ភ្នំពេញ ថ្ងៃទី20 ខែមិថុនា ឆ្នាំ 2025 – ជាផ្នែកមួយនៃការអបអរសាទរខួបគម្រប់ 50ឆ្នាំ របស់ PhillipCapital Singapore និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅតាមសហគមន៍ ធនាគារ ហ្វីលីព បានរៀបចំកម្មវិធី “អំនានអំពីការសន្សំសម្រាប់សហគមន៍” នៅសាលាបឋមសិក្សាបុទុមសូរិយា។ កម្មវិធីនេះគឺជាការបរិច្ចាគជាផ្លូវការនៃសៀវភៅអប់រំដល់សាលារៀនចំនួន 25 មានមូលដ្ឋាននៅក្នុងតំបន់ប្រតិបត្តិការរបស់អង្គការ គាំពារភូមិយើង (KPY) ដែលជាអង្គការដែលមានចក្ខុវិស័យក្នុងការផ្តល់ជូនការអប់រំ និងការអភិវឌ្ឍន៍នៅទីជនបទ។
“អំនានអំពីការសន្សំ” គឺជាសៀវភៅកុមារដែលរៀបចំឡើងយ៉ាងពិសេស ក្នុងគោលបំណងណែនាំអ្នកអានវ័យក្មេងដែលមានអាយុចន្លោះពី 9 ទៅ 12 ឆ្នាំ អំពីសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ សៀវភៅនេះមានមេរៀនហិរញ្ញវត្ថុជីវិតពិត ដែលបានចែករំលែកដោយបុគ្គលិក PhillipCapital Cambodia។ ជាមួយនឹងរូបភាពដ៏រស់រវើក និងការនិទានរឿងទាក់ទងនឹងវប្បធម៌ សៀវភៅនេះមានគោលបំណងបំផុសគំនិតកុមារកម្ពុជាឱ្យមានក្តីសុបិន្តធំ និងធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងខ្ពស់អំពីតម្លៃនៃទឹកប្រាក់ និងអនាគត។
លោក ចាន់ ម៉ាច អគ្គនាយកនៃ ធនាគារ ហ្វីលីព បានចូលរួមក្នុងកម្មវិធីនេះ ហើយមានប្រសាសន៍ថា “យើងជឿជាក់ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុគួរតែចាប់ផ្តើមតាំងពីវ័យកុមារ ហើយតាមរយៈអំនានអំពីការសន្សំ យើងសង្ឃឹមថានឹងបណ្តុះការចង់ដឹងចង់ឃើញ និងបង្កើតទំនុកចិត្តដល់សិស្សានុសិស្ស នៅពេលពួកគេស្វែងយល់ច្បាស់អំពីការសន្សំ ការចំណាយ និងរៀបចំផែនការអនាគត។”
បន្ថែមពីលើការបរិច្ចាគសៀវភៅ យុទ្ធនាការរៃអង្គាសថវិកាក៏ត្រូវបានផ្តួចផ្តើមឡើងក្នុងចំណោមបុគ្គលិក PhillipCapital Cambodia បន្ថែមទៀត ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអប់រំ និងអភិវឌ្ឍន៍សហគមន៍របស់អង្គការគាំពារភូមិយើង។ បុគ្គលិកជាង 200 នាក់នៅទូទាំងស្ថាប័នបានចូលរួមបរិច្ចាគ ក្នុងការបង្ហាញនៃទំនួលខុសត្រូវសង្គម និងសាមគ្គីភាព។ មូលនិធិដែលបានរៃអង្គាសត្រូវបានផ្តល់ជូនដោយផ្ទាល់ទៅកាន់អង្គការ KPY ដើម្បីជួយទ្រទ្រង់ការងារអភិវឌ្ឍន៍នៅតាមតំបន់ជនបទបន្តទៀត។
លោក ចាន់ សុខឃី នាយកប្រតិបត្តិអង្គការគាំពារភូមិយើង មានប្រសាសន៍ថា “សៀវភៅទាំងនេះនឹងមិនត្រឹមតែបង្កើនលទ្ធភាពក្នុងការទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងសហគមន៍គោលដៅរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកុមារឱ្យឃើញថាការរៀនសូត្រពោរពេញទៅដោយភាពរីករាយ និងមានផលប្រយោជន៍ជាច្រើនទៅនឹងជីវិតប្រចាំថ្ងៃរបស់ពួកគេផងដែរ។”
កម្មវិធីនេះមានការចូលរួមពីក្រុមប្រឹក្សាសាលាសហគមន៍មូលដ្ឋាន នាយកសាលា ព្រមទាំងបុគ្គលិកមកពីស្ថាប័នទាំងពីរ។ មាតាបិតាសិស្សក៏បានចូលរួមអបអរសាទរផងដែរ ដែលនេះជាកត្តាធ្វើឲ្យបរិយាកាសពោពេញទៅដោយភាពកក់ក្តៅ និងសាមគ្គីភាព។ ស្របពេលគ្នានេះដែរ អ្នកចូលរួមក៏បានជួបជាមួយអ្នកនិពន្ធនៃសៀវភៅរឿង អំនានអំពីការសន្សំមួយចំនួន និងបានទស្សនាការសម្តែងដ៏មានអត្ថន័យលើចំណេះដឹងហិរញ្ញវត្ថុ ប្រកបដោយសេចក្តីសោមន្សរីករាយ។