ការហ្វឹកហាត់និងទំនៀមទម្លាប់រស់នៅ របស់ទាហានឬយោធា នឹងផ្តល់វិន័យល្អធំៗ៥យ៉ាងដល់យុវជន
Ping Chou EngJULY 14 2025692 views

“យោធា” ឬទាហានជាអ្នកដែលមានកាយសម្បទារឹងមាំឆ្លងកាត់ការហ្វឹកហាត់ម៉ឺងម៉ាត់និងមានការរស់នៅជាមួយវិន័យតឹងរ៉ឹង។តាមរយៈបទពិសោធន៍ របស់អតីតយុទ្ធជនលោក Bryan Adams ដែលមានប្រវត្តិជាយោធាដ៏ល្បីមួយ បម្រើការនៅក្នុងកងទ័ពសហរដ្ឋអាមេរិកជាឆ្មាំជាតិអាកាស​ ហើយបច្ចុប្បន្នជាអ្នកប្រឹក្សាអាជីពមួយរូបបានចែករំលែកបទពិសោធន៍លើវិន័យល្អៗចំនួន៥ ដែលយុវជនចូលបម្រើយោធានឹងទទួលបានពីការហ្វឹកហាត់យោធា៖

. ឯករាជ្យភាព៖ ការហ្វឹកហាត់យោធាធ្វើឱ្យយើងកាន់ចេះមានទំនួលខុសត្រូវខ្ពស់និងឯករាជ្យភាពដោយខ្លួនឯងសូម្បីតែលើរឿងតូច។ ច្បាប់និងទំនៀមទម្លាប់យោធានឹងបង្រៀនយើងឱ្យមានអាកប្បកិរិយាវិជ្ជមានដូចជាអនាម័យរស់នៅ ការលុតដំប្រាណ បង្វឹកចិត្តឱ្យស្ងប់ សម្រួចយុទ្ធសាស្រ្តនិងការប្រើអាវុធ។ កាតព្វនឹងរុញឱ្យយើងចេះ បំពេញភារកិច្ចដោយក្លាហាន ទោះបីជាមានបញ្ហាប្រឈមក៏ដោយ។

.ទំនាក់ទំនង៖ ប្រសិនបើអ្នកជាមនុស្ស introvert ការហ្វឹកហាត់យោធានឹងបង្រៀនអ្នកឱ្យចេះបង្កើតទំនាក់ទំនងរឹងមាំ មួយបុគ្គលផ្សេងទៀតពីគ្រប់មជ្ឈដ្ឋាននៃជីវិត។ ការរស់នៅរួម ហូបចុករួម និងការមានពេលវេលាដូចៗគ្នា ដូចជាការក្រោកពីដំណេកដំណាលគ្នា ចូលដំណេកដំណាលគ្នា ការរៀនសូត្រថ្នាក់បណ្តុះបណ្តាលជាមួយគ្នា ដែលទាំងនេះនឹងបង្រៀនឱ្យអ្នកចេះ បែងចែកពេលវេលានិងគោរពគ្នាទៅវិញទៅមក ដោយភាពស្មើគ្នា។

. បត់បែន៖ ការហ្វឹកហាត់យោធានឹងបង្រៀនអ្នកឱ្យចេះទទួលយកការផ្លាស់ប្តូរនិងការបត់បែនយ៉ាងឆាប់រហ័ស ជាមួយនឹងវិន័យខ្ពស់។ ផ្នត់គំនិតនេះអនុញ្ញាតឱ្យអ្នកទទួលយកភារកិច្ចដែលពិបាកៗ និងទទួលយកការផ្លាស់ប្តូរថ្មីក្នុងជីវិតដោយមិនស្ទាក់ស្ទើរអ្វីទាំងអស់។ នៅពេលអ្នកជាផ្នែកមួយនៃគ្រួសារយោធា អ្នកចាប់ផ្តើមយកចិត្តទុកដាក់បន្ថែមទៀតអំពីការតស៊ូរបស់អ្នកដទៃ គិតពីប្រយោជន៍រួមនិងការសាមគ្គីហើយចង់ធ្វើឱ្យអស់ពីសមត្ថភាពដែលអ្នកអាចធ្វើបានសម្រាប់ក្រុមទាំងមូល។

. យល់ពីខ្លួនឯង៖ ការហ្វឹកហាត់​យោធានឹងផ្តល់ឱ្យអ្នកនូវឱកាសជាច្រើនដើម្បី សាកល្បងលើការតស៊ូ អត់ធ្មត់ជាមួយដែនកំណត់ផ្លូវចិត្តនងរាងកាយរបស់ខ្លួនឯង ថាខ្លាំងកម្រិតណា។ នៅពេលដែលអ្នកកាន់តែយល់ដឹងអំពីខ្លួនឯង នឹងធ្វើឱ្យអារម្មណ៍អ្នកកាន់តែវិជ្ជមាន និងគោលបំណងជីវិតមុតស្រួច ដើម្បីសម្រេចបាននូវគោលដៅសម្រាប់ភាពជោគជ័យពេញមួយជីវិត។


. លះបង់ភាពងាយស្រួល៖ ការហ្វឹកហាត់​យោធានឹងបង្រៀនអ្នកឱ្យមានស្មារតីរឹងមាំ លះបង់ភាពសុខស្រួល និងបណ្តុះកម្លាំងឆន្ទៈមុតមាំចេញពីខាងក្នុង​ ដើម្បីអាចដឹកនាំជីវិតខ្លួនឯងនិងអ្នកដទៃបាន។ លើសពីនេះការបម្រើយោធាជួយឱ្យអ្នកក្លាយជាបុគ្គលដែលពេញលេញទៅដោយ កម្លាំងប្រាជ្ញា កម្លាំងស្មារតីនិងសម្បទារឹងមាំ ចេះដោះស្រាយបញ្ហា អាចប្រើក្នុងអាជីវកម្ម ទំនាក់ទំនងផ្ទាល់ខ្លួន ឬក្នុងដំណើរនៃអាជីពផ្សេងៗទៀត។  

ជាការពិតណាស់ការហ្វឹកហាត់ទាហានឬចូលខ្លួនបម្រើយោធាគឺមិនមែនដើ​ម្បីតែត្រៀមខ្លួនសម្រាប់ការពារទឹកដីទេ ពោលគឺដើម្បីដឹកនាំខ្លួនឯងក្លាយជាបុគ្គលដ៏ប្រសើរ និងអាចក្លាយជាអ្នកដឹកនាំពោរពេញដោយថាមពលវិជ្ជមាន៕

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia