ពង្រឹងសមត្ថភាពអ្នកដឹកនាំកម្ពុជាជំនាន់ក្រោយ ៖ អាហារូបករណ៍ ចេន ហ្ស៊ី សម្រាប់ឆ្នាំ ២០២៥ ចាប់ផ្តើមបើកទទួលពាក្យហើយ
Daneth MechJANUARY 17 2025

រាជធានីភ្នំពេញ៖ កាលពីពេលថ្មិៗនេះ មូលនិធិព្រីនស៍មានសេចក្តីសោមនស្សរីករាយនៅក្នុងការបើកទទួលពាក្យសម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី​ ជំនាន់ទី៤ ដែលមានគោលបំណងជួយសម្រាលបន្ទុកដល់​និស្សិត​ក្រីក្រ និង​ខ្វះខាត​ នៃសាកលវិទ្យាល័យនៅកម្ពុជាចំនួន ១០០ នាក់នៅក្នុងឆ្នាំ២០២៥​។ ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប អ្នកឧកញ្ញ៉ា ចេន ហ្ស៊ី បានផ្តួចផ្តើមគំនិតបង្កើតមូលនិធិព្រីនស៍ ដើម្បីឧបត្ថម្ភជាអាហារូបករណ៍ដល់សិស្សពូកែនៅថ្នាក់ឧត្តមសិក្សាដែលមានជីវភាពខ្វះខាតក្នុងរយៈពេល៤ឆ្នាំពេញ។

ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) បានចូលរួមសហការជាមួយនឹងមូលនិធិព្រីនស៍ ដើម្បីជ្រើសរើសបេក្ខជនដែលមានសមត្ថភាព។ បេក្ខជនដែលត្រូវបានជ្រើសរើសនឹងទទួលបានកញ្ចប់​ជំនួយ​រួម​បញ្ចូល អាហារូបការណ៍លើថ្លៃសិក្សារយៈពេល៤ឆ្នាំ ប្រាក់ឧបត្ថម្ភប្រចាំខែ វគ្គបណ្តុះបណ្តាលសម្រាប់អភិវឌ្ឍសមត្ថភាព និងឱកាសកម្មសិក្សានានាផងដែរ។​

មូលនិធិព្រីនស៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយផ្តោតលើវិស័យអប់រំ ការអភិវឌ្ឍយុវជន វិស័យសុខាភិបាល និងកិច្ចផ្តួចផ្តើមសហគមន៍ ដោយបច្ចុប្បន្ននេះ មូលនិធិព្រីនស៍ បានបរិច្ចាគទឹកប្រាក់ជាង ១៧លានដុល្លារទៅកាន់កម្មវិធីអភិវឌ្ឍន៍សង្គម ដែលផ្តោតលើយុវជន គ្រួសារ និងសហគមន៍មូលដ្ឋាន។​

កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី បានផ្គត់ផ្គង់ដល់និស្សិតកម្ពុជាចំនួន ៣០០នាក់ ក្នុងរយៈពេលបីជំនាន់រួចមកហើយ ដោយផ្តល់ឱកាសឱ្យសិស្សានុសិស្សទាំងនោះបន្តការសិក្សាលើជំនាញផ្នែកបច្ចេកវិទ្យា ផ្នែកអាជីវកម្ម និងផ្នែកវិស្វកម្ម។ កម្មវិធីអាហារូបករណ៍នេះ​ បានបង្ហាញពីស្មារតីនៃការប្តេជ្ញាចិត្តក្នុងរយៈពេល ៧​ឆ្នាំ និងបានចំណាយទំហំទឹកប្រាក់ចំនួន ២លានដុល្លារ។

2

លោក Gabriel Tan ប្រធានមូលនិធិព្រីនស៍ បានមានប្រសាសន៍ថា “កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី មានគោលបំណងត្រួសត្រាយផ្លូវសម្រាប់យុវជនកម្ពុជា​ ដែលមានទេពកោសល្យក្នុងការទទួលបានឱកាសនៃការអប់រំ​ប្រកបដោយគុណភាព និងរួមចំណែកដល់សហគមន៍របស់ពួកគេ”។ លោកបានបន្តទៀតថា "យើងបានធ្វើការផ្តោតទៅលើការអភិវឌ្ឍឱ្យមានអ្នកជំនាញនៅក្នុងវិស័យដែលមានសក្តានុពលចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា"។

