នៅព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រចំនួន60នាក់ រួមមាននិស្សិតជ័យលាភីពានផែនការអាជីវកម្មលេចធ្លោចំនួន2នាក់ ជ័យលាភីពានអ្នកដឹកនាំវ័យក្មេងឆ្នើម៦ និងជ័យលាភីពានសហគ្រិនវ័យក្មេងឆ្នើម៤ និងនិស្សិតទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ។
ក្នុងកម្មវិធីដ៏ឱឡារិក និងមហាអស្ចារ្យនេះឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា និងលោកជំទាវ សូ សេរីវឌ្ឍនាបានសម្តែងនូវក្តីរីករាយក្រៃលែង ដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានស៊ីអ៊ីអូ។ ឯកឧត្តមបានកោតសរសើរ និងអបអរសារដល់និស្សិតជ័យលាភីនិងម្ចាស់ពានទាំងអស់ និងបានថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាល ដែលបានផ្តល់ជាថវិការ ពេលវេលា និងឱកាសឱ្យកូនបន្តរៀនថ្នាក់មហាវិទ្យាល័យរហូតបញ្ចប់ទទួលបានជោគជ័យនៅថ្ងៃនេះ។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ផងដែរថា និស្សិតដែលបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានស៊ីអ៊ីអូ ជានិម្មិតរូបនៃភាពរឹងមាំ និងរីកចម្រើន ដ៏វិសេសវិសាលសម្រាប់យុវជនកម្ពុជា ដែលនិស្សិតបានឆ្លងកាត់ការហ្វឹកហាត់បែបនុវានុវត្តន៍នៃការអប់រំថ្មីមួយខុសគេ ដែលតម្រូវឱ្យនិស្សិតរៀនតាមរយៈការធ្វើការយកបទពិសោធន៍រកប្រាក់ចំណូលផង និង រៀនទ្រឹស្តីបែបអនុវត្តនៅក្នុងថ្នាក់ផង តាមក្បួនរៀនអនុវត្តជាក់ស្តែង ៨០% និង រៀនទ្រឹស្តី ២០% ហើយនិស្សិតពិតជាបានឆ្លងកាត់នូវការយកឈ្នះបញ្ហា ឧបសគ្គនិងការលំបាកជាច្រើន តែលទ្ធផលនៃភាពរឹងមាំ និង ភាពរីកចម្រើន ដែលនិស្សិតទទួលបានត្រឡប់មកវិញ គឺពិតជាមិនអាចកាត់ថ្លៃបាន ដែលនិស្សិតធម្មតាទូទៅរៀនតែទ្រឹស្តីក្នុងថ្នាក់មិនមានការអនុវត្ត កម្រនឹងមានឱកាសទទួលបានលទ្ធផលបែបនេះ។
នៅក្នុងឱកាសនោះដែរ សាស្រ្តាចារ្យ គង់ ចន្ថា ដែលជាសាស្រ្តាចារ្យ និងជានិយោជក បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះនិស្សិតនៃវិទ្យាស្ថានស៊ីអ៊ីអូថា ពិតជានិស្សិតដែលមានការប្រឹងប្រែង មានសមត្ថភាព មានចំណេះដឹង ចំណេះធ្វើ និងជាភ័ព្វសំណាងដែកលោកបានបង្រៀន និងទទួលនិសិស្សយកទៅធ្វើការជាមួយ។
