បច្ចុប្បន្ននេះ គម្រោងព្រលានយន្ដហោះអន្ដរជាតិតេជោ ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញប្រមាណ ២០ គីឡូម៉ែត្រ សម្រេចការសាងសង់បានប្រមាណ ៩៤ ភាគរយហើយ ខណៈគ្រោងនឹងដាក់ឲ្យដំណើរការនៅខែកក្កដា ខាងមុខនេះ។ តើនៅពេលគម្រោងព្រលានយន្ដហោះធំជាងគេនៅកម្ពុជានេះ បើកដំណើរការ តើព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ឬព្រលានយន្ដហោះពោធិ៍ចិនតុងបច្ចុប្បន្ន នឹងត្រូវបិទឬយ៉ាងណា?
បើតាមការបញ្ជាក់ពីឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា កាលពីពេលកន្លងទៅបានឲ្យដឹងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងត្រូវបិទទ្វារទាំងស្រុង នៅពេលដែលព្រលានយន្ដហោះអន្តរជាតិតេជោ បើកដំណើរការជាផ្លូវការ។ ដោយហេតុថា នៅក្នុងកិច្ចព្រមព្រៀងសម្បទាន តំបន់មួយមិនអាចមានអាកាសយានដ្ឋានពីរនោះទេ។ យ៉ាងណាឯកឧត្ដមក៏មិនអាចបញ្ជាក់បានដែរថា ព្រលាននេះនឹងក្លាយទៅជាអ្វីបន្ទាប់ពីការបិទទ្វារ គឺវាអាស្រ័យទៅលើការសម្រេចរបស់រដ្ឋាភិបាល។
សូមជម្រាបថា ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ជាព្រលានយន្តហោះដំបូងគេនៅកម្ពុជា ដែលបានសាងសង់នៅឆ្នាំ ១៩៥៧ និងបើកដំណើរការនៅឆ្នាំ ១៩៥៩ ក្រោមការគ្រប់គ្រងនិងវិនិយោគដោយក្រុមហ៊ុនបារាំង។ ព្រលានយន្ដហោះនេះត្រូវបានផ្លាស់ប្ដូរឈ្មោះពីព្រលានយន្ដហោះអន្តរជាតិពោធិ៍ចិនតុង មកជាព្រលានយន្ដហោះអន្តរជាតិភ្នំពេញ កាលពីខែ មករា ឆ្នាំ ២០០៣។
ដោយឡែកសម្រាប់ព្រលានយន្ដហោះអន្ដរជាតិតេជោ ដែលកំពុងដំណើរការសាងសង់វិញ គឺជាព្រលានធំលំដាប់ទី១ នៅស្រុកខ្មែរ និងធំលំដាប់ទី៩ នៅលើពិភពលោក។ ព្រលានថ្មីនេះត្រូវបានសាងសង់នៅលើផ្ទៃដី ២៦០០ មានទីតាំងស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល វិនិយោគសាងសង់ដោយក្រុមហ៊ុន OCIC ដែលនឹងចំណាយទុនចំនួន ១៥០០ លានដុល្លារ សម្រាប់ដំណាក់កាលទី១ និងអាចទទួលភ្ញៀវទេសចរបានចំនួន ១៣លាននាក់ក្នុង១ឆ្នាំ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលភ្ញៀវ ទេសចរបានចំនួន៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរបានចំនួន៥០លាននាក់ក្នុង១ឆ្នាំ ៕