បច្ចុប្បន្នដោយសាតែបច្ចេកវិទ្យាហិរញ្ញវត្ថុកាន់តែទំនើប អ្នកប្រើប្រាស់សេវាធនាគារអាចបើកកុងធនាគារតាមអនឡាញនិងបើកក្នុងApp ធនាគារផ្ទាល់ជាមួយនឹងជម្រើសនៃប្រភេទកុងធនាគារយ៉ាងសម្បូរបែបទៀតផង។
យ៉ាងណាមិញជុំវិញការបើកកុងធនាគារនិងការប្រតិបត្តិកុងធនាគារនេះដែរ មនុស្សមិនតិចទេដែលបានបើកកុងធនាគារតែមិនបានអានលក្ខខណ្ឌនៃការប្រតិបត្តិការកុងធនាគារឡើយដែលជាហេតុធ្វើឲ្យពួកគាត់ជំពាក់ធនាគារដោយមិនដឹងខ្លួនហើយពេលដាក់លុយក្នុងកុងធនាគារក៏ត្រូវធនាគារកាត់លុយយកពីកុងដោយស្វ័យប្រវត្តិ។
តាមពិតទៅមុននឹងអ្នកបើកប្រតិបត្តិការកុងធនាគារខាងធនាគារតែងតែមានលក្ខខណ្ឌមួយចំនួនដែលអ្នកគួរអានមុននឹងសម្រេចចិត្តបើកគណនីធនាគារនៅគ្រឹះស្ថានធនាគារណាមួយសម្រាប់ប្រើប្រាស់ក្នុងការប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុក្នុងប្រព័ន្ធធនាគារ។
ជាទៅធនាគារមួយចំនួននឹងធ្វើការពិន័យជាលុយនូវទំហំទឹកប្រាក់ជាលាក់ណាមួយនៅពេលដែលអ្នកស្នើសុំបិទគណនីដែលទើបតែបើកបានត្រឹម៣ខែចុះក្រោមហើយទឹកប្រាក់ពិន័យនេះអាចខុសគ្នាពីធនាគារមួយទៅធនាគារមួយ។
ក្រៅពីនេះចំពោះគណនីដែលមិនមានប្រតិបត្តិការដែលភាសាអង់គ្លេសហៅថា Dormant Account ក៏ត្រូវធនាគារពិន័យជាទឹកប្រាក់ផងដែរ។ ជាធម្មតាប្រសិនបើគណនីធនាគាររបស់អ្នកមិនមានសកម្មភាពប្រតិបត្តិការរយៈពេល១២ខែគឺត្រូវធនាគារពិន័យហើយ។ ធនាគារមួយចំនួនគេអាចពិន័យ១០ដុល្លារក្នុងមួយឆ្នាំហើយធនាគារខ្លះអាចពិន័យតិចជាងនេះឬច្រើនជាងនេះ។
ឧទាហរណ៍ប្រសិនបើគណនីធនាគាររបស់អ្នកមិនមានប្រតិបត្តិការទាល់តែសោះរយៈពេលមួយឆ្នាំហើយមួយឆ្នាំក្រោយមកអ្នកបានបើកដំណើរប្រតិបត្តិការឡើងវិញហើយដាក់លុយសន្សំ១០ដុល្លារនោះលុយ១០ដុល្លារនេះនឹងត្រូវធនាគារកាត់ចេញកុងដោយស្វ័យប្រវត្តិព្រោះធនាគារពិន័យចំពោះគណនីរបស់អ្នកដែលមិនប្រតិបត្តិការរយៈពេលមួយឆ្នាំ។ ហើយបើអ្នកទុកចោលមិនប្រតិបត្តិការច្រើនឆ្នាំនោះធនាគារក៏ពិន័យកាន់តែច្រើនទៅតាមហ្នឹងដែរ។
សរុបមកចំពោះគណនីធនាគារដែលមិនសកម្មភាពប្រតិបត្តិការចាប់ពីមួយឆ្នាំឡើយគឺប្រៀបដូចជាអ្នកជំពាក់លុយធនាគារអញ្ចឹងពោលគឺបើទុកចោលចាប់ពីមួយឆ្នាំហើយចង់បើកដំណើរការដាក់លុយឡើងវិញធនាគារនឹងកាត់ចេញពីកុងធនាគារដែលនេះហើយធ្វើឲ្យមនុស្សមួយចំនួនអាចជំពាក់ធនាគារដោយមិនដឹងខ្លួន៕