បាត់អត្តសញ្ញាណប័ណ្ណ ឬហួសកំណត់ នេះជាឯកសារដែលត្រូវមាននិងទីតាំងដែលត្រូវធ្វើថ្មី
ធី ស្រីល័ក្ខAPRIL 17 2024153 views

ចំពោះ បងប្អូនដែលបាត់អត្តសញ្ញាណប័ណ្ណ ឬ ផុតកំណត់ហើយចង់ធ្វើថ្មី អាចទៅធ្វើបាននៅ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឬ នៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ នៅសាខាអត្តសញ្ញាណប័ណ្ណផ្សារទំនើប AEON2។

សម្រាប់ការស្នើសុំផ្តល់ថ្មី ប្តូរ ទុតិយតា ឬកែតម្រូវ សាមីខ្លួនត្រូវមានអាយុយ៉ាងតិច ១៥ឆ្នាំ ត្រូវមានវត្តមានដោយផ្ទាល់ ដើម្បីបំពេញបែបបទ និងមានភ្ជាប់ឯកសារមួយចំនួនដូចខាងក្រោម៖

ក.ឯកសារដែលត្រូវមាន

១.ករណីសុំផ្តល់ថ្មី ត្រូវមានឯកសារ

សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ដែលចេញដោយមន្ត្រីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ឬ ចេញដោយសាលាក្រុង ស្រុក ខណ្ឌ ដែលបានចុះបញ្ជី ឬចេញដោយនាយកដ្ឋានអត្រានុកូលដ្ឋាន

សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម ឬច្បាប់ចម្លងមានបញ្ជាក់ត្រឹមត្រូវតាមច្បាប់ដើម)

២.ករណីផុត ឬជិតផុតសុពលភាព ត្រូវមានឯកសារ

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាព ឬមុនផុតសុពលភាពយ៉ាងច្រើន៩០ថ្ងៃ
  • ឯកសារសំអាងផ្សេងៗ ករណីមានការកែតម្រូវទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឧទាហរណ៍ដូចជាអាសយដ្ឋាន ជាដើមដែលត្រូវភ្ជាប់ជាមួយសៀវភៅស្នាក់នៅ។

៣.ករណីបាត់ ត្រូវស្នើសុំទុតិយតា និងមានឯកសារ ៖ ពាក្យបណ្តឹងបាត់ និងពាក្យស្នើសុំទុតិយតា ពីប៉ុស្តិ៍នគរបាលរដ្ឋបាល

៤.ករណីខូច ៖ ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលខូច

៥.ករណីកែតម្រូវ ត្រូវមានឯកសារ

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលខុសទិន្នន័យ
  • សេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
  • សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ និងឯកសារថតចម្លងដែលមានបញ្ជាក់ត្រឹមត្រូវតាមច្បាប់ដើម
  • ករណីខ្លះទាមទារឯកសារគល់បញ្ជីអត្រានុកូលដ្ឋាន
  • សេចក្តីសម្រេចកែតម្រូវ ចេញដោយមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិ ឬសេចក្តីសម្រេចរបស់តុលាការ ដែលមានការទទួលស្គាល់ឱ្យកែតម្រូវពីនាយកដ្ឋានអត្រានុកូលដ្ឋាន។ល។

ខ.ទីតាំងផ្តល់សេវា

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអាចធ្វើនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឬ នៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ នៅសាខាអត្តសញ្ញាណប័ណ្ណផ្សារទំនើប AEON2 ។
  • សាខាអត្តសញ្ញាណប័ណ្ណផ្សារទំនើប AEON2 មានបម្រើសេវាថ្ងៃសៅរ៍ និងអាទិត្យ លើកលែងតែថ្ងៃបុណ្យជាតិ។
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមិនអាចថតធ្វើលើសពីមួយដងទេ ក្នុងករណីបាត់ ឬ ខូច លោកអ្នកអាចដាក់ពាក្យបណ្តឹង និងស្នើសុំទុតិយតាបាន។ ករណីហួសសុពលភាព សាមីខ្លួនត្រូវទៅបំពេញបែបបទថតធ្វើថ្មី។

គូសបញ្ជាក់ថា សម្រាប់ព័ត៌មានបន្ថែម សូមDownload កម្មវិធី GDI eServices ឬ ទាក់ទងលេខ ១២៧១ / ០១៧ ៨៩៨៩១៥ រៀងរាល់ម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia