ដើម្បីឱ្យទំនាក់ទំនងស្នេហាមួយរីកចម្រើនទៅមុខបាន គឺតម្រូវឱ្យមានការចំណាយពេលវេលាស្វែងយល់ពីគ្នាឱ្យបានច្រើន។ ក្នុងនោះដែរការស្វែងយល់ពីបញ្ហាហិរញ្ញវត្ថុ ក៏ជារឿងមួយដែលចាំបាច់ខ្លាំង និងអាចជួយរក្សាចំណងស្នេហាឱ្យរឹងមាំ សម្រាប់ថ្ងៃអនាគតបានដែរ។
ថ្ងៃនេះដែរ Business Cambodia សូមលើកយកនូវសំណួរទាក់ទងនឹងលុយចំនួន៥ ដកស្រង់ចេញពីគេហទំព័រ Well and Good ដែលអាចជួយដៃគូក្នុងការរក្សាចំណងស្នេហាឱ្យរឹងមាំ និងសាងអនាគតដ៏ធូរធារជាមួយគ្នាបាន។ សំណួរអំពីលុយទាំង៥នោះរួមមាន៖
១. តើស្ថានភាពហិរញ្ញវត្ថុរបស់អ្នកយ៉ាងម៉េចដែរ?
ចាប់ផ្ដើមពីការសួរនាំពី ស្ថានភាពហិរញ្ញវត្ថុ របៀបដែលគេតែងតែចាត់ចែងនិងចាយលុយ។ អ្នកត្រូវដឹងដែរថា ឥរិយាបថ នៃការចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួន អាចបង្ហាញពីសមត្ថភាពនៃការដោះស្រាយបញ្ហាលុយកាក់។ ដូច្នេះហើយ បើមនុស្សម្នាក់មានទម្លាប់ចាត់ចែងលុយល្អ និងហ្មត់ចត់ បានន័យថាគេក៏ពូកែដោះស្រាយបញ្ហាលុយកាក់ដែរ។
ហេតុនេះ ពេលពេញវ័យអ្នកក៏គួរតែចេះចាត់ចែងលុយកាក់ឱ្យបានល្អ មិនមែនប្រាថ្នាចង់បានដៃគូរល្អតែខ្លួនឯងបែរជាមិនអើពើយកចិត្តទុកដាក់លើទម្លាប់របស់ខ្លួនឯងនោះទេ។ ចង់បានដៃគូ ពូកែចាត់ចែងលុយ អ្នកត្រូវចាប់ផ្ដើមពីខ្លួនអ្នកពូកែចាត់ចែងលុយដូចគ្នា។
២. តើអ្នកមានបំណុលដែរឬទេ?
បំណុលគឺជាចំណុចក្ដៅមួយ ដែលអ្នកគួរតែសួរកុំរំលងឱ្យសោះ ព្រោះបំណុលមានច្រើនប្រភេទ អាចជាបំណុលល្អឬមិនល្អ។ ដូច្នេះហើយដើម្បីចៀសផុតពីការលាក់បាំងដែលមានទម្រង់ជា ភាពមិនស្មោះត្រង់ផ្នែកហិរញ្ញវត្ថុ អ្នកត្រូវតែដឹងពីប្រវត្តិនៃការជាប់បំណុលរបស់ដៃគូឱ្យច្បាស់សិន។
ប្រភេទនៃបំណុលដែលដៃគូរបស់អ្នកមាន អាចបញ្ជាក់ឱ្យឃើញពីទំនោរ នៃបំណុលគ្រួសារដែលអាចមាននៅក្រោយពេលរៀបការ។ ឧទាហណ៍ជាក់ស្ដែងមួយ ពីរនាក់ប្ដីប្រពន្ធក្រោយរៀបការ ក៏បានរកឃើញថា ប្ដីរបស់ខ្លួនជាប់បំណុលព្រោះតែការលេងល្បែងតាំងពីមិនទាន់ការ ហើយប្ដីនោះក៏បានយកលុយគ្រួសារទៅចំណាយលើបំណុលល្បែងរបស់ខ្លួន និងបន្តបង្កើតបំណុលរហូតប្រពន្ធចាប់បាន។
ករណីប្ដីប្រពន្ធនេះ បង្ហាញឱ្យឃើញថាប្ដី បង្កភាពមិនស្មោះត្រង់ផ្នែកហិរញ្ញវត្ថុ ចុងក្រោយគ្រួសារក៏មានទំនាស់រហូតដល់លែងលះ។ ដូច្នេះហើយទើបការសួរនាំគ្នាមុនរៀបការគឺជារឿងសំខាន់ ដែលអ្នកមិនគួររំលងឡើយ មិនថាអ្នកជាមនុស្សស្រី ឬជាបុរសនោះទេ។
៣. តើយើងនឹងរៀបផែនការហិរញ្ញវត្ថុរួមគ្នារបៀបម៉េចដែរ?
សំណួរបន្ទាប់មកទៀត គឺជាការចោទសួរអំពីគម្រោងអនាគត ដូចជា ពេលការរួចយើងនឹងចាត់ចែងចំណូលដែលរកបានមកដោយរបៀបណា? អ្នកណាអ្នកកាន់លុយ? តើលុយសម្រាប់ចំណាយលើការរស់នៅទាំងស្រុង យើងនឹងសហការគ្នាដោយរបៀបណាជាដើម។
៤. តើថ្ងៃមុខអ្នកចង់បែងចែកកញ្ចប់ចំណាយរបៀបម៉េចដែរ?
ជជែកពីការបង្កើតគណនីធនាគាររួមគ្នា និងលក្ខខណ្ឌបែបណាខ្លះដែលអាចដកលុយរួមយកមកចំណាយបាន។ ជជែកពីតម្លៃទំនិញដែលភាគីទាំងសងខាងចង់ទិញ ដោយកំណត់គ្នាថា តើតម្លៃចាប់ពីប៉ុន្មាននឹងត្រូវពិភាក្សាគ្នាមុនសម្រេចចិត្តទិញ។ ឧទាហរណ៍ដូចជា បើចង់ទិញរបស់តម្លៃចាប់ពី ១០០ដុល្លារឡើងទៅ ដៃគូគួរតែសួរយោបល់គ្នាមុននឹងទិញជាដើម។
៥. តើអ្នកមានគោលដៅហិរញ្ញវត្ថុ ឬមានក្ដីស្រមៃបែបណាដែរ?
សួរនាំគ្នាពីគោលដៅហិរញ្ញវត្ថុ ដែលគេចង់បានសម្រាប់ថ្ងៃអនាគត ដូចជាផែនការយកកូន ឬផែនការចូលនិវត្តន៍ជាដើម។ ផែនការទាំងអស់នោះសុទ្ធតែត្រូវការការសហការណ៍ ជួយគ្នាសន្សំ ឬជាប្រភេទការចំណាយធំៗខ្លាំងប្រចាំជីវិតជាដើម។
សូមជម្រាបផងដែរថា កុំគិតថាមិនទំនងដែលត្រូវទៅសួរដៃគូនូវសំណួរដែលបានរៀបរាប់ខាងលើនេះ។ ផ្ទុយទៅវិញអ្នកត្រូវដឹងថា ប្រសិនបើអ្នកទាំង២ ពិតជាច្បាស់លាស់ និងមានគម្រោងចង់រៀបការជាមួយគ្នាឆាប់ៗនេះពិតមែន ការនិយាយពីបញ្ហាហិរញ្ញវត្ថុគឺជារឿងចាំបាច់បំផុត។ ចម្លើយដែលភាគីទាំង២ទទួលបាន អាចបញ្ជាក់ពីភាពច្បាស់លាស់នៃទំនាក់ទំនង ហើយក៏សំខាន់ខ្លាំងសម្រាប់ជីវិតក្រោយរៀបការផងដែរ៕