ប្រទេសកម្ពុជាបាននិងកំពុងបន្ដវឌ្ឍនភាពរបស់ខ្លួនក្នុងគ្រប់វិស័យ។ ស្របតាមគន្លងពិភពលោក ការអភិវឌ្ឍទៅលើវិស័យហិរញ្ញវត្ថុ ដូចជាការវិនិយោគទៅលើវិស័យមូលបត្រ ឬភាគហ៊ុនជាដើម បានក្លាយជាកត្តាដ៏សំខាន់មួយក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជាជារួម។
ចង់ដឹងកាន់តែច្បាស់ថា ការវិនិយោគភាគហ៊ុនអាចជួយលើកកម្ពស់សុខភាពសេដ្ឋកិច្ចជាតិ ក៏ដូចជាសម្រាប់បុគ្គលនីមួយៗដោយរបៀបណា សូមអានសេចក្តីលម្អិតក្នុងបទសម្ភាសរបស់ក្រុមហ៊ុន បក្សីមេឌា ជាមួយលោក ជា សុធា អភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុនាំមុខគេនៅកម្ពុជា។
១. តើលោកយល់យ៉ាងណាដែរ ចំពោះស្ថានភាពទីផ្សារភាគហ៊ុននៅកម្ពុជានាពេលបច្ចុប្បន្ននេះ ហើយទីផ្សារនេះនឹងមានការរីកចម្រើនទៅមុខទៀតយ៉ាងណា?
តាមការមើលឃើញរបស់ខ្ញុំ បច្ចុប្បន្ននេះ ស្ថានភាពទីផ្សារភាគហ៊ុននៅកម្ពុជាកំពុងតែមានកំណើនទៅមុខ ទាំងការចូលរួមកាន់តែច្រើនពីក្រុមហ៊ុនសាជីវកម្មឯកជន និងការចូលរួមរបស់សាធារណជន។ ការចូលរួមរបស់ក្រុមហ៊ុនឯកជន មានន័យថា ក្រុមហ៊ុនទាំងនោះបានប្រែក្លាយខ្លួនទៅជាក្រុមហ៊ុនសាធារណៈ ដើម្បីអាចចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា (ផ.ម.ក) និងដើម្បីអនុញ្ញាតឱ្យសាធារណជនអាចវិនិយោគទៅលើក្រុមហ៊ុនរបស់ខ្លួនបាន តាមរយៈការទិញភាគហ៊ុន។ ជាក់ស្ដែង ក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុនចំនួន ២ គឺក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី (សែលកាត) និងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានចុះបញ្ជីដោយជោគជ័យក្នុង ផ.ម.ក បន្ថែមទៅលើក្រុមហ៊ុនដែលបានចុះបញ្ជីចំនួន ៩ ផ្សេងទៀត។
តាមរយៈការចុះបញ្ជីថ្មីនេះ វាបានទាក់ទាញចំណាប់អារម្មណ៍ និងទំនុកចិត្ដកាន់តែខ្ពស់ពីសាធារណជនខ្មែរយើង តាមរយៈការបើកគណនីទិញភាគហ៊ុន និងការសិក្សាឱ្យកាន់តែស៊ីជម្រៅនៅក្នុងវិស័យមួយនេះ។ ទន្ទឹមនឹងនេះ ខ្ញុំជឿជាក់ថា ផ.ម.ក ដែលជាប្រតិបត្ដិករទីផ្សារ រួមទាំងនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) ដែលជានិយ័តករទីផ្សារ សមាគមផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ និងភាគីពាក់ព័ន្ធផ្សេងៗទៀត បាននិងកំពុងរៀបចំដាក់ចេញនូវយុទ្ធសាស្រ្តថ្មីៗ ដើម្បីបញ្ជ្រាបការវិនិយោគភាគហ៊ុន ទៅដល់ប្រជាពលរដ្ឋខ្មែរឱ្យបានគ្រប់ទីកន្លែង។ ជាមួយនឹងប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយ ខ្ញុំយល់ឃើញថា ទីផ្សារភាគហ៊ុននៅកម្ពុជានឹងបន្តរីកលូតលាស់ ពីព្រោះថា តាមរយៈបទពិសោធន៍ពីសកម្មភាពដែលធ្លាប់បានអនុវត្ដ ដូចជាការធ្វើពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជាឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ វាបានបង្ហាញនូវសញ្ញាវិជ្ជមានខ្លាំង ដោយមានអ្នកបើកគណនីជួញដូរប្រហែល ៣០០០នាក់ ត្រឹមរយៈពេល ៤ថ្ងៃ នៃកម្មវិធី ហើយយន្ដការ និងយុទ្ធសាស្រ្តផ្សេងៗទៀតនឹងត្រូវបានអនុវត្ដ ដើម្បីបន្តកៀរគរការចូលរួមបន្ថែមក្នុងឆ្នាំបន្ដបន្ទាប់ទៀត។
២. ហេតុអ្វីប្រជាពលរដ្ឋខ្មែរ គួរចាប់ឱកាសវិនិយោគក្នុងផ្សារភាគហ៊ុនខ្មែរយើង?
ការចាប់ឱកាសវិនិយោគក្នុងផ្សារភាគហ៊ុនខ្មែរយើង នឹងជួយឱ្យសាធារណជនទទួលបានទាំងចំណេះដឹង និងប្រភពចំណូលបន្ថែម ពីព្រោះថានៅពេលដែលអ្នកទាំងអស់គ្នាបើកគណនីជួញដូររួចរាល់ហើយ លោកអ្នកនឹងមានចិត្ត ឬការតាំងចិត្ដខ្ពស់ក្នុងការចង់ចេះ ចង់ដឹង និងចង់ស្វែងយល់ពីទីផ្សារមួយនេះ ហើយនៅពេលដែលអ្នកមានចំណេះដឹងគ្រប់គ្រាន់ហើយ លោកអ្នកនឹងអាចមើលឃើញឱកាសជាច្រើនពីក្រុមហ៊ុនដែលបានចុះបញ្ជី ក៏ដូចជាក្រុមហ៊ុនសក្តានុពលផ្សេងៗ ដែលនឹងត្រៀមចុះបញ្ជីនាពេលអនាគត។
សម្រាប់ប្រភពចំណូលវិញ បន្ទាប់ពីលោកអ្នកទិញភាគហ៊ុននៃក្រុមហ៊ុនណាមួយ លោកអ្នកនឹងក្លាយជាម្ចាស់ភាគហ៊ុនមួយផ្នែករបស់ក្រុមហ៊ុននោះ។ ដូចនេះ នៅពេលដែលភាគហ៊ុននោះឡើងថ្លៃ ដើមទុនរបស់អ្នកនឹងកើនឡើងផងដែរ បន្ថែមទៅលើភាគលាភដែលក្រុមហ៊ុនផ្ដល់ជូន។ ក្នុងអំឡុងពេលដែលលោកអ្នកវិនិយោគភាគហ៊ុន លោកអ្នកនៅតែអាចមានពេលវេលាប្រកបមុខរបរគោលរបស់លោកអ្នកជាធម្មតា។ ដូច្នេះហើយ ទើបខ្ញុំនិយាយថា ការវិនិយោគភាគហ៊ុន គឺជាការបន្ថែមប្រភពចំណូល និងជាប្រភពចំណូលអកម្មទៀតផង។
៣. បើចង់វិនិយោគភាគហ៊ុន តើត្រូវចាប់ផ្ដើមពីចំណុចណា?