ជាមួយគ្នានេះដែរ អាណាព្យាបាលរបស់និស្សិត សៀក ពេជ្ររចនា បានមានវាចាថ្លែងក្នុងកម្មវិធីនាពេលនោះផងដែរថា ការដែលលោកបានវិនិយោគឱ្យកូនមករៀននៅវិទ្យាស្ថានពិតជាមានសារៈសំខាន់ បានផ្តល់អត្ថប្រយោជន៍ដល់និស្សត និងបង្កើនគុណវុឌ្ឍិ បទពិសោធ ចំណេះដឹង ជំនាញសម្រាប់និស្សិតដែលអាចបង្កើតចំណូលបានក្នុងកំឡុងពេលរៀន។ លោកក៏បានអរគុណដល់វិទ្យាស្ថានដែលបានរៀបចំការបង្រៀននិស្សិតបានយ៉ាងល្អផងដែរ។
លើសពីនេះទៅទៀតកញ្ញា សយ ចាន់ដេង ជានិស្សិតនិងជាម្ចាស់ជ័យលាភីពានផែនការអាជីវកម្មលេចធ្លោ ជ័យលាភីពានអ្នកដឹកនាំវ័យក្មេងឆ្នើម បានមានចំណាប់អារម្មណ៍រំភើបពន់ពេកដែលខ្លួនបានខិតខំតស៊ូពីក្មេងស្រីម្នាក់ដែលខ្សោយ ប្រឹងប្រែងរហូតជោគជ័យដល់សព្វថ្ងៃនេះ ក៏ដោយសារតែមានការរួមចំណែកពីវិទ្យាស្ថានដែលមានកម្មវិធីសិក្សាល្អៗ ខ្លីខ្លឹម ហើយសាស្រ្តាចារ្យមានបទពិសោធ មានមេរៀនល្អៗដែលរៀនហើយងាយស្រួលយកមកអនុវត្តក្នុងការងារជាក់ស្តែង និងដឹងគុណជូនចំពោះឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ដែលបានបង្កើតវិទ្យាស្ថាននេះមក។ គួរបញ្ជាក់ថាបច្ចុប្បន្នកញ្ញាជាប្រធានដឹកនាំកម្មវិធីសិក្សា Hybrid Workplace-Classroom-E-Learning Platform , Ai School of Cambodia , Learn Online Cambodia នៃក្រុមហ៊ុនឡាយហ៍អេឌ្យូខេសិនផងដែរ។
មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិតអោមសេងបូរ៉ាបញ្ជាក់ផងដែរថាវិទ្យាស្ថានស៊ីអ៊ីអូបានធ្វើការអភិវឌ្ឍកម្មវិធីសិក្សាបែបនវានុវត្តន៍ថ្មីមួយកម្រិតថែមទៀតដោយដាក់បញ្ចូលកម្មវិធី Hybrid Workplace-Classroom-E-Learning Platform តាមក្បួន 40-40-20 ដែលមានន័យថា រៀនតាមរយៈការធ្វើការចំនួន 40% រៀនតាមប្រព័ន្ធ E-Learning ចំនួន 40% ហើយរៀនតាមរយៈការប្រឹក្សាយោបល់ផ្ទាល់ជាក់ ស្តែងចំនួន 20%។
បន្ទាប់មក ឯកឧត្តមបណ្ឌិតបានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូននិស្សិតទាំងអស់នៅក្នុងបរិយាកាសដ៏អស្ចារ្យ ស្និទ្ឋស្នាល និង សប្បាយរីករាយក្រៃលែងបំផុតដែលបានបន្សល់ទុកស្នាមញញឹមនិស្សិត អាណាព្យាបាល សាស្រ្តាចារ្យ ថ្នាក់ដឹកនាំជាប្រវត្តិសាស្រ្តថ្មី និងការចងចាំដ៏អស្ចា្ររ្យផងដែរ៕
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននិស្សតដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថានស៊ីអ៊ីអូ និស្សិតមួយចំនួនបានបើកដំណើរការអាជីវកម្មផ្ទាល់ខ្លួន រីឯនិស្សិតមួយចំនួនទៀតបានក្លាយជាថ្នាក់ដឹកនាំ និងប្រធានផ្នែកជាដើម។
☎️ប្រឹក្សាយោបល់ឥឡូវនេះតាមរយៈ
📲010 38 6543
📲023 6666 999
🌐https://t.me/ceomasterclub_official