យោងតាមលិខិតរបស់ក្រសួងការងារស្តីអំពីវិធានការការពារកម្មករនិយោជិតដែលជាស្រ្តីមានផ្ទៃពោះ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថារាល់ម្ចាស់អាជីវកម្មឬនាយកសហគ្រាសដែលជានិយោជិកទាំងអស់ ត្រូវអនុវត្តតាមវិធានការណែនាំចំនួន៦ចំណុចខាងក្រោម លើបុគ្គលិកជាស្រ្តីមានផ្ទៃពោះ បើក្នុងករណីមិនអនុវត្តតាមនឹងត្រូវទទួលទោសតាមច្បាប់។
១.ហាមឃាត់ការរើសអើងចំពោះកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះក្នុងការទទួលបានឱកាសការងារ បន្តកិច្ចសន្យាការងារ និងការដំឡើងប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗ
២.បើកនិងផ្តល់ប្រាក់ឈ្នួលសរុបអំឡុងពេលសម្រាកលំហែមាតុភាពជូនកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ឱ្យបានមុនពេលសម្រាកលំហែមាតុភាព
៣.មិនត្រូវព្យួរកិច្ចសន្យាការងារកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ឬកម្មករនិយោជិតជាស្ត្រីក្នុងរយៈពេល៩ខែ ក្រោយការសម្រាកលំហែមាតុភាព លើកលែងតែជាការព្យួរកិច្ចសន្យាការងារទាំងស្រុងនៅក្នុងផ្នែកណាមួយនៃសហគ្រាស គ្រឹះស្ថាន ឬកម្មករនិយោជិតទាំងអស់
៤.ត្រូវបានលើកទឹកចិត្តឱ្យបន្តកិច្ចសន្យាការងារដោយស្វ័យប្រវត្តិចំពោះកម្មករនិយោជិតជាស្រ្តីមាន ផ្ទៃពោះ ឬកម្មករនិយោជិតជាស្ត្រីក្នុងរយៈពេល១ឆ្នាំ ក្រោយសម្រាលកូន
៥.ហាមឃាត់រាល់ការបញ្ឈប់ពីការងារចំពោះកម្មករនិយោជិតជាស្រ្តីមានផ្ទៃពោះ ឬកម្មករនិយោជិត ជាស្ត្រីក្នុងរយៈពេល ១ឆ្នាំ ក្រោយសម្រាលកូន លើកលែងតែមានការប្រព្រឹត្តកំហុសធ្ងន់
៦.ត្រូវស្នើសុំការពិនិត្យ និងសម្រេចជាមុនពីអធិការការងារក្នុងការបញ្ឈប់ពីការងារចំពោះកម្មករ និយោជិតជាស្ត្រីមានផ្ទៃពោះ ឬកម្មករនិយោជិតជាស្ត្រីក្នុងរយៈពេល ១ឆ្នាំក្រោយសម្រាលកូន។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមម្ចាស់ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវអនុវត្តតាមខ្លឹមសារ នៃសេចក្តីណែនាំនេះឱ្យបានត្រឹមត្រូវនិងប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕
អត្ថបទដោយ៖ ពីង ជូអេង