Cocomelon គឺជាឆាណែល Youtube ផលិតមាតិកាវីដេអូអប់រំទារកនិងកុមារ ដែលបានល្បីល្បាញទូទាំងសកលលោក និងជាប់ចំណាត់ថ្នាក់ជាឆាណែលយូធូបដែលរកលុយបានច្រើនបំផុតមួយ មានអ្នក Subscribe ជិត២០០លានដង។
មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ឆាណែលនេះអាចរកចំណូលប្រចាំខែបានចន្លោះ ៦៣ម៉ឺនទៅ១០លានដុល្លារ។ Cocomelon បានចាប់ផ្តើមបង្កើតឡើងដោយប្តីប្រពន្ធជនជាតិកូរ៉េមួយគូរ គឺលោក Jay Jeon និងភរិយា ដែលរស់នៅរដ្ឋកាលីហ្វ័រញ៉ា ដោយលោក Jay មានការងារជាអ្នកសារព័ត៌មាន និងមានបទពិសោធន៍ជាអ្នកផលិតភាពយន្តហើយភរិយារបស់គាត់ជាអ្នកគូរគំនូរសៀវភៅកុមារ។
គួបផ្សំជាមួយនឹងអាជីព បទពិសោធន៍និងទេពកោសល្យ នៅក្នុងឆ្នាំ២០០៥ ពីរនាក់ប្តីប្រពន្ធនេះ ក៏បានសម្រេចចិត្តបង្កើតវីដេអូគំនូរជីវចលខ្លីៗនៅលើយូធូបតាមការច្នៃប្រឌិតរបស់ខ្លួន ក្នុងគោលបំណងដើម្បីទុកប្រើជាវិធីកម្សាន្តនិងសម្រាប់បង្រៀនកូនប្រុសតូចពីរនាក់របស់ពួកគេ អំពីព្យាព្ជានៈភាសាអង់គ្លេស ABC និងចម្រៀងកុមារមួយចំនួន។
បច្ចុប្បន្នមានទ្រព្យសម្បត្តិចំនួន៤២០លានដុល្លារ បុរសវ័យ៥៥ឆ្នាំ Jay Jeon កំពុងកាន់កាប់ក្រុមហ៊ុនមួយមានឈ្មោះ Treasure Studio, Inc. ដែលជាផលិតកម្មរបស់ CoComelon ។
ជាម្ចាស់ក្រុមហ៊ុនផលិតកម្មវិធីអប់រំនិងកម្សាន្ត ស្ថាបនិករូបនេះបានបញ្ជាក់ថា “យើងបានព្យាយាមបង្កើតតួអង្គដែលគួរឱ្យស្រលាញ់ចូលចិត្ត និងអាចទាក់ទងជាសកលបាន ដោយយើងគិតច្រើនអំពីទស្សនិកជនរបស់យើងនិងអ្វីដែលពួកគេកំពុងឆ្លងកាត់និងបានឆ្លងកាត់ ដូចជាការធំឡើង ការប្រកួតប្រជែងប្រចាំថ្ងៃ និងការរៀនអ្វីថ្មីៗ”។
ក្នុងនោះដែរ Cocomelon បានផ្តោតលើទស្សនៈវិស័យ “រីករាយនិងឆ្លាត” ដូចជានៅការជ្រើសយកប្រធានបទទាន់ពេលវេលា ដើម្បីបង្កើតវីដេអូដែលអាចបង្រៀនក្មេងបានដូចជា របៀបដែលក្មេងគួរលាងដៃនៅក្នុងសម័យកូរីត១៩ និងរបៀបជួយកិច្ចការងារផ្ទះឪពុកម្តាយជាដើម។
បន្ថែមពីការរកចំណូលលើយូធូបនិងផលិតមាតិកា លោក Jeon បានបញ្ជាក់ថាគោលដៅបន្ទាប់និងយូរអង្វែងរបស់ Cocomelon គឺបង្កើតប្រដាប់ក្មេងលេង និងផលិតផលផ្សេងទៀតដែលពង្រីកភាពវិជ្ជមានលើសពីអេក្រង់ ទូរស្សន៍ឬទូរស័ព្ទ ដោយជួយធ្វើឱ្យកុមារឱ្យរីកលូតលាស់ សប្បាយចិត្ត និងអាចផ្តល់ឱកាសឱ្យឪពុកម្តាយមានពេល រីករាយជាមួយកូនៗពួកគេច្រើនជាងមុន៕
អត្ថបទដោយ៖ ពីង ជូអេង