ប្រយ័ត្នបោសគូទខោ! មកស្គាល់ក្បួនបោ.កទាំង៥ ល្បីកក្រើកស្រុកខ្មែរ ធ្លាប់មានអ្នកខាតលុ.យរាប់ម៉ឺ.ន$
SOKLY SONOVEMBER 29 20232.7 K views

សេដ្ឋកិច្ចកំពុងពិបាកមនុស្សរឹតតែត្រូវការលុយ និងខំរកផ្លូវបង្កើនចំណូល រីឯជនខិលខូចក៏កាន់តែបានដៃឆ្លៀតឱកាសបោកបញ្ឆោតជនស្លូតត្រង់ដែលកំពុងត្រូវការស្រោចស្រង់ជីវភាព ដោយយកលុយមកធ្វើជាអន្ទាក់។ គេថាមនុស្សចាញ់បោកគេព្រោះតែលោភលន់ ប៉ុន្តែជាក់ស្ដែងបញ្ហាបែបនេះមិនមែនជាកំហុសរបស់ជនរងគ្រោះទាំងស្រុងឡើយ វាក៏អាចបណ្ដាលមកពីភាពវ័យឆ្លាតរបស់ជនឱកាសនិយមទាំងនោះផងដែរ។ ខាងក្រោមនេះជាក្បួនបោកដ៏ល្បីល្បាញទាំង៥ កំពុងពេញនិយមខ្លាំងនៅកម្ពុជា និងពិភពលោក៖

១. ការងារ Scams

ក្បាច់បោកតាមរយៈការធានាផ្ដល់ការងារបង្កើតចំណូល រៀនបណ្ដើរមានការងារធ្វើបណ្ដើរ នៅស្រុកយើងពេញនិយមណាស់ ជាពិសេសពេលដែលមាននិស្សិតទើបឡើងមករៀននៅភ្នំពេញ ឬទៅរៀននៅទីឆ្ងាយពីផ្ទះ។ ពួកជនឆបោកទាំងនោះតែងតែនៅក្រវ៉ែលៗតំបន់ណាដែលមានសិស្សច្រើន ដូចជាតាមកៀនរបងសាលារៀនជាដើម។ សកម្មភាពដែលគេធ្វើគឺ ជួបសួរនាំ និងណែនាំឱកាសការងារបង្កើតចំណូល រៀនបណ្ដើរធ្វើបណ្ដើរក៏បាន ប៉ុន្តែដើម្បីបានការងារគឺត្រូវបង់លុយជាមុនសិន។ ក្បួនមួយនេះឃើញភាគច្រើនប្រើបានផលខ្លាំងទៅលើមនុស្សដែលកំពុងត្រូវការការងារ ជាពិសេសគឺយុវជនដែលចេញពីស្រុកទៅរៀនបន្ត។

២. ធនាគារអនឡាញ

ក្បួនបោកមួយនេះគឺ មានជនខិលខូចមួយចំនួន បានបង្កើតផេក (Facebook Page) និង Telegram ដោយដាក់ឈ្មោះស្រដៀងនឹងធនាគារ ឬភ្នាក់ងារឥណទានជាដើម រួចហើយបានប្រើប្រាស់អាសយដ្ឋានធនាគារដើម្បីទាញទំនុកចិត្តអតិថិជន។ ជនខិលខូចទាំងនោះ បានបន្លំឈ្មោះធនាគារ​ ឬភ្នាក់ងារឥណទានណាមួយ ដើម្បីបោកបញ្ឆោតសាធារណៈជន និងឱ្យអតិថិជនបង់ប្រាក់ជាមុនដើម្បីស្នើសុំឥណទាននៅខាងធនាគារ។ ក្បួនបោកមួយនេះគេ ឃើញច្រើនប្រើបានផលទៅលើ វិនិយោគិនណា ដែលគាត់កំពុងត្រូវការដើមទុន។

៣. ការបោកប្រាស់តាមអ៊ីនធឺណេត

បច្ចុប្បន្នសង្គមយើងកំពុងស្ថិតនៅក្នុង World Wide Wed ដែលជាសកលលោកឌីជីថលសម្បូរទៅដោយ ព័ត៌មាន ប្រកបជាមួយនឹងបច្ចេកវិទ្យាទំនើប។ ទន្ទឹមនឹងនោះពួកជនឆបោក ក៏បានឆ្លៀតឱកាសនេះ ទាញយកផលប្រយោជន៍ តាមរយៈការបោកប្រាស់នៅក្នុងអ៊ីនធឺណេត។ ពួកគេភាគច្រើនបាន​បង្កើតជាគ្រុប វិនិយោគ ដែលនិយាយអំពីផលប្រយោជន៍នៃការវិនិយោគរបស់ពួកគេ ដើម្បីទាក់ទាញមនុស្សផ្សេងទៀតឱ្យដាក់លុយជាមួយ។

