កាលពីពេលថ្មីៗនេះប្រទេសអារ៉ាប៊ីសាអូឌីត កំពុងទាក់ទាញចំណាប់អារម្មណ៍ពីពិភពលោកម្ដងទៀត តាមរយៈគម្រោងសាងសង់នូវទីក្រុងទំនើបមួយ ភាគច្រើនសាងសង់ឡើងពីកញ្ចក់ ដែលមានឈ្មោះថា The Line គឺជាអាគារដែលមានទទឹង២០០ម៉ែត្រ និងមានបណ្ដោយ ១៧០គីឡូម៉ែត្រ ព្រមទាំងដើរតួជាទីក្រុងបញ្ឈរដែលត្រូវបានរចនាឡើងកម្ពស់៥០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ វានឹងលាតសន្ធឹងលើផ្ទៃដី៣៤ គីឡូម៉ែត្រការ៉េ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN។
បើយោងតាមអ្នករចនាអគារទីក្រុងនេះ អះអាងថា The Line នឹងដំណើរការទាំងស្រុងលើថាមពលកកើតឡើងវិញ ដោយមិនមានផ្លូវរថយន្ត ឬការបំភាយឧស្ម័ន និងមានផ្លូវរថភ្លើងល្បឿនលឿននឹងតភ្ជាប់ផ្នែកពីចុងម្ខាង ទៅដល់ចុងម្ខាងទៀតនៃ The Line ដែលធ្វើឱ្យទីក្រុងនេះ មិនត្រូវការរថយន្ត ឬម៉ូតូសម្រាប់ធ្វើដំណើរនោះទេ។ អ្វីដែលស្ទើរតែមិនគួរឱ្យជឿគឺ The Line ត្រូវបានគេប៉ាន់ស្មានថាអាចផ្ទុកមនុស្សបានរហូតដល់ទៅ៩លាននាក់ និងអាចទាក់ទាញអ្នកទេសចរ បានដល់ទៅ ១០០លាននាក់ និងទាញចំណូលចូលសេដ្ឋកិច្ចប្រទេសរាប់ពាន់លានដុល្លារឯនោះ។
ថ្វីត្បិតតែមនុស្សភាគច្រើនបានដឹងពីគម្រោងដ៏អស្ចារ្យមួយនេះ ប៉ុន្តែប្រហែលមនុស្សភាគច្រើនមិនទាន់បានស្គាល់ច្បាស់ថាអ្នកណាជាបុគ្គលសំខាន់បំផុតមួយរូប នៅពីក្រោយគម្រោងដ៏អស្ចារ្យនេះនៅឡើយនោះទេ។
មេដឹកនាំដែលជាអ្នកផ្ដើមគំនិតលើការសាងសង់ទីក្រុងទំនើបមួយនេះគឺ ព្រះអង្គម្ចាស់ Mohammed bin Salman បច្ចុប្បន្នមានវ័យ៣៦ឆ្នាំ បានចូលកាន់តំណែងជាអ្នកដឹកនាំក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលគាត់បានប្រកាសជាផ្លូវការនៅក្នុងខែមេសា ឆ្នាំ២០១៦ នៅពេលដែលគាត់បានណែនាំចក្ខុវិស័យឆ្នាំ ២០៣០ ដែលជាទិសដៅយុទ្ធសាស្ត្ររបស់ប្រទេសសម្រាប់រយៈពេល១៥ ឆ្នាំខាងមុខ។ ចក្ខុវិស័យឆ្នាំ ២០៣០ គ្រោងនឹងធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ឆ្ពោះទៅរករចនាសម្ព័ន្ធចម្រុះ និងឯកជនភាពជាងមុន។ វារៀបរាប់លម្អិតអំពីគោលដៅ និងវិធានការក្នុងវិស័យផ្សេងៗ ចាប់ពីការអភិវឌ្ឍន៍ចំណូលមិនមែនប្រេង និងការធ្វើឯកជនភាវូបនីយកម្មសេដ្ឋកិច្ច រហូតដល់រដ្ឋាភិបាលអេឡិចត្រូនិក និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ជារួមមកវិញ ចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់មេដឹកនាំ គឺមានសារៈសំខាន់ខ្លាំងបំផុត ក្នុងការដឹកនាំប្រទេស ស្ថាប័ន ក្រុមហ៊ុន អាជីវកម្ម ឱ្យមានភាពរីកចម្រើនទៅមុខ។ មនុស្សធម្មតាអាចសម្លឹងឃើញអនាគតត្រឹមតែជំហានទី១ ប៉ុន្តែមេដឹកនាំដែលលេចធ្លោ អាចសម្លឹងឃើញអនាគតស្ទើរតែ១០០ជំហានទៅហើយ៕
អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)
តេឡេក្រាម៖ 096 351 7713