក្រុមហ៊ុនដាក់ Target ថាបើលក់បានដល់កម្រិតមួយនឹងទទួលបាន Bonus ឬប្រាក់រង្វាន់ពិសេស។ អ្នកលក់ហេតុតែចង់បានប្រាក់រង្វាន់ សុខចិត្តទៅចរចាជាមួយនឹងអតិថិជនឱ្យបញ្ជាទិញទំនិញ ដើម្បីបានតួលេខរាយការណ៍ទៅថ្នាក់លើយករង្វាន់។ លុះពេលបានរង្វាន់រួចអតិថិជនក៏លុបការបញ្ជាទិញបាន ជាហេតុធ្វើឱ្យប៉ះពាល់ដល់ ចំណូលក្រុមហ៊ុន។
៣/. ឱកាស៖ មនុស្សនិងលុយ ប្រៀបដូចស្រមោចនឹងស្ករ ហើយក៏មិនខុសពីមាន់និងស្រូវឡើយ គ្មានមាន់ណាភ្លើ ឃ្លានហើយមិនស៊ីស្រូវក្បែរខ្លួននោះទេ។ មនុស្សនឹងចេះកិបកេងលុយនៅពេលដែលមានឱកាស ហើយឱកាសជាទូទៅកើតមានបានដោយសារតែការធូររលុងរបស់ថ្នាក់ដឹកនាំនៅក្នុងស្ថាប័ន។ ជួនកាលអាចមកពីហាងគ្មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ លក់ដូរទំនិញគ្មាន System កត់ត្រាត្រឹមត្រូវ ចង់បុគ្គលិកដាក់លុយចូលឬមិនដាក់ចូលក៏គ្មានអ្នកដឹង។ មួយផ្នែកទៀតគឺគ្មានការចងនិងអនុវត្តច្បាប់នៅក្នុងក្រុមហ៊ុនឱ្យបានត្រឹមត្រូវ។
ជាការពិតណាស់ រាល់បញ្ហាដែលកើតមាននៅក្នុងស្ថាប័នគឺត្រូវតែមានការចេញមុខដោះស្រាយពីថា្នក់ដឹកនាំ។ ចំពោះ ២ករណីដំបូង លោកឫទ្ធី ណែនាំឱ្យម្ចាស់អាជីវម្ម ចាប់ផ្ដើមដោះស្រាយដោយការធ្វើការសិក្សាពីអារម្មណ៍ និងតម្រូវការរបស់បុគ្គលិក តាមដានជានិច្ចដើម្បីកុំឱ្យមានវប្បធម៌សូកប៉ាន់នៅក្នុងស្ថាប័ន។ ចំពោះករណីចុងក្រោយវិញ លោកឫទ្ធី លើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មដោះស្រាយដោយប្រើច្បាប់ ក៏ដូចជាបច្ចេកវិទ្យា ចងជាប្រព័ន្ធច្បាស់លាស់ ដើម្បីបញ្ឈប់ឱកាសកុំឱ្យកើតមានបន្តទៀត។
សូមជម្រាបថា លោក សាន ឫទ្ធី មានបទពិសោធន៍ជិត ២០ឆ្នាំ ទៅលើជំនាញគណនេយ្យ ពន្ធដា និងការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងអាជីវកម្ម ហើយលោកក៏ជាម្ចាស់ក្រុមហ៊ុន Acclime Cambodia ដែលផ្ដល់សេវាកម្មលើការរៀបចំប្រព័ន្ធគ្រប់គ្រងគណនេយ្យនៅតាមក្រុមហ៊ុនក្នុងស្រុកឱ្យប្រកបទៅតាមស្ដង់ដារ និងមានភាពល្អប្រសើរ។ ប្រសិនបើលោកអ្នកកំពុងមានបំណងចង់ដោះស្រាយបញ្ហាគ្រប់គ្រងប្រព័ន្ធគណនេយ្យនៅក្នុងស្ថាប័ន លោកអ្នកអាចធ្វើការទំនាក់ទំនងទៅប្រឹក្សាយោបល់ជាមួយអ្នកជំនាញតាមរយៈ Facebook Page ផ្លូវការរបស់ស្ថាប័ន: Acclime Cambodia ឬទូរស័ព្ទលេខ៖ 023215960 ឬទាក់ទងទៅលោកឫទ្ធីដោយផ្ទាល់តាមរយៈ Facebook Page: San Rithy៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook