ហ្វីលីពកាពីតាល់គ្រុប បង្ហាញនិមិត្តសញ្ញាថ្មីនៃក្រុមហ៊ុននៅកម្ពុជា អបអរខួបលើកទី 50 ឆ្នាំ
Sreymom ChaJULY 7 2025

ភ្នំពេញ ប្រទេសកម្ពុជា  ថ្ងៃទី 07 ខែកក្កដា ឆ្នាំ 2025 – ហ្វីលីពកាពីតាល់គ្រុបនៅកម្ពុជា ដែលរួមមានធនាគារ ហ្វីលីព ក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វីលីព ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតហ្វីលីព និងក្រុមហ៊ុន ហ្វីលីព ត្រាស់ធី មានមោទនភាពក្នុងការប្រកាសពីនិមិត្តសញ្ញាថ្មី ដើម្បីស្របទៅតាមចក្ខុវិស័យរបស់ ហ្វីលីពកាពីតាល់ គ្រុប (PhillipCapital Group) នៅសិង្ហបុរី ក្នុងឳកាសគម្រប់​ខួប​លើក​ទី 50 ឆ្នាំ នៅក្នុងឆ្នាំ 2025។

ការផ្លាស់ប្តូរនិមិត្តសញ្ញាថ្មីនេះ បានឆ្លុះបញ្ចាំងពីដំណើរការរបស់ ហ្វីលីពកាពីតាល់ គ្រុប ក្នុងរយៈពេលប្រាំទសវត្សរ៍កន្លងមក និងស្របទៅតាមចក្ខុវិស័យរបស់ក្រុមហ៊ុន ក្នុងការផ្តល់នូវផលិតផល និងសេវាកម្មសម្រាប់អនាគតកាល  ឲ្យកាន់តែទំនើប មានការរួមបញ្ចូលគ្នា និងផ្តោតលើអតិថិជន។ និមិត្តសញ្ញាថ្មីនេះ បង្ហាញអំពីគុណតម្លៃនៃការផ្តល់ទំនុកចិត្ត ការច្នៃប្រឌិត និងឧត្តមភាពដ៏យូរអង្វែងរបស់ក្រុមហ៊ុន។

តំណាងឲ្យហ្វីលីពកាពីតាល់គ្រុបនៅកម្ពុជា លោក Ong Teong Hoon មានប្រសាសន៍ថា និមិត្តសញ្ញា ដែលបានកែលម្អថ្មីនេះ មិនត្រឹមតែជាការផ្លាស់ប្តូរការរចនាថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាជានិមិត្តរូបនៃការបន្តកិច្ចសន្យារបស់យើងចំពោះអតិថិជន។

លោក Ong មានប្រសាសន៍ថា "នេះជានិមិត្តសញ្ញាថ្មី ប៉ុន្តែការប្តេជ្ញាចិត្តរបស់យើងគឺនៅដដែល។ បុគ្គលិករបស់យើង នៅតែបន្តខិតខំប្រឹងប្រែងក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពទំនុកចិត្ត និងភាពច្នៃប្រឌិត ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជន។ ការផ្លាស់ប្តូរនិមិត្តសញ្ញា មិនមែនគ្រាន់តែជាផ្នែកមួយនៃការផ្លាស់ប្តូរតែប៉ុណ្ណោះទេ វាតំណាងឱ្យមហិច្ឆិតារបស់យើង ក្នុងការដឹកនាំដើម្បីឆ្ពោះទៅកាន់ភាពរីកចម្រើននា 50 ឆ្នាំខាងមុខ។"

និមិត្តសញ្ញាថ្មីនឹងត្រូវបានដាក់ឱ្យដំណើរការជាបណ្តើរៗ នៅគ្រប់ទីតាំងទាំងអស់រួមមាននៅតាមបណ្តាសាខា លើថ្នាលឌីជីថល និងសម្ភារៈទីផ្សារផ្សេងៗទៀត។

ខណៈពេលដែលនិមិត្តសញ្ញាមានការផ្លាស់ប្តូរ ការប្ដេជ្ញាចិត្តរបស់ ហ្វីលីពកាពីតាល់គ្រុបនៅកម្ពុជា ក្នុងការជួយប្រជាជនកម្ពុជាឱ្យកាន់តែរីកចម្រើនផ្នែកហិរញ្ញវត្ថុ នឹងនៅតែបន្តជានិច្ច។

ការធ្វើបច្ចុប្បន្នភាពនៃនិមិត្តសញ្ញានេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីរូបរាងថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញអំពីចក្ខុវិស័យរួមគ្នារបស់ក្រុមហ៊ុននីមួយៗ ក្នុងការបន្តភាពឈានមុខគេ ក្នុងវិស័យហិរញ្ញវត្ថុដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ការកែលម្អផលិតផល  វេទិកា និងសេវាកម្មជាបន្តបន្ទាប់របស់ហ្វីលីពកាពីតាល់គ្រុបនៅកម្ពុជា គឺដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនទៅដល់អតិថិជន ។

អំពី ហ្វីលីពកាពីតាល់គ្រុបនៅកម្ពុជា

ហ្វីលីពកាពីតាល់គ្រុបនៅកម្ពុជា បាន​ធ្វើការវិនិយោគ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០០៩ លើ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ First Finance ។ ក្រោយមកទៀត ក្រុមហ៊ុន បានពង្រីកការវិនិយោគរបស់ខ្លួនដោយធ្វើការទិញគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីតក្នុងឆ្នាំ 2012 បន្ទាប់មកទិញធនាគារ Hwang DBS ក្នុងឆ្នាំ 2014 ហើយប្តូរឈ្មោះទៅជា ធនាគារ ហ្វីលីព។ ហ្វីលីពកាពីតាល់គ្រុបនៅកម្ពុជា ជាអ្នកផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សំខាន់នៅក្នុងប្រទេសកម្ពុជាដែលរួមបញ្ចូលបន្ថែម ជាមួយក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វីលីព ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតហ្វីលីព និងក្រុមហ៊ុន ហ្វីលីព ត្រាស់ធី។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia