CL មានឈ្មោះពេញថា Lee Chae-rin ត្រូវបានគេស្គាល់យ៉ាងច្បាស់នៅពេលដែលគាត់ ធ្វើជាមេក្រុមចម្រៀងស្រី 2NE1។ ក្រោយពេលក្រុម 2NE1 ត្រូវបានរំសាយ CL បានបន្តដំណើរលើវិស័យ K-POP ក្នុងនាមជាតារាចម្រៀងទោល និងតារារ៉េបម្នាក់។
គេហទំព័រ Channel Korea បានឱ្យដឹងទៀតថា បន្ទាប់ពីឆ្លងកាត់ព្យុះភ្លៀងនៃការប្រកួតប្រជែង ក្រោមវិស័យ K-POP អស់រយៈពេលជាង១ទសវត្ស CL សន្សំទ្រព្យបានប្រមាណជាង ៨លានដុល្លារ។ ថ្វីត្បិតតែក្រុម 2NE1 លែងដំណើរការខ្លាំងដូចមុន តែក៏ធ្លាប់ជាប់ឈ្មោះជាក្រុមចម្រៀងដ៏ល្បីល្បាញមួយមានចំណូលសរុបខ្ទង់ ៥០លានដុល្លារ ហើយទ្រព្យរបស់ CLភាគច្រើនក៏បានមកនៅពេលដែលគាត់ជាសមាជិកក្រុមមួយនេះដែរ។
ប្រភាពចំណូលសំខាន់ៗរបស់ CL រួមមាន ការចេញបទចម្រៀង ការប្រគុំតន្ត្រី កិច្ចព្រមព្រៀងទស្សនាវដ្តី ការបង្ហាញម៉ូដ។ ក្រៅពីនោះដោយសារតែ CL ត្រូវបានទទួលស្គាល់ដោយសមាគមរក្សាសិទ្ធិតន្រ្តីកូរ៉េ គាត់ក៏បានចូលរួមសរសេរនិងនិពន្ធបទចម្រៀងជាច្រើន ដែលជាប្រភពនៃចំណូលមួយផ្នែកទៀត។
មិនត្រឹមតែជាតារាចម្រៀងល្បីឈ្មោះលំដាប់ពីភពលោកឡើយ CL ក៏ធ្លាប់ចាប់យកឱកាសធ្វើជាតារាសម្ដែងថែមទៀតផង។ គាត់បានថតរឿងហូលីវូដ មួយមានចំណងជើងថា Mile 22 ដោយសម្ដែងជាតួអង្គម្ចាស់ក្សត្រី។
សូមជម្រាបផងដែរថា CL បានមកដល់ប្រទេសកម្ពុជាយើង២លើកហើយ ដែលលើកទី១គឺនៅឆ្នាំ ២០១៧ ក្នុងកម្មវិធី Smart Mega Concert របស់ក្រុមហ៊ុនស្មាត។ ចំណែកឯលើកទី២ គាត់ចូលរួមក្នុងកម្មវិធី Vattanakវ All In Festival របស់ក្រុមហ៊ុនស្រាបៀរវឌ្ឍនៈ៕
អត្ថបទដោយ៖ សូ សុខលី