សម្រាប់អ្នកភ្នំពេញដែលអត់មានស្រុកកំណើតទៅលេងហ្នឹងគេ ហើយមិនចង់ដើរលេងហាលថ្ងៃក្តៅ កុំភ្លេចទៅលេង "មេហ្គាសង្រ្កាន្ត ខ្យល់ត្រជាក់" ដែលនឹងមានរៀបចំកម្មវិធីសប្បាយៗបែបប្រពៃណីខ្មែរ។
កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី១២ ដល់ថ្ងៃទី១៦ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៩យប់ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។
ដោយនៅក្នុង "មេហ្គាសង្រ្កាន្ត ខ្យល់ត្រជាក់" នឹងមានកម្មវិធីសម្តែងរបាំប្រពៃណី រួមមានរបាំក្ងោកប៉ៃលិន របាំមណីមេខលា របាំកណ្តូបសេះ របាំត្រុដិ របាំទេពមនោរម្យ របាំទេវស្រីសួគ៌ របាំច្រូតស្រូវ របាំក្រាបនិងរបាំកូរសមុទ្រទឹកដោះ ដែលជាការសម្តែងរបស់សិល្បករ-សិល្បការិនី មកពីក្រសួងវប្បធម៌និងសិល្បករជាច្រើនរូបផ្សេងទៀត។
បន្ថែមពីនោះសង្រ្កាន្តនៅផ្សារជីប ម៉ុង ក៏មានការលេងល្បែងប្រជាប្រិយ ទស្សនាភូមិក្មេងខ្មែរនិងមេហ្គាផ្សារខ្មែរ ដោយមានចូលរួមសម្តែងល្ងោនខ្មែរជាច្រើនទម្រង់ ដូចជាល្ងោនអាប៉េ រឿងនាងផ្កាលំចង់ ល្ងោននិយាយ រឿងកំពង់ធំជំរំចិត្ត និងការស្លៀកសំលៀកបំពាក់បុរាណខ្មែរ ដោយឥតគិតថ្លៃផងដែរ។
មិនត្រឹមតែប៉ុណ្ណោះផ្សារក៏មានការសម្តែងបទចម្រៀងសម័យលើឆាកតន្រ្តី ការលេងល្បែងកម្សាន្តយករង្វាន់និងការលក់បញ្ចុះតម្លៃពិសេសៗរហូតដល់ 70% នៅតាមហាងទំនិញផ្សេងៗរហូតថ្ងៃទី២៣ខែមេសា ឆ្នាំ២០២៥ឯណោះ។
ដូច្នេះសម្រាប់អ្នកដែលមិនមានស្រុកកំណើតទៅលេង និងមិនចង់ចំណាយលុយច្រើនទៅលេងសង្រ្កាន្តតាមខេត្តនានា អាចអញ្ចើញចូលរួមលេងនៅមេហ្គាសង្រ្កាន្តក្នុងផ្សារមានម៉ាស៊ីនត្រជាក់បាននៅ ជីបម៉ុង២៧១ មេហ្គាម៉ល-Chip Mong 271 Mega Mall ព្រោះចូលឆ្នាំខ្មែរជាខែចែត្រនោះអី៕