ចំណុចដំបូងបំផុត ដែលខ្ញុំចង់លើកទឹកចិត្ដ និងណែនាំដល់អ្នកទាំងអស់គ្នា គឺការអនុញ្ញាតឱ្យខ្លួនអ្នកផ្ទាល់បោះជំហានទៅរកវាសិន។ ពិបាក ឬស្រួលសម្រាប់អ្នក ខ្ញុំមិនហ៊ានថាទេ ប៉ុន្តែខ្ញុំហ៊ាននិយាយយ៉ាងច្បាស់ថា អ្នកអាចធ្វើវាបាន។ ត្រឡប់មកនីតិវិធីក្នុងការចាប់ផ្ដើមវិញ យើងត្រូវអនុវត្តទៅតាមការកំណត់របស់និយ័តករ។ ដំបូង យើងត្រូវបើកលេខអត្តសញ្ញាណវិនិយោគិន បន្ទាប់មកយកលេខអត្តសញ្ញាណវិនិយោគិននោះទៅបើកគណនីជួញដូរជាមួយក្រុមហ៊ុនឈ្មួញជើងសាមូលបត្រណាមួយ។
បន្ទាប់ពីបើករួច តើអ្នកអាចចាប់ផ្ដើមវិនិយោគបានភ្លាម ឬយ៉ាងណា? ចម្លើយ គឺបានភ្លាម។ ប៉ុន្ដែ ដូចខ្ញុំបានលើកឡើងពីខាងលើអ៊ីចឹង នៅពេលដែលអ្នកមានគណនីជួញដូរហើយ អ្នកនឹងចង់ដឹងពីវា។ ដូចនេះ ខ្ញុំលើកទឹកចិត្ដឱ្យអ្នកទាំងអស់គ្នា សិក្សាពីវាសិន ដោយលោកអ្នកអាចស្វែងរកមេរៀននៅក្នុង តេឡេក្រាម របស់ ផ.ម.ក (https://t.me/csxtrading) ដែលមានមេរៀនចាប់ពីកម្រិតមូលដ្ឋានរហូតដល់កម្រិតមួយដែលលោកអ្នកអាចចាប់ផ្ដើមវិនិយោគប្រកបដោយទំនុកចិត្ដ។ លោកអ្នកក៏អាចចូលក្នុង តេឡេក្រាម របស់ក្រុមហ៊ុនមូលបត្រ ភីភី លីង (https://t.me/pplsecuritiesupdate) បានផងដែរ។
សម្រាប់ការបើកលេខអត្ដសញ្ញាណវិនិយោគិន និងគណនីជួញដូរវិញ លោកអ្នកក៏អាចស្នើសុំជំនួញពីក្រុមហ៊ុនមូលបត្រ ភីភី លីង ដោយទាក់ទងទៅលេខ 023 866 622 ឬផ្ញើសារទៅកាន់ទំព័រហ្វេសប៊ុក https://web.facebook.com/PPlinksecurities ។
៤. តាមរយៈការចុះបញ្ជីរបស់ក្រុមហ៊ុនក្នុងឆ្នាំ២០២៣នេះ តើលោកមើលឃើញពីចំណាប់អារម្មណ៍របស់សាធារណជនយ៉ាងដូចម្ដេចទៅលើទីផ្សារភាគហ៊ុននៅកម្ពុជា?
តាមរយៈការចុះបញ្ជីរបស់ក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ដ៏លេចធ្លោ និងក្រុមហ៊ុនរបស់អ្នកឧកញ៉ា គួច ម៉េងលី ដែលជាស្ថាប័នអប់រំដ៏ល្បីឈ្មោះនៅកម្ពុជា វាបានធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងពីសាធារណជន ពីព្រោះថាអតិថិជនរបស់ក្រុមហ៊ុនទាំងពីរ ក្រៅពីអាចប្រើប្រាស់សេវាកម្ម ឬផលិតផលបានហើយ ក៏អាចក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនទាំងពីរនេះផងដែរ។ ស្របជាមួយគ្នានេះ ន.ម.ក និង ផ.ម.ក តែងតែមានភាពសកម្មក្នុងការដាក់ចេញនូវផែនការ និងផ្តួចផ្ដើមកិច្ចសហការជាមួយភាគីពាក់ព័ន្ធដូចជា៖ ក្រុមហ៊ុនចុះបញ្ជី ក្រុមហ៊ុនឈ្មួញជើងសា និងសមាគមមូលបត្រកម្ពុជា ដើម្បីបន្ដផ្ដល់នូវកម្មវិធីអប់រំ និងការផ្សព្វផ្សាយពីទីផ្សារ។ ហើយជាការពិតណាស់ គោលដៅមួយនេះពិតជាមិនអាចខ្វះបាននូវការចូលរួមពីសាធារណជន។
ជាចុងក្រោយ ខ្ញុំសូមសំណូមពរដល់សាធារណជនដែលមិនទាន់បានស្វែងយល់ពីទីផ្សារមូលបត្រ សូមចាប់ផ្ដើមឱ្យបានឆាប់ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន និងប្រទេសជាតិទាំងមូល។
ជាការផ្ដល់ជូនពិសេស ក្នុងពិព័រណ៍មុខរបរ ដែលនឹងត្រូវបានរៀបចំឡើងដោយ បក្សីមេឌា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ លោកអ្នកនឹងអាចទទួលបានការបើកលេខអត្តសញ្ញាណវិនិយោគិន និងគណនីជួញដូរដោយឥតគិតថ្លៃ ពីក្រុមហ៊ុនមូលបត្រ ភីភី លីង នៅស្ដង់លេខ B03 ក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។