លោក ព្រំ សំណាង គឺជាកីឡាករគុនខ្មែរលំដាប់កំពូលមួយរូបរបស់ប្រទេសកម្ពុជា និងមានកេរ្តិ៍ឈ្មោះល្បីសាយភាយក្នុងតំបន់អាស៊ី។ មិនតែប៉ុណ្ណោះ មុននេះបន្តិច លោកបានយកឈ្នះខ្សែក្រវ៉ាត់ក្នុងព្រឹត្តិការណ៍ Thai Fight ក្នុងប្រទេសថៃដោយផ្តួលគូប្រកួតសន្លប់ត្រឹមទឹកទីមួយ ល្បីពេញស្រុកថៃ។ តើបុរសម្នាក់នេះមានប្រវត្តិបែបណាខ្លះលើសមរភូមិក្បាច់គុន?
កីឡាករគុនខ្មែរវ័យ៣០ឆ្នាំ ព្រំ សំណាង មានកម្ពស់ ១,៨៣ម៉ែត្រ ទម្ងន់៧៥គីឡូក្រាម ធ្លាប់ប្រកួតចំនួន ១១៨ដង ឈ្នះចំនួន១១៣ដង ចាញ់ចំនួន០២ដងគត់ និងស្ទើរចំនួន០៣ដង។ លើសពីនេះ លោក ព្រំ សំណាង បានបង្កើតប្រវត្តិសាស្ត្រឱ្យខ្លួនឯង ដោយ៨ប្រកួតចុងក្រោយ រូបលោកមិនដែលស្គាល់ពាក្យថាចាញ់ ខណៈបានផ្តួលដៃគូឱ្យសន្លប់រហូតដល់ទៅ៧ដងឯណោះ។
យ៉ាងណាមិញ លោកក៏ត្រូវបានគេស្គាល់ថាជាអ្នកប្រដាល់ចិត្តធំ មិនចេះខ្លាច មិនចេះញញើត ព្រមទាំងចូលវាយមិនចេះបន្ធូរដៃឱ្យដៃគូនោះឡើយ និងដើម្បីឱ្យកីឡាករ ព្រំ សំណាង បញ្ចេញសមត្ថភាព និងត្រៀមសម្រាប់ស៊ីហ្គេម ដែលកម្ពុជាជាម្ចាស់ផ្ទះ និងក្នុងនាមជាអត្តពលិកតំណាងឱ្យកម្ពុជាម្នាក់ផងដែរ។ កីឡាករជើងខ្លាំងទម្ងន់ធ្ងន់រូបនេះ បានលើកឡើងថា «ខ្លួនពិតជារំភើប សម្រាប់ការចុចឈ្មោះឲ្យចូលជម្រើសជាតិ ដើម្បីត្រៀមវាយនៅស៊ីហ្គេម ក្នុងទម្ងន់៨១គីឡូក្រាម ហើយរូបលោកបានចាត់ទុកថានេះក៏ជាឱកាសដ៏មានតម្លៃដើម្បីកសាងស្នាដៃជូនជាតិផងដែរ»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)