ខេត្ដស្វាយរៀងទទួលបានគម្រោងវិនិយោគសាងសង់ និងបើកអាជីវកម្មសណ្ឋាគារលំដាប់ផ្កាយ ៤ ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្ដីពីគម្រោងវិនិយោគនៅក្នុងខែ សីហា ឆ្នាំ២០២៥ កន្លងទៅ។
តាមការបញ្ជាក់គម្រោងសណ្ឋានការលំដាប់ផ្កាយ ៤ នេះ មានសាងសង់បន្ទប់សរុប ១០០ បន្ទប់ និងមានទុនវិនិយោគសរុបប្រមាណ ៨ លានដុល្លារ។ ហើយនៅពេលបើកដំណើរគម្រោងសណ្ឋាគារដ៏ធំនេះ ក៏នឹងបង្កើតឱកាសការងារសរុប ២០១ កន្លែង ជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ថែមទៀតផង។
គួររំលឹកផងដែរថា កាលពីខែកក្កដា កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអនុម័ត គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ១ គម្រោងផងដែរ ដែលមានបន្ទប់ចំនួន ២៨០ មានទីតាំងស្ថិតនៅក្រុងបាវិត ខេត្ដស្វាយរៀង។ គម្រោងនេះមានទុនវិនិយោគចំនួន ៦២ លានដុល្លារ។ ហើយនៅពេលបើកដាក់ឲ្យដំណើរការក៏បានបង្កើតឱកាសការងារបានចំនួន ៤៩៥ កន្លែងផងដែរ។
សូមជម្រាបថា ចាប់តាំងពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៥ នេះ ខេត្ដស្វាយរៀងទទួលបានគម្រោងវិនិយោគសរុបចំនួន ១១៣ គម្រោង ដែលឈរនៅចំណាត់ថ្នាក់លេខ២ បន្ទាប់ពីខេត្ដកំពង់ស្ពឺ ដែលទទួលបាន ១១៧ គម្រោង។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ យ៉ាងណាបើតាមការបញ្ជាក់ពីរដ្ឋបាលខេត្ដស្វាយរៀង បានឲ្យដឹងថា ខេត្ដដ៏មានសក្ដានុពលមួយនេះបានជាប់ចំណាត់ថ្នាក់លេខ ១ ជាខេត្ដដែលមានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេនៅកម្ពុជា៕