បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការសិក្សាគម្រោងផ្លូវក្រវាត់ក្រុងខ្សែទី២ ដែលតភ្ជាប់ពីស្ពានមិត្ដភាពកម្ពុជា-កូរ៉ (ផ្សាររាត្រី-អរិយក្សត្រ) ទៅកាន់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានទីតាំងស្ថិតនៅខេត្ដកណ្ដាល។ ដោយការសាងសង់ផ្លូវនេះ គឺដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ។
របាយការណ៍ប្រចាំឆ្នាំ២០២៤ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣ - ២០៣៣ ដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថា គម្រោងផ្លូវក្រវាត់ក្រុងខ្សែទី២នេះ មានប្រវែងសរុប ២១.៥ គីឡូម៉ែត្រ មានទីតាំងស្ថិតនៅក្នុងខេត្ដកណ្ដាល។ តាមការប៉ាន់ស្មាន គម្រោងនេះត្រូវការទុនវិនិយោគប្រមាណ ៧៥.២៥ លានដុល្លារ ខណៈថវិកាសម្រាប់ការសាងសង់គឺទទួលបានពីហិរញ្ញប្បទានសម្បទានមកពីប្រទេសចិន។
គួររំលឹកផងដែរថា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ កន្លងទៅរាជរដ្ឋាភិបាលបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវាត់ក្រុងទី៣ ដែលបច្ចុប្បន្នត្រូវបានប្ដូរឈ្មោះជា មហាវិថី ស៊ី ជីនពីង មានប្រវែងជិត៥៣គីឡូម៉ែត្រឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយបានចំណាយថវិកាសរុប ប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ហើយរាជរដ្ឋាភិបាល កម្ពុជាចូលរួមថវិកាបដិភាគសម្រាប់ការដោះស្រាយ ផលប៉ះពាល់ ការបោសសម្អាតមីននិងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ ពន្ធ និងសួយសារអាករ៕