រដ្ឋាភិបាលកម្ពុជាបានផ្តល់ជូន អាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន ដល់និស្សិតក្រីក្រ សម្រាប់បន្តថ្នាក់ឧត្តមសិក្សា ចំនួន៧៨កន្លែង ទៅសិក្សានៅសាកលវិទ្យាល័យចំនួន៦ នៅប្រទេសចិន គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
ប្រភពពីក្រសួងព័ត៌មានបានបញ្ជាក់ថា អាហារូបករណ៍នេះផ្តល់ជូនថ្លៃសិក្សា កន្លែងស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់មនុស្សចំនួន៤០កន្លែង និងអាហារូបករណ៍ផ្តល់ជូនថ្លៃសិក្សា កន្លែងស្នាក់នៅ ចំនួន៣៨កន្លែង។
សិស្ស-និស្សិតទាំងពីរភេទ អាចទៅសិក្សានៅគ្រឹះស្ថានសិក្សាចំនួន៦រូមមាន៖
១. សាកលវិទ្យាល័យស៊ុនយ៉ាត់សេន (Sun Yat-sen University)
២. សាកលវិទ្យាល័យប៉េកាំងតិចណូឡូជី (Beijing University of Technology)
៣. សាកលវិទ្យាល័យយូណាននៃហិរញ្ញវត្ថុ និងសេដ្ឋកិច្ច (Yunnan University of Finance and Economics)
៤. សាកលវិទ្យាល័យជីវជាំង (Jiujiang University)
៥. សាកលវិទ្យាល័យមហាសមុទ្រជើជាំង (Zhejiang Ocean University)
៦. សាកលវិទ្យាល័យហ៊ូចូវ (Huzhou University)។
ដោយការសិក្សាអាហារូបករណ៍ជាភាសាចិននឹងមានរយៈពេល ១ឆ្នាំ ហើយការសិក្សាថ្នាក់បរិញ្ញាបត្រមានរយៈពេល ៤ឆ្នាំ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សាជាភាសាចិន ឬភាសាអង់គ្លេស មានរយៈពេល ២ ឬ ៣ ឆ្នាំ លើជំនាញសិក្សាគ្រប់មុខ។
សូមបញ្ជាក់ថាចំពោះសំបុត្រយន្តហោះនិងការចំណាយផ្សេងៗជាបន្ទុករបស់និស្សិត។ ដូច្នេះសម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមសិក្សាស្វែងយល់អំពីលក្ខខណ្ឌនិងតម្រូវការ ហើយប្រញាប់ដាក់ពាក្យឱ្យបានមុនថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ត្រឹមម៉ោង៥ល្ងាច។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងក្រុមការងារប្រចាំការនៅស្នាក់ការអាហារូបករណ៍ ដែលមានអាសយដ្ឋាន ផ្ទះលេខ៤ ផ្លូវលេខ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញ។ ដោយការសាកសួរព័ត៌មានផ្សេងៗនិង រាល់នីតិវិធី នៃការដាក់ពាក្យស្នើសុំអាហារូបករណ៍ មិនតម្រូវឱ្យបង់ថវិកាទេ៕
អត្ថបទដោយ៖ ពីង ជូអេង


