ធនាគារ ព្រីនស៍ ម.ក-Prince Bank Plc គឺជាគ្រឹះស្ថានហិរញ្ញវត្ថុមួយ ដែលបានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៥ នឹងបានប្រែក្លាយខ្លួនទៅជាធនាគារពាណិជ្ជក្រោយទទួលបានអាជ្ញាបណ្ណ័ពីធនាគារជាតិនៃកម្ពុជាក្នុងឆ្នាំ២០១៨។
ជាធនាគារដែលបានផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដល់បុគ្គល សហគ្រាសធុនតូចនិងមធ្យម (SMEs) និងអាជីវកម្មខ្នាតធំ ធនាគារព្រីនមានថ្នាក់ដឹកនាំសំខាន់ៗរូបណាខ្លះ?
លោក ហ៊ន់ សុរចនា នឹងចូលមកកាន់តំណែងក្រុមប្រឹក្សាភិបាល (Chairman) ជំនួស អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលអ្នកឧកញ៉ាបានលាលែងពីតំណែងជាប្រធានក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ តទៅ។
ខណៈពេលដែល អ្នកឧកញ៉ា ចេន ហ្ស៊ី នឹងនៅតែបន្តដើរតួយ៉ាងសំខាន់សម្រាប់ធនាគារព្រីន ស្របពេលដែលអ្នកឧកញ៉ាត្រូវផ្តោតការពេលយកចិត្តទុកដាក់ខ្លាំងលើការជំរុញកំណើនអាជីវកម្មទាំងអស់នៅក្នុងសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុបទាំងមូល។
ជាអតីតប្រធាននាយកប្រតិបត្តិនៃធនាគារព្រីនពីឆ្នាំ ២០១៥ ដល់ឆ្នាំ២០២៤ មួយរូបផងនោះ លោក ហ៊ន់ សុរចនា បានធ្វើការអស់រយៈពេលជាង១០ឆ្នាំ នៅក្នុងផ្នែកគ្រប់គ្រងជាន់ខ្ពស់នៅក្នុងវិស័យធនាគារ និងធានារ៉ាប់រង។ លោកបានទទួលការសិក្សាពីប្រទេសបារាំងនិងទទួលបានសញ្ញាប័ត្រ M.A. ក្នុងការគ្រប់គ្រងអន្តរជាតិ Audencia Nantes និងសាលាគ្រប់គ្រងពាណិជ្ជកម្ម Nantes នាប្រទេសបារាំងក្នុងឆ្នាំ២០០៨ និងបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០០៣។
ក្នុងនោះនាយកប្រតិបត្តិថ្មី (CEO) ដែលនឹងដឹកនាំធនាគារព្រីនទៅជំហានបន្ទាប់គឺ លោក Looi Kok Soon ជាធនាគារិកដែលមានបទពិសោធន៍៣០ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ និងសហគ្រិនភាព។
លោកធ្លាប់បានកាន់មុខតំណែងជាអ្នកដឹកនាំ និងប្រតិបត្តិការនៅធនាគារជាច្រើននៅក្រៅប្រទេសដូចជា OCBC Bank Malaysia, EON Bank Malaysia, និង Standard Chartered Bank នៅអាស៊ីអាគ្នេយ៍ជាដើម។ លោកបានទទួលការសិក្សានិងបញ្ចប់ថា្នក់បានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចគណនេយ្យ ពីសាកលវិទ្យាល័យ Adelaide នៅប្រទេសអូស្ត្រាលី។
យ៉ាងណាមិញក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំឆ្នើមៗរូបនេះ បច្ចុប្បន្នធនាគារ ព្រីនស៍ ម.ក មានសាខាចំនួន ៣៦ ហើយស្ថិតនៅតាមបណ្តាខេត្ត-ក្រុងនិងមានទូរអេធីអ៊ឹមចំនួន ៨៣ ទីតាំងនៅទូទាំងប្រទេសកម្ពុជា ជាមួយនឹងមានទ្រព្យសកម្មប្រមាណ៤០០លាន នៅក្នុងឆ្នាំ២០១៩៕
អត្ថបទដោយ៖ ពីង ជូអេង