និស្សិត​ដែល​មាន​អាទិភាព​ចំពោះ​អាហារូបករណ៍​ជំនាន់​ទី​៤នេះ​ត្រូវ​មាន​លក្ខខណ្ឌដូចតទៅ៖​

- មានសញ្ជាតិខ្មែរ

- ជា​សិស្ស​បញ្ចប់​ថ្នាក់​ទុតិយភូមិ​ឆ្នាំ២០២៣/២០២៤

-បាន​ចុះ​ឈ្មោះ​ចូល​រៀន​នូវ​មុខ​ជំនាញ​សិក្សានៅសាកលវិទ្យាល័យដែលជាដៃគូសហការ

សាកលវិទ្យាល័យជាដៃគូសហការរួមមាន:

- សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ៖ ផ្នែក​វិស្វកម្ម​ព័ត៌មានវិទ្យា ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ និង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍។

- វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ​៖ ផ្នែកវិស្វកម្មសំណង់ស៊ីវិល។

- សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ៖ ផ្នែកសេដ្ឋកិច្ចឌីជីថល និងផ្នែកទេសចរណ៍​។

​បែបបទ​បំពេញ​ពាក្យ​អាហារូបករណ៍តាមអន​ឡាញនឹង​បើក​ទទួលពាក្យ​ ចាប់ពី​ថ្ងៃ​ទី ១៥ ខែមករា និង​ផុតកំណត់​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៥​។ សិស្ស​ដែល​ជាប់​ក្នុង​វគ្គ​ជម្រុះ​នឹង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​សម្ភាសន៍​នៅ​កំឡុង​ដើមខែ​មីនា ហើយ​ជ័យ​លា​ភី អាហារូបករណ៍ នឹង​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​កំឡុង​ចុង​ខែមីនា​។

អំពី មូលនិធិព្រីនស៍៖

មូលនិធិព្រីនស៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈានមុខគេមួយនៅកម្ពុជា។ ក្នុងនាមជា សមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា មូលនិធិនេះមានគោលបំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែលលើកកម្ពស់សុខុមាលភាព និងការរស់នៅរបស់ប្រជាជនស្របតាមចក្ខុវិស័យ «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា»។

ដោយផ្តោតលើវិស័យអប់រំ ការអភិវឌ្ឍយុវជន វិស័យសុខាភិបាល និងកិច្ចផ្តួចផ្តើមសហគមន៍ មូលនិធិព្រីនស៍ បានបន្តធ្វើការជាមួយដៃគូនានាដើម្បីផ្តល់នូវកម្មវិធីដែលមាននិរន្តរភាពនិងឱកាសជាច្រើនដល់យុវជនកម្ពុជា ការបង្កើតសហគមន៍ និងការចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជានិរន្តរភាព។

គម្រោងដ៏លេចធ្លោរបស់មូលនិធិ គឺជាគម្រោងកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគម្រោងអាហារូបករណ៍ប្រចាំឆ្នាំដែលផ្តល់ជូនការបង់ថ្លៃសិក្សាពេញលេញ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីអភិវឌ្ឍន៍ខ្លួន ឱកាសកម្មសិក្សា និងឱកាសការងារជូនទៅដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ និងមជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍នាឡិកា ដែលជាសាលាបណ្ដុះបណ្ដាលតែមួយគត់ក្នុងការផ្ដល់ឱកាសសិក្សាអំពីសិល្បៈនៃការផលិតនាឡិកាស្តង់ដាប្រទេសស្វីស។ មូលនិធិព្រីនស៍ បានផ្តួចផ្តើមកម្មវិធីមនុស្សធម៌ជាង ២៥០ កម្មវិធី ដែលបានជួយទៅដលប្រជាជនប្រមាណជាង ១.៥លាន នាក់ ព្រមទាំងធ្វើការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបលើសពី ១៧ លានដុល្លារ។

សម្រាប់ការសាកសួរព័ត៌មានបន្ថែម: +៨៥៥ ៨១ ៦៨០ ១៩០ (ឃាង អ៊ួយស៊ីង) ឬ ouysing.kheang@princefoundation.com.

ចូលគ្រុបតេលេក្រាមដើម្បីទទួលបានព័ត៌មានបន្ថែមពីអាហាររូបករណ៍

តំណភ្ជាប់: https://t.me/+PJEjcv449w0xYmNl

QR Code សម្រាប់ដាក់ពាក្យអាហាររូបករណ៍

១​​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia