គិតទល់ពេលនេះខេត្ដចំនួន ៩ ហើយដែលបានបញ្ចប់ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធ ដោយក្នុងនោះរួមមាន៖ ខេត្ដកំពង់ចាម ខេត្ដស្វាយរៀង ខេត្ដសៀមរាប ខេត្ដកំពង់ស្ពឺ ខេត្ដតាកែវ ខេត្ដមណ្ឌលគិរី ខេត្ដកែប ខេត្ដព្រះសីហនុ និងខេត្ដកណ្ដាល។ ក្នុងនោះខេត្ដចំនួន ៤ គឺ ខេត្ដកំពង់ចាម ខេត្ដស្វាយរៀង ខេត្ដសៀមរាប និងខេត្ដកំពង់ស្ពឺ ត្រូវបានរៀបចំពិធីប្រកាសបិទបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រពន្ធជាផ្លូវការរួចរាល់។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលបានឲ្យដឹងទៀតថា ចំពោះរាជធានី/ខេត្ដចំនួន ១៦ ទៀតក៏នឹងបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជាបន្ដបន្ទាប់នាពេលខាងមុខ យ៉ាងយូរត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៥ នេះ ហើយការចុះបញ្ជី និងការផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ បាននិងកំពុងដំណើរការជាបន្ដបន្ទាប់ដូចភ្លៀងរលឹម ស្របតាមនីតិវិធី។
ទន្ទឹមនេះ ចំពោះម្ចាស់ក្បាលដីដែលពុំបានចូលរួមក្នុងការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រពន្ធ នាពេលកន្លងមក អាចស្នើសុំធ្វើការវាស់វែង និងចុះបញ្ជីជាក្រោយបាន។ ម្យ៉ាងទៀត ចំពោះក្បាលដីដែលកំពុងមានវិវាទ អាចធ្វើការវាស់វែង និងចុះបញ្ជីបាននៅពេលករណីវិវាទនោះត្រូវបានដោះស្រាយចប់សព្វគ្រប់ជាស្ថាពរតាមនីតិវិធី។
តាមការបញ្ជាក់ពីឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ការវាស់វែង និងចុះបញ្ជីដីធ្លីនេះ នឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដូចជា៖
១. ផ្ដល់កម្មសិទ្ធិជូនប្រជាជនដែលមិនទាន់មានបណ្ណកម្មសិទ្ធិលើដីធ្លីរបស់ខ្លួន
២. បញ្ចប់វិវាទ ឬទំនាស់ដីធ្លីរវាងប្រជាជន និងប្រជាជន ពីព្រោះថាការចុះបញ្ជីនឹងទទួលបានបណ្ណកម្មសិទិ្ធដីធ្លី ដែលវាបានបញ្ជាក់ថា ដីនោះ គឺជាកម្មសិទ្ធិរបស់អ្នកណាម្នាក់ ហើយនៅពេលចុះវាស់វែង និងចេញបណ្ណកម្មសិទ្ធិហើយនោះ គឹមិនអាចតវ៉ា ឬមានវិវាទនឹងគ្នាបានទៀតឡើយ
៣. ការចុះបញ្ជីដីធ្លី ក៏អាចកំណត់ថា ដីណាជាប្រភេទដីកសិកម្ម ហើយដីណាជាប្រភេទដីសម្រាប់លំនៅឋាននិងឧស្សាហកម្មដែរ៕