អាជ្ញាធរថៃបានសម្រេចធ្វើការកំណត់តម្លៃចំពោះគ្រប់អ្នកដំណើរអន្តរជាតិទាំងអស់ដែលនឹងចូលមកកាន់ប្រទេសខ្លួនហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ។
អ្នកនាំពាក្យរងការិយាល័យនាយករដ្ឋមន្ត្រីលោក Traisulee Traisoranakul បាននិយាយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ (ទី ១៤ ខែកុម្ភៈ) ថាសម្រាប់អ្នកធ្វើដំណើរតាមផ្លូវគោក ឬសមុទ្រ ថ្លៃសេវាគឺ ១៤០បាត (៤,៤ដុល្លារ) ក្នុងមនុស្សម្នាក់។ មួយវិញទៀតសម្រាប់អ្នកដំណើរអន្តរជាតិដែលធ្វើដំណើរតាមផ្លូវអាកាសក្នុងម្នាក់ៗត្រូវបង់ប្រាក់ចំនួន ៣០០បាត (៨,៨ដុល្លារអាមេរិក)។
គួរជម្រាបផងដែរថា លោកក៏បានបន្ថែមទៀតថា ប្រាក់ដែលប្រមូលបានពី ថ្លៃទេសចរណ៍នឹងជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុលើរដ្ឋាភិបាលថៃ ដែលចំណាយប្រហែល ៣០០ លានទៅ ៤០០ លានបាតក្នុងមួយឆ្នាំ ក្នុងការផ្តល់សេវាថែទាំសុខភាពដល់ភ្ញៀវទេសចរ។