នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នេះគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាគម្រោងទី២ នៅកម្ពុជា នឹងចាប់ផ្ដើមការសាងសង់ហើយ។ ដោយផ្លូវថ្មីមួយខ្សែនេះគឺមានប្រវែងសរុប ១៣៥.១ គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវល្បឿនលឿនថ្មីនេះ នឹងសាងសង់ឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ។
សម្រាប់បច្ចេកទេសនៃការសាងសង់ផ្លូវនេះ នឹងក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ១០សង់ទីម៉ែត្រ និងថ្មលាយកៅស៊ូ(ATB) ១២ សង់ទីម៉ែត្រ ទទឹងតួផ្លូវ ២៤,៥ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្ដធ្វើចរាចរណ៍ចំនួន ៤គន្លង (២គន្លងទៅ-២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ខឿនសួនចែកទិសចរាចរណ៍ នៅចំកណ្តាលទ្រូងផ្លូវ ទទឹង ៣ម៉ែត្រ ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូ ទទឹង ២,៥ម៉ែត្រ និងចិញ្ចើមផ្លូវក្រាលក្រួសក្រហម ទទឹង ០,៧៥ម៉ែត្រ ទាំងសងខាង។
សូមជម្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ប៊ីលានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបបត្តិការ -ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០ភាគរយ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង ៨០ភាគរយ ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។
ចំពោះការសាងសង់វិញគម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ ដោយគ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧ខាងមុខ។ ពេលបើកដំណើរការផ្លូវនេះនឹងអនុញ្ញាតឲ្យយានយន្ដធ្វើដំណើរក្នុងល្បឿន ១០០ ទៅ ១២០ គីឡូម៉ែត្រនៅក្នុង ១ ម៉ោង៕