ប្រយ័ត្នខ្ចីធនាគារលែងបាន! នេះជារយៈពេលបង់យឺត ធ្វើឲ្យអ្នកខូចCBC ពិបាកខ្ចីលុយធនាគារថ្ងៃក្រោយ
Toeuy HongJULY 18 20252.1 K views

បច្ចុប្បន្នប្រហែលជាមានបងប្អូនមិនតិចទេដែលមានប្រវត្តិឥណទានមិនល្អនៅក្នុងប្រព័ន្ធCBC ដែលពលរដ្ឋតែងតែនិយាយភាសាសាមញ្ញថាខូចCBC។ ហើយបងប្អូនខ្លះឆ្ងល់ថាតើបង់ធនាគារយឺតរយៈពេលប៉ុន្មានទើបប្រ័ពន្ធCBC កត់ចូលថាពួកគាត់មានប្រវត្តិឥណទានមិនល្អ។

ជុំវិញការបង់សងយឺត លោក សុខ កុម្ភៈ នាយកសាខាធនាគារ ភ្នំពេញពាណិជ្ជ( PPCBank) បានឲ្យដឹងថាកាលណាអ្នកមានប្រវត្តិឥណទានមិនល្អដែលយើងហៅថាខូចCBC គឺមានន័យអ្នកបង់សងយឺតជារៀងរាល់ខែ។ ត្រង់នេះលោកបានបញ្ជាក់ថាបើយឺត១ថ្ងៃឬ២ថ្ងៃមិនជាបញ្ហាណាស់ណានោះទេ។

លោកបានបន្ថែមទៀតថាប្រព័ន្ធCBCតក់ត្រានូវរាល់ការបង់សងរបស់អ្នកហើយចំពោះការបង់សងយឺតពី១ថ្ងៃទៅ២៩ថ្ងៃនៅក្នុងប្រព័ន្ធCBCកត់ត្រាលេខ១។ ជាក់ស្ដែងនៅក្នុងApp CBC នៅត្រង់កន្លែងប្រវត្តិនៃការសងត្រឡប់តាមចំនួនចុងក្រោយ ឧទាហរណ៍បើអ្នកឃើញលេខ000000 បែបនេះមានន័យថាការបង់សងត្រឡប់របស់អ្នកទាន់ពេលវេលា មានប្រវិត្តិឥណទានល្អ។

យ៉ាងណាមិញនៅត្រង់កន្លែងប្រវត្តិនៃការសងត្រឡប់តាមចំនួនចុងក្រោយ បើអ្នកឃើញ លេខ1111111បែបនេះមានន័យថាអ្នកបង់សងយឺតចាប់ពីថ្ងៃ១ថ្ងៃទៅ២៩ថ្ងៃ ហើយប្រព័ន្ធនឹងកត់លេខ១។ ហើយបើបង់យឺតចាប់ពី៦០ថ្ងៃទៅប្រព័ន្ធនឹងកត់លេខ២។ បើបង់យឺតពី៩០ថ្ងៃឡើងទៅប្រព័ន្ធនឹងកត់លេខ៣។

ដូច្នេះចំនួនលេខ១ លេខ២ លេខ៣គឺបង្ហាញប្រវត្តិបង់សងយឺតហើយបើលេខកាន់តែច្រើនមានន័យថាប្រវត្តិឥណទានរបស់អ្នកកាន់តែមិនល្អដែលធ្វើឲ្យអ្នកពិបាកក្នុងការទទួលបានកម្ចី ពេលខ្ចីលុយលើកក្រោយៗទៀត។

អញ្ចឹងលេខ០គឺប្រវិត្តឥណទានល្អ ចំណែកលេ១ប្រវិត្តិឥណទានបង់សងយឺតប៉ុន្ដែមិនជាបញ្ហាខ្លាំងនោះទេ ប៉ុន្ដែបើប្រវត្តិឥណទានអ្នកឡើងដល់លេខ២ លេខ៣អាចបញ្ជាក់ថាប្រវត្តិឥណទានអ្នកមិនល្អដែលធ្វើឲ្យអ្នកពិបាកក្នុងការខ្ចីលុយធនាគារ។

ជុំវិញប្រវិត្តឥណទាន លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិរបស់CBCធ្លាប់លើកឡើងថាចំពោះប្រវិត្តដែលបង់សងមិនល្អឬបង់សងយឺតយ៉ាវ ប្រសិនយើងរៀបចំកាលវិភាគបង់សងទៅលើកម្ចីដែលធ្លាប់បង់សងយឺតយ៉ាវហើយធ្វើការបង់សងកម្ចីដែលធ្លាប់បង់យឺតយ៉ាវនោះឲ្យអស់ហើយបង់ឲ្យទៀតទាត់ នោះរយៈពេលណាមួយប្រវិត្តដែលអ្នកបង់សងមិនល្អឬដែលយើងនិយមហៅថា”ខូចCBC” នឹងត្រូវបានលុបចេញបញ្ជីដោយស្វ័យប្រវត្តិ។ ហើយជាទូទៅវាអាចត្រូវការពេលប្រហែលពី២ទៅ៣ឆ្នាំនៅក្នុងការស្ដារប្រវិត្តបង់សងអ្នកឲ្យល្អឡើងវិញហើយអ្នកក៏លែងខូចឈ្មោះក្នុងប្រព័ន្ធCBC ទៀតហើយនិងអាចមានលទ្ធភាពខ្ចីលុយពីធនាគារបានជាធម្មតាវិញដូចដើម។

និយាយឲ្យងាយយល់ដើម្បីស្ដារកេរ្តិ៍ឈ្មោះសម្រាប់អ្នកមានប្រវិត្តបង់សងមិនល្អឲ្យមកប្រវិត្តល្អឡើងវិញដើម្បីអាចមានលទ្ធភាពខ្ចីលុយធនាគារឡើងវិញនោះគឺចាប់ពីថ្ងៃនេះអ្នកតទៅអ្នកត្រូវព្យាយាមបង់សងកម្ចីឲ្យទាន់ពេលវេលា។ ត្រង់នេះទោះបីជាអ្នកធ្លាប់មានប្រវិត្តបង់សងមិនល្អកាលពី១ឆ្នាំ២ឆ្នាំមុនក្ដីឬ បង់សងយឺត៣០ឬ៩០ថ្ងៃក៏ដោយ ចាប់ពីថ្ងៃនេះអ្នកត្រូវចាប់ផ្ដើមបង់សងឲ្យទាន់ពេលវេលានោះមិនយូរមិនឆាប់កេរ្តិ៍ឈ្មោះនឹងល្អឡើងវិញ។ ជាទូទៅនៅក្នុងវិស័យធនាគារគេមើលពីប្រវតិ្តឥណទានយើងត្រឹមតែ២ទៅ៣ឆ្នាំចុងក្រោយប៉ុណ្ណោះដូច្នេះបើអ្នកចាប់ផ្ដើមបង់សងទៀតទាត់ទាន់ពេលវេលា ប្រហែល២ទៅ៣ឆ្នាំក្រោយប្រវិត្តបង់សងអ្នកនឹងល្អឡើងវិញ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia