ទីបំផុតមហាសេដ្ឋីលេខមួយនៅវៀតណាមលោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup មានទ្រព្យសម្បត្តិវ៉ាដាច់មហាសេដ្ឋីមាឌល្អិតចិត្តធំ Jack Ma និងខ្លាចាស់ភាគខាងត្បូង Li Ka Shing ហើយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម Vnexpress។
ទ្រព្យសម្បត្តិរបស់លោក Vuong បច្ចុប្បន្នមានរហូតដល់ ៥៥.៨ ពាន់លានដុល្លារ ក្រោយការកើនឡើងនៃតម្លៃភាគហ៊ុន VinFast នៅលើការចុះបញ្ជីកាលពីថ្ងៃទី១៥ ខែសីហានេះ ដែលបានបន្ថែមប្រាក់ ៣៩ពាន់លានដុល្លារដល់ទ្រព្យសម្បត្តិសុទ្ធរបស់លោក។ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg។
គួរជម្រាបផងដែរថា VinFast បានបង្ហាញខ្លួនជាលើកដំបូងលើផ្សារហ៊ុន Nasdaq នៅសហរដ្ឋអាមេរិកកាលពីពាក់កណ្តាលខែសីហា ក្នុងតម្លៃ ២២ដុល្លារ ហើយបានបិទនៅតម្លៃជាង ៣៧ដុល្លារ ដែលមានតម្លៃក្រុមហ៊ុនចំនួន ៨៥ពាន់លានដុល្លារ ច្រើនជាងទីផ្សាររបស់ក្រុមហ៊ុន Ford ចំនួន ៤៨ពាន់លានដុល្លារ និងក្រុមហ៊ុន General Motor ចំនួន ៤៦ ពាន់លានដុល្លារ។
ក្នុងនោះ លោក Vuong គឺជាម្ចាស់ផលប្រយោជន៍នៃភាគហ៊ុន ៩៩% នៃភាគហ៊ុនធម្មតា ២.៣ ពាន់លានរបស់ VinFast បន្ទាប់ពី VinFast ត្រូវបានបញ្ចូលគ្នាជាមួយក្រុមហ៊ុន Black Spade Acquisition សម្រាប់គោលបំណងនៃការចុះបញ្ជី។
VinFast ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនធំជាងគេរបស់វៀតណាម Vingroup បានទទួលការយល់ព្រមក្នុងការសាងសង់រោងចក្រផលិតរថយន្តតម្លៃ ៤ ពាន់លានដុល្លារនៅរដ្ឋ North Carolina ក្នុងសហរដ្ឋអាមេរិក ហើយបានដឹកជញ្ជូនរថយន្តអគ្គិសនីជិត ៣,០០០ គ្រឿងទៅកាន់សហរដ្ឋអាមេរិក ដែលរំពឹងថានឹងក្លាយជាទីផ្សារដ៏សំខាន់មួយរបស់ខ្លួន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