ល្អណាស់! ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន ស៊ីភី ជួបគ្នាដើម្បីបង្កើនការដាក់លក់ផលិតផលខ្មែរក្នុង 7-Eleven
ធី ស្រីល័ក្ខMARCH 14 202540 views

កាលពីថ្មីៗនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូមកពីក្រុមហ៊ុន ស៊ីភី (CP ALL Cambodia) ដើម្បីពិភាក្សាអំពីការដាក់លក់ផលិតផលខ្មែរកាន់តែច្រើននៅក្នុងផ្សារ 7-Eleven ។ នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាន។

 

ចំពោះកិច្ចប្រជុំនេះ មានគោលបំណងបង្កើតកិច្ចសហការ ក្នុងការពង្រឹងសមត្ថភាព និងគុណភាពផលិតផលរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ឱ្យស្របតាមស្តង់ដារទីផ្សារ។ នៅក្នុងនោះដែរ ក្រុមហ៊ុន CP ដែលដំណើរការផ្សារ 7-Eleven នៅកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការ ដាក់​លក់ផលិតផលកម្ពុជា ដែលបច្ចុប្បន្នមានចំណែកប្រមាណ ១០% នៃផលិតផលដែលបានដាក់លក់នៅក្នុងផ្សារ 7-Eleven ហើយគ្រោងបង្កើនចំណែកលក់នេះ។

៧

ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនកសាងបណ្តាញធុរកិច្ចកាន់តែទូលំទូលាយជាមួយក្រុមហ៊ុនផលិតក្នុងស្រុកដែលមានសក្តានុពល តាមរយៈដៃគូ ដូចជាសហគ្រិនខ្មែរ ដើម្បីផ្តល់ការបណ្តុះបណ្តាលនិងការណែនាំអំពីឧត្តមានុវត្តន៍ក្នុងការធ្វើនវានុវត្តន៍និងការប្រើប្រាស់បច្ចេកវិទ្យា ដោយផ្តោតលើកិច្ចសហការការ និងសម្របសម្រួល ដើម្បីបំពេញតាមស្តង់ដារផលិតកម្មចំណីអាហារ។

៥

ជាចុងក្រោយឯកឧត្តម ក៏បានអញ្ជើញក្រុមហ៊ុនឱ្យសាកល្បងប្រើប្រាស់សេវាតេស្តវិភាគផ្នែកគីមីអាហារនៅមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងសហការជាមួយវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ដែលអាចជួយដល់ការលើកកម្ពស់គុណភាព និងសុវត្ថិភាពចំណីអាហារ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ឱ្យផលិតផលក្នុងស្រុកឈានចូលក្នុងទីផ្សារបានកាន់តែទូលំទូលាយ៕

៥

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia