ក្រុមហ៊ុន HK OASIS Power Energy Development Co., Ltd. ទទួលបានគោលការណ៍វិនិយោគពីរាជរដ្ឋាភិបាលលើគម្រោងសាងសង់ស្ថានីយថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី ខណៈក្រុមហ៊ុនគ្រោងបញ្ចប់គម្រោងនេះនៅឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ប្រភពដដែលបានឲ្យដឹងដែរថា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក វ៉ាង ជីនអ៊ួយ (Wang Junwei) តំណាងក្រុមហ៊ុនខាងលើទាក់ទងនឹងគម្រោងនេះផងដែរ។
នៅក្នុងជំនួបពិភាក្សានេះ លោក វ៉ាង ជីនអ៊ួយ បានជម្រាបជូនថា ក្រុមហ៊ុននឹងខិតខំអនុវត្តការងារដោយគ្រោងនឹងបញ្ចប់ការសាងសង់ស្ថានីយថាមពលខ្យល់នៅក្នុងឆ្នាំ២០២៦ ហើយគោលបំណងនៃកិច្ចពិភាក្សានៅថ្ងៃនេះគឺដើម្បីស្វែងយល់ពីនីតិវិធីចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីក្លាយជាគម្រោងមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ និងទទួលបានការលើកទឹកចិត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
ឯកឧត្តមអគ្គលេខាធិការបានពន្យល់ពីនីតិវិធីចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលមានភាពសាមញ្ញ និងឆាប់រហ័ស ហើយមន្ត្រីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារង់ចាំដោយក្តីរីករាយក្នុងការទទួលពាក្យស្នើសុំចុះបញ្ជីវិនិយោគរបស់ក្រុមហ៊ុន៕