ក្រុមជំនាញការធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នឹងចុះមកសិក្សគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីនៅកម្ពុជា លើទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្ដកណ្ដាល ដើម្បីពិនិត្យលទ្ធភាពក្នុងការសាងសង់គម្រោងដ៏សំខាន់នេះនាពេលខាងមុខ។
តាមការដកស្រង់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងបានដឹកនាំកិច្ចប្រជុំ និងពិភាក្សាការងារជាមួយក្រុមការងារអនុវត្តគម្រោង ដែលមានសមាសភាពចូលរួមពីក្រុមជំនាញការធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដឹកនាំដោយ លោកស្រី JIN Wang ( Project Team Leader ) ព្រមទាំងមានការចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំអន្តរក្រសួង តំណាងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងមន្ត្រីពាក់ព័ន្ធ។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសិក្សាគម្រោង ព្រមទាំងធ្វើការពិភាក្សា និងប្រមូលធាតុចូលលើរបាយការណ៍ចាប់ផ្តើមពីសំណាក់អ្នកជំនាញការទីប្រឹក្សា និង ភាគីពាក់ព័ន្ធ។
ក្រោយកិច្ចពិភាក្សាក្រុមការងារអនុវត្តគម្រោង និងអ្នកជំនាញការនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នឹងធ្វើការចុះទស្សនកិច្ចសិក្សាបន្ថែមក្នុងការប្រមូលធាតុចូលទៅតាមទីតាំងដែលបានកំណត់ក្នុងបណ្តារផ្លូវរបៀងធំៗក្នុងរាជធានីភ្នំពេញ ព្រមទាំងចុះពិនិត្យស្ថានីយចំណតឡានក្រុង ស្ថានីយរថភ្លើងរាជធានីភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតេជោ តំបន់អភិវឌ្ឍថ្មី ក្រុងរណបថ្មី និងទីតាំងផ្សេងៗទៀត ដើម្បីកំណត់ខ្សែផ្លូវ សំរាំង និងខ្សែផ្លូវអាទិភាព សម្រាប់សិក្សាសមិទ្ធិលទ្ធភាព និងពិនិត្យលទ្ធភាពក្នុងការសាងសង់ បណ្តាញដឹកជញ្ជូនសាធារណៈក្រុង ក្នុងរាជធានីភ្នំពេញនាពេលអនាគត។
គួរបញ្ជាក់ផងដែរថាគម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញ បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន៕