ការចាប់ផ្ដើមអាជីវកម្មមួយសម្រាប់ខ្លួនឯង នរណាៗក៏ចង់បានដែរ ប៉ុន្តែអ្វីដែលអ្នកមិនត្រូវអួសរំលងនោះគឺការពង្រឹងកត្តាខាងក្នុងខ្លួនឯងខ្លាំងជាមុនសិន មុននឹងចាប់ផ្ដើមបើកអាជីវកម្មផ្ទាល់ខ្លួន។ ម្យ៉ាងទៀត មុននឹងបើកអាជីវកម្ម អ្នកក៏ត្រូវមានការត្រៀមខ្លួន ក៏ដូចជាសិក្សាឈ្វេងយល់លើចំណុចមួយចំនួនផងដែរ។
ជាក់ស្ដែងអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានលើកឡើងនូវចំណុចមួយចំនួន ចំណុចដែលត្រូវសិក្សារួមមាន៖ ទី១. គិតស្រមៃនូវអ្វីដែលជាការពិត ទី២. បណ្ដុះការអភិវឌ្ឍជារៀងរហូត ទី៣. ធ្វើការឱ្យខ្លាំង ទី៤. ប្រកាន់ខ្ជាប់នូវគោលការណ៍មួយ គឺ កុំចាំតែធ្វើតាមគេ។
១. គិតស្រមៃនូវអ្វីដែលជាការពិត
អ្នកត្រូវតែសួរខ្លួនឯងថា តើអ្វីដែលអ្នកស្រលាញ់ និងចង់ធ្វើពិតប្រាកដ? តើអ្វីដែលអ្នកស្រលាញ់ចង់ធ្វើនោះ វាអាចនឹងកើតឡើងទេ? ចូរកុំស្រមៃចង់ធ្វើអ្វីដែលមិនអាចកើតឡើង ឬមិនសមនឹងសមត្ថភាពរបស់អ្នក ម្យ៉ាងទៀតវាមិនអំណោយផងនៅក្នុងតំបន់ដែលអ្នកចង់ធ្វើនោះ។
ហេតុដូចនេះ ប្រសិនបើអ្នកចង់ចាប់ផ្ដើមអាជីវកម្មលើវិស័យអ្វីមួយ អ្នកត្រូវតែប្រាកដថា អ្នកពិតជាស្រលាញ់ និងចង់ធ្វើវាពិតមែន មិនមែនគ្រាន់តែចង់លំៗ ឬគ្រាន់តែចង់ធ្វើតាមគេតាមឯងឡើយ។ អ្នកត្រូវដឹងថា ប្រសិនបើអ្នកចាប់ផ្ដើមធ្វើអ្វីដែលខ្លួនឯងស្រលាញ់ នោះអ្នកមិនងាយបោះបង់ឡើយ ហើយតែងតែព្យាយាមរិះរកគ្រប់វិធីដើម្បីសម្រេចវាឱ្យបាន។
២. បណ្ដុះការអភិវឌ្ឍជារៀងរហូត
អ្នកត្រូវតែបន្ដសិក្សារៀនសូត្រដើម្បីពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ ម្យ៉ាងទៀត អ្នកក៏មិនត្រូវមើលស្រាលអំពីសមត្ថភាពផ្ទាល់ខ្លួនដែរ និងត្រូវតែមានចិត្តអំណត់ តស៊ូព្យាយាម ព្រមទាំងត្រូវជម្នះគ្រប់ស្ថានភាពទាំងអស់ ដើម្បីសម្រេចបាននូវអ្វីដែលអ្នកតែងតែស្រមៃចង់ធ្វើឱ្យវាក្លាយជាការពិត។
ចូរចងចាំថា ធ្វើអ្វីក៏ដោយកុំស្រមៃតូច ប៉ុន្តែស្រមៃឱ្យធំ ឱ្យអស្ចារ្យ ហើយព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចវាឱ្យបាន។ ម្យ៉ាងទៀត ចូរកុំស្រមៃនូវអ្វីដែលធំខ្លាំងពេក រហូតលើសពីសមត្ថភាពរបស់អ្នកខ្លាំងពេក ឬជាអ្វីដែលមិនអាចទៅរួច។
បើអ្នកមានក្ដីស្រមៃ អ្នកនឹងរស់នៅដោយមានគោលដៅ ហើយត្រូវដុះខាត់ចំណេះជំនាញ និងសមត្ថភាពឱ្យខ្លាំង ដើម្បីផ្លាស់ប្ដូរខ្លួនឯងទៅជាអ្វីដែលអ្នកចង់ឃើញនាពេលអនាគត។
៣. ធ្វើការឱ្យខ្លាំង
បុគ្គលដែលជោគជ័យ ជាបុគ្គលដែលចូលចិត្តបង្វឹកខ្លួនឯងឱ្យធ្វើការឱ្យខ្លាំង ដើម្បីបណ្ដុះខ្លួនឯងឱ្យមានសមត្ថភាពខ្លាំង និងមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការចាប់ផ្ដើមធ្វើអាជីវកម្ម ឬធ្វើឱ្យអនាគតខ្លួនឯងកាន់តែមានជីវភាពធូរធាជាងមុន។
ចំពោះការធ្វើការឱ្យខ្លាំងនេះ អ្នកត្រូវចងចាំថា អ្នកត្រូវតែខិតខំធ្វើការឱ្យបានល្អ ធ្វើការឱ្យមានលទ្ធផល ធ្វើការឱ្យអស់ពីសមត្ថភាព ធ្វើការនូវជំនាញដែលខ្លួនស្រលាញ់ ធ្វើការឱ្យប្រធានឬថ្នាក់ដឹកនាំស្រលាញ់ពេញចិត្តហើយទុកចិត្តឱ្យអ្នកកាន់តំណែងខ្ពស់ៗជាបន្តបន្ទាប់ ព្រមទាំងធ្វើការដើម្បីទទួលបានតំណែងខ្ពស់ និងប្រាក់ខែល្អដោយសមត្ថភាពពិតប្រាកដ។ លើសពីនេះ ត្រូវតែធ្វើការដើម្បីយកនូវអ្វីដែលមានគុណតម្លៃសម្រាប់អ្នក ក្នុងគោលបំណងបង្កើតឱកាសជាបន្តបន្ទាប់សម្រាប់ខ្លួនឯង ដូចជានៅពេលលាឈប់ពីការងារ ធ្វើឱ្យមនុស្សស្ដាយស្រសោះ ថែមទាំងមានក្រុមហ៊ុនធំៗល្អៗរងចាំទទួលយកអ្នកដោយដៃពីរ។ លើសពីនេះ នៅពេលលាឈប់ពីការងារ អ្នកអាចចាប់ផ្ដើមអាជីពមួយផ្ទាល់ខ្លួនបានយ៉ាងល្អ មិនមែនដើរទាត់ខ្យល់។
៤. ប្រកាន់ខ្ជាប់នូវគោលការណ៍មួយ គឺ កុំចាំតែធ្វើតាមគេ
ត្រង់ចំណុចនេះ អ្នកត្រូវតែចេះត្រួសត្រាយផ្លូវដោយខ្លួនឯង និងធ្វើអ្វីដែលជារបស់ខ្លួនឯងចង់ធ្វើ មិនមែនឃើញគេធ្វើអ្វីជោគជ័យ ធ្វើតាមគេដែរឡើយ។ ម្យ៉ាងទៀត អ្នកអាចរៀនមើលសង្កេតពីគេបាន បន្ទាប់រៀនសូត្រតាមដើម្បីច្នៃអ្វីមួយដែលថ្មីសម្រាប់ខ្លួនឯង៕