កាលពីពេលថ្មីៗនេះ ព្រះអង្គម្ចាស់ Mohammed Bin Salman ដែលជារាជទាយាទស្នងតំណែង និងជាប្រមុខដឹកនាំអារ៉ាប៊ីសាអូឌីតក្រៅផ្លូវការ បានទទួលបានការតែងតាំងជានាយករដ្ឋមន្ត្រីជាផ្លូវការ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ស្ថិតក្នុងវ័យ៣៧ឆ្នាំ និងក្នុងនាមជាប្រមុខដឹកនាំតំណាងប្រទេសមួយរូប ព្រះអង្គម្ចាស់ Mohammed Bin Salman ក៏ធ្លាប់បានកាន់កាប់តួនាទីសំខាន់ៗរបស់ជាតិរួចទៅហើយរួមមានដូចជា សន្តិសុខជាតិ សេដ្ឋកិច្ច និងប្រេងជាដើម គ្រាន់តែគ្រាកន្លងមក មិនទាន់មានការតែងតាំងជាផ្លូវការតែប៉ុណ្ណោះ។ យ៉ាងណាមិញ សម្រាប់ការតែងតាំងជាផ្លូវការនាពេលនេះ គឺធ្វើឡើងស្របពេលដែលព្រះបិតារបស់ទ្រង់ ឈានចូលដល់វ័យកាន់តែចំណាស់ និងសុខភាពកាន់តែជរា ស្ថិតក្នុងការតាមដានសុខភាពយ៉ាងម៉ឹងម៉ាត់ផងដែរ។
ក្នុងនាមជាក្បាលម៉ាស៊ីនដឹកនាំ ព្រះអង្គម្ចាស់ បានឈានទៅមុខជាមួយនឹងចក្ខុវិស័យចង់កសាងទីក្រុងអនាគតថ្មីដ៏ធំគឺ Neom ដែលជាផ្នែកមួយនៃចក្ខុវិស័យឆ្នាំ ២០៣០ របស់គាត់ ដើម្បីផ្លាស់ប្តូរពីប្រទេសដែលមានសេដ្ឋកិច្ច ពឹងផ្អែកលើប្រេងទៅជា ពឹងលើពាណិជ្ជកម្ម និងទេសចរណ៍ឱ្យខ្លាំងជំនួសវិញ។
បើទោះបីជាស្ថិតក្នុងមុខតំណែងជាប្រមុខរដ្ឋ ព្រះអង្គម្ចាស់ Mohammed Bin Salman ក៏ត្រូវបានគេស្គាល់ថាជាអ្នកវិនិយោគមួយរូបផងដែរ ព្រោះលោកក៏ធ្លាប់បានបោះទុនវិនិយោគជាមួយមហាសេដ្ឋីជប៉ុន Masayoshi Son រហូតដល់ទៅ៤៥ពាន់លានដុល្លារផងដែរ ក្រោយពេលដែលស្ដាប់ការធ្វើបទបង្ហាញរបស់មហាសេដ្ឋីជប៉ុន ត្រឹមរយៈពេល៤៥នាទី អំពី ទស្សនៈ Singularity ដែលជាទស្សនៈវិស័យអនាគតទាយថា នៅរយៈពេល ៣០ឆ្នាំទៅមុខទៀត ស្ទើរតែគ្រប់ផ្នែកទាំងអស់របស់កុំព្យូទ័រ នឹងមានសមត្ថភាពពូកែជាងខួរក្បាលមនុស្ស។
ជាចុងក្រោយ សម្រាប់បំណងប្រាថ្នា ព្រះអង្គម្ចាស់ធ្លាប់ពោលថា៖ “ខ្ញុំខ្លាចថាថ្ងៃដែលខ្ញុំស្លាប់ ខ្ញុំនឹងស្លាប់ដោយមិនបានសម្រេចនូវអ្វីដែលមាននៅក្នុងចិត្តរបស់ខ្ញុំ។ ជីវិតខ្លីពេក ហើយមានរឿងជាច្រើនអាចកើតឡើង ហើយខ្ញុំពិតជាចង់ឃើញវាដោយផ្ទាល់ភ្នែកខ្ញុំ ហើយនេះជាមូលហេតុដែលខ្ញុំធ្វើអ្វីៗប្រញាប់ប្រញាល់បំផុត”៕