ជាមួយនឹងគោលបំណងបង្កើនសន្ទុះឧស្សាហកម្ម និងការងារនៅសហរដ្ឋអាមេរិក ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ពន្ធគយកម្រិតខ្ពស់លើប្រទេសជាច្រើនជុំវិញពិភពលោក ក្នុងនោះមហាអំណាចចិនជាប់អត្រាពន្ធ១២៥%។
ជុំវិញការដំឡើងថ្លៃយ៉ាងគំហុកលើផលិតផលនាំចូលនានា ចាប់តាំងពីសម្លៀកបំពាក់ រហូតដល់គ្រឿងអេឡិចត្រូនិក អ្នកវិភាគបច្ចេកវិទ្យាលោក Dan Ives និងជាប្រធានផ្នែកស្រាវជ្រាវបច្ចេកវិទ្យាសកលនៅ Wedbush Securities បានព្រមានថាតម្លៃរបស់ iPhone របស់ក្រុមហ៊ុន Apple អាចឡើងដល់ចន្លោះ៣៥០០ដុល្លារ ប្រសិនបើទូរស័ព្ទនោះត្រូវបានផលិតនៅសហរដ្ឋអាមេរិក។
លោកបានបន្ថែមប្រាប់នៅលើអេក្រង់សារព័ត៌មាន CNN យ៉ាងដូច្នេះថា iPhone ដែលផលិតនៅសហរដ្ឋអាមេរិកអាចនឹងមានតម្លៃថ្លៃជាង៣ដងនៃតម្លៃបច្ចុប្បន្នត្រឹម១០០០ដុល្លារ ព្រោះប្រព័ន្ធផលិតកម្មដ៏ស្មុគស្មាញបច្ចុប្បន្នគឺមាននៅតំបន់អាស៊ី។
ក្នុងនោះបន្ទះឈីបដែលផ្តល់ថាមពលដល់ iPhone ភាគច្រើនផលិតនៅតៃវ៉ាន បន្ទះអេក្រង់របស់ iPhone ផ្គត់ផ្គង់ដោយក្រុមហ៊ុនកូរ៉េខាងត្បូង និងសមាសធាតុមួយចំនួនទៀតត្រូវបានផលិតនៅក្នុងប្រទេសចិន ហើយបង្គុំផលិតសម្រេចចុងក្រោយគឺ នៅសហរដ្ឋអាមេរិក៕
អត្ថបទដោយ៖ ពីង ជូអេង