៤. បោកប្រាស់តាមទូរស័ព្ទ

ក្បាច់​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​ទូរស័ព្ទ​នៅស្រុកយើង​​ឧស្សាហ៍​ជួប​ប្រទះ​ណាស់ ដោយជនខិលខូច​តេទាក់ទង​​កុហក​ ឬ​ឆបោក​​ក្រុម​គ្រួសារ​ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ត្រូវការ​លុយ​ជា​បន្ទាន់​ជាដើម។​ យ៉ាងណា ការ​បោក​របៀប​នេះ​មិនមែន​មានតែ​នៅ​ស្រុកខ្មែរ​ឡើយ ដោយ​នៅ​ខាង​សហរដ្ឋអាមេរិក​ឯណោះ​វិញ ប្រជាជន​ខាតបង់​អស់​ប្រមាណ​ជិត ៣០ ពាន់​លាន​ដុល្លារ​ឯណោះ យោងតាមទិន្នន័យត្រឹម​ឆ្នាំ២០២០ ដែលអាច​និយាយ​បាន​ថា ស្ទើរ​តែ​ ១/៣ នៃ​ប្រជាជន​អាមេរិក​លង់​ខ្លួន​នឹង​ការបោកប្រាស់​មួយ​នេះ។

៥. Hack តាមលេខទូរស័ព្ទ

កន្លង​មក​មាន​ករណី​លេខ​ចម្លែក​ពី​បរទេស​ជា​ច្រើន ​ខណៈលេខ​ទូរស័ព្ទ​ខ្លះ​ត្រូវ​គេ​ហៅ​ចូល​ដើម្បី​​ចូល Hack តាមរយៈ Callback Scam ទៅកាន់ជនសង្ស័យ ដែលលេខរបស់ពួកគេអាចប្រើប្រាស់ International Premium Rate Number (IPRN) និងមាន​ព័ត៌មាន​គ្មាន​ប្រភព​ច្បាស់លាស់​ដែល​និយាយ​ថានឹង​បាត់​បង់​លុយ​ពី​ធនាគារ​ប្រសិន​មានការទទួល​ ឬ​តេទៅ​វិញ​។ ក្នុងនោះនាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ហេតុការណ៍​នេះ​បាន​កើតមាន​ច្រើន​ដង​និង​ច្រើន​ឆ្នាំ​មក​ហើយ ស្របពេល​បច្ចុប្បន្ននេះ នៅតែ​បន្ត​មាន​ផងដែរ​ តែពុំមាន​បញ្ហា​បាត់​បង់​ថវិកា​ពី​ធនាគារ​ ឬ​ទិន្នន័យ​អ្វី​មួយ​ពី​ទូរស័ព្ទ​របស់​នណា​ម្នាក់​ទេ​ តែ​មានការ​បាត់​ថវិកា​ក្នុង​លេខ​ទូរស័ព្ទ​​​ពីរ​ករណី​ ដូច​ខាងក្រោម៖​

១.​ ប្រសិន​លោក​អ្នក​ចុច​ទទួល​នោះ​ ភាគី​ជន​អនាមិក​នោះនឹង​ត្រូវ​ចំណាយ​ថវិកា​ហៅ​ចេញ​ក្រៅ​ប្រទេស​

២​.​ ប្រសិន​លោក​អ្នក​ជា​អ្នកតេ​ត្រលប់​វិញ​ទៅកាន់​លេខ​ទូរស័ព្ទ​ជន​អនាមិក​នោះ​ ប្រាកដ​ណាស់​លោកអ្នក​នឹង​ត្រូវ​បាត់បង់​​ថវិកា​ផ្ទុកក្នុង​គណនី​សេវា​ទូរស័ព្ទ​អ្នក​សម្រាប់​ការ​ហៅ​ទៅក្រៅ​ប្រទេស​។

មែនទែនទៅក្បួនបោកដែលជនខិលខូចប្រើប្រាស់ មានច្រើនបែបច្រើនរូបភាព លើសពី៥ចំណុចដែលរៀបរាប់ជូនខាងលើទៅទៀត។ ហេតុនេះហើយមុននឹងជឿលើអ្វីមួយ ឬជឿលើនរណាម្នាក់ សូមពិចារណាឱ្យបានវែងឆ្ងាយ បើប្រធានបទដែលកំពុងនិយាយជាមួយគេគឺជារឿងលុយ គឺអ្នករឹតតែត្រូវយកចិត្តទុកដាក់ ពិចារណាឱ្យបានកាន់តែខ្លាំងថែមទៀត៕

អត្ថបទដោយ៖ SOKLY SO-កូនផ្កាឈូក

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia