អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស មានកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធប្រចាំខែ និងប្រចាំឆ្នាំស្របតាមច្បាប់នុងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។ ក្នុងនោះមានពន្ធប្រចាំឆ្នាំមួយចំនួន នឹងត្រូវផុតកំណត់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះហើយ ពោលគឺនៅសល់ពេលប្រមាណជា ១ខែទៀតប៉ុណ្ណោះដែលពន្ធប្រចាំទាំងនោះមានដូចជា៖
១. ពន្ធលើប្រាក់ចំណូល៖ ជាកាតព្វកិច្ចរបស់បុគ្គលនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូលប្រភពបរទេស និងជាកាតព្វកិច្ចរបស់បុគ្គលអនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា។ មូលដ្ឋានគិតពន្ធលើប្រាក់ចំណូល គឺជាប្រាក់ចំណេញប្រចាំឆ្នាំដែលកើតចេញពីប្រាក់ចំណូលកាត់កងនូវចំណាយនានាស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន ចំពោះបុគ្គលដែលខាតពីការធ្វើសកម្មភាពអាជីវកម្ម មិនត្រូវបង់ពន្ធលើប្រាក់ចំណូលនោះទេ ប៉ុន្តែមានកាតព្វកិច្ចដាក់លិខិតប្រកាសជាធម្មតា។
២.ពន្ធប៉ាតង់៖ គឺជាពន្ធប្រចាំឆ្នាំដែលត្រូវបានកំណត់លើសកម្មភាពអាជីវកម្មនីមួយៗរបស់អ្នកជាប់ពន្ធដោយផ្អែកលើប្រភេទអ្នកជាប់ពន្ធនិងកម្រិតផលរបរ ដោយអ្នកជាប់ពន្ធតូចត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៤០០ ០០០ រៀល អ្នកជាប់ពន្ធមធ្យមត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ១ ២០០ ០០០ រៀល និងអ្នកជាប់ពន្ធធំត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៣ ០០០ ០០០ រៀល ឬ ៥ ០០០ ០០០ រៀល ចំពោះអ្នកជាប់ពន្ធធំដែលមានផលរបរប្រចាំឆ្នាំលើសពី ១០ ០០០ លានរៀលឡើងទៅ។
៣.ពន្ធលើផ្ទាំងផ្សព្វផ្សាយ៖ ត្រូវប្រមូលលើបណ្ណ ស្លាក ឬផ្ទាំង ដែលមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីឱ្យអតិថិជនឬសាធារណជនបានស្គាល់ពីផលិតផលឬសេវាកម្មរួមមាន បណ្ណប្រកាសផ្សាយពាណិជ្ជកម្មធ្វើឡើងពីកៅស៊ូ ក្រដាសធម្មតា កំណាត់សំពត់ ឬវត្ថុផ្សេងៗ ស្លាកអាជីវកម្មដ្ឋានសម្រាប់សម្គាល់ឈ្មោះ ទីតាំង ទីស្នាក់ការ ការិយាល័យ ឬទីកន្លែងប្រកបអាជីវកម្មនានា និងផ្ទាំងអក្សរឬផ្ទាំងរូបភាពសម្រាប់គោលបំណងពាណិជ្ជកម្ម។
គួរបញ្ជាក់ថា ចំពោះពន្ធប្រចាំឆ្នាំទាំង ៣ ប្រភេទខាងលើ គឺសុទ្ធតែអាចធ្វើការប្រកាសនិងបង់ប្រាក់ពន្ធបានតាមប្រព័ន្ធអនឡាញដោយមិនតម្រូវឱ្យអ្នកជាប់ពន្ធចំណាយពេលវេលាមកផ្ទាល់នៅរដ្ឋបាលសារពើពន្ធនោះទេ ក្នុងនោះ ពន្ធលើប្រាក់ចំណូល អ្នកជាប់ពន្ធអាចប្រកាសពន្ធតាមរយៈប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ (Tole-Filing) និងបង់ប្រាក់ពន្ធតាមប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment) សម្រាប់អ្នកជាប់ពន្ធមធ្យមនិងធំ និងសម្រាប់អ្នកជាប់ពន្ធតូចអាចធ្វើការប្រកាសនិងបង់ប្រាក់ពន្ធតាមរយៈកម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Prefiling App)។ ចំពោះពន្ធប៉ាតង់ អ្នកជាប់ពន្ធអាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment) សម្រាប់បង់ប្រាក់ពន្ធ ព្រមទាំងអាចបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង។ ដោយឡែក ពន្ធលើផ្ទាំងផ្សព្វផ្សាយ អ្នកជាប់ពន្ធអាចប្រកាសនិងបង់ប្រាក់ពន្ធបានតាមរយៈកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)៕