កាន់តែពិសេសសម្រាប់ និយ័តករមូលបត្រកម្ពុជា ពីមន្ទីរពេទ្យអន្តរជាតិអរៀនដា
Srey NuthAUGUST 24 2023

នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ និយ័តករមូលបត្រកម្ពុជា និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការផ្តល់ជូនពិសេសលើសេវាកម្មសុខាភិបាលឯកជនដល់និយ័តករមូលបត្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា និង ឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃនិយ័តករមូលបត្រកម្ពុជា ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា មន្ត្រីនិយ័តករមូលបត្រកម្ពុជា និងបុគ្គលិកមន្ទីរពេទ្យអន្តរជាតិ អរៀនដា ។

 

Photo 2023 08 24 16 29 52

 

ឧកញ៉ា គួន ធីតា បានមានមតិស្វាគមន៍ថា “ មន្ទីរពេទ្យអន្តរជាតិអរៀនដា យើងខ្ញុំ​ផ្តល់​ការពិគ្រោះ​ ​និង​ព្យាបាល​ទៅលើ​ផ្នែក​ជាច្រើន​ដូចជា៖ ​ផ្នែកជំងឺលំបាកមានកូន  ​​សម្ភ​ព  ​រោគស្ត្រី  កុមារ​ ​ ជំងឺ​ទូទៅ​ ជំងឺទឹកនោមផ្អែម ជំងឺសើស្បែក ជំងឺធ្ងន់ទារក ផ្នែកថតឆ្លុះរូបភាពវេជ្ជសាស្ត្រ ផ្នែកមន្ទីរពិសោធន៌ ផ្នែកជំងឺធ្ងន់ធ្ងរ សង្គ្រោះបន្ទាន់ ២៤ ម៉ោង និងសេវាសង្គ្រោះបន្ទាន់តាមយន្តហោះពិសេស និងផ្នែក មួយទៀតដែលជាផ្នែកថ្មី និងដំបូងបង្អស់ នៅព្រះរាជាណាចក្រកម្ពុជា គឺផ្នែកប្រឆាំងភាពចាស់ ដែលយើងខ្ញុំមានក្រុមគ្រូពេទ្យជំនាញ មកពីបរទេស ដែលនឹងធ្វើការស្វែងរកភាពមិនប្រក្រតី និងអតុល្យភាពក្នុងរាងកាយអ្នកជំងឺ បន្ទាប់មកគ្រូពេទ្យនឹងរៀបចំវីតាមីនទៅតាមអាការៈអ្នកជំងឺ ដើម្បីអោយអ្នកជំងឺមានសុខភាពល្អទប់ស្កាត់ជំងឺ និងកាត់បន្ថយភាពចាស់។”

 

Photo 2023 08 24 16 28 44

 

ឧកញ៉ា គួន ធីតា បានបញ្ជាក់បន្ថែមថា “ នៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា យើងមានបន្ទប់សម្រាកសរុបចំនួន ១១១បន្ទប់។ ហើយអាគារនៃមន្ទីរពេទ្យ អន្តរជាតិអរៀនដា បានសាងសង់ឡើងស្របតាមរចនាបទតាមបែបអាផាតមិន ដើម្បីផ្តល់ជូនអតិថិជនដែលមកពិនិត្យ ព្យាបាល និងសម្រាកមានអារម្មណ៍កក់ក្តៅ ផាសុកភាព ប្រៀបដូចជាកំពុងសម្រាកនៅផ្ទះរបស់ខ្លួនអញ្ចឹង ។ ចំណែកឯ តម្លៃនៃការសម្រាលកូនដោយធម្មជាតិ នៅមន្ទីរពេទ្យអន្តរជាតិអរៀនដាយើងខ្ញុំគឺមានតម្លៃចាប់ពី ១០៩៩ដុល្លារតែប៉ុណ្ណោះ ដែលអតិថិជននឹងទទួលបាននូវកញ្ចប់សម្រាលដោយធម្មជាតិ ដ៏មានសុវត្ថិភាព គុណភាព និងផាសុខភាព ដែលមានវេជ្ជបណ្ឌិតឯកទេសនិងគិលានុបដ្ឋាយិកាជំនាញចូលរួមសម្រាលកូនរហូតដល់០៩នាក់ហើយអតិថិជន និងទទួលបានការថែមជូនដោយឥតគិតថ្លៃនូវ កញ្ចប់ពិនិត្យសុខភាពទូទៅ,កញ្ចប់ពិនិត្យសុខភាពកុមារ និងកញ្ចប់ប្រឹក្សាអាហារូបត្ថម្ភ រាល់ពេលដែលអតិថិជនជាវកញ្ចប់សម្រាលនេះ។”

 

Photo 2023 08 24 16 31 40

 

ចំពោះតម្លៃសេវាកម្មនៅមន្ទីរពេទ្យអន្តរជាតិអរៀនដា! ឧកញ៉ា គួន ធីតា បានឆ្លើយតបអោយបងប្អូនប្រជាពលរដ្ឋដឹងដោយបញ្ជក់ច្បាស់ៗថា៖ ពិតប្រាកដណាស់ មន្ទីរពេទ្យអន្តរជាតិ អរៀនដា ជាមន្ទីរពេទ្យឯកជនធំមួយក្នុងចំណោមមន្ទីរពេទ្យផ្សេងៗ ដែលមានស្តង់ដាអន្តរជាតិពេញលេញ ក្នុងព្រះរាជាណាចក្រកម្ពុជា ចំពោះតម្លៃបើធៀបទៅនឹងមន្ទីរពេទ្យគូប្រកួតប្រជែង ឬក៏មន្ទីរពេទ្យនៅប្រទេសជិតខាង ខ្ញុំអាចធានាបាន ថា នៅទីនេះ តម្លៃរបស់យើងគឺ សមរម្យជាងគេបំផុត សម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុក។ ដូចដែលខ្ញុំបានបញ្ជាក់ខាងលើគឺយើងចង់អោយប្រជាពលរដ្ឋទទួលបានសេវាកម្មដែលមានស្តង់ដារអន្តរជាតិនៅក្នុងស្រុកដោយមិនចាំបាច់ ចំណាយច្រើនក្នុងការចេញទៅក្រៅប្រទេស គឺ អាចទទួលយកសេវាកម្មមួយដ៍ល្អ មានសុវត្ថិភាព និងទំនុកចិត្តនៅទីនេះដោយផ្ទាល់។​ នាងខ្ញុំមានចក្ចុវិស័យដែលចង់អោយប្រជាជនខ្មែរទទួលបានសេវាកម្មដែលមានស្តង់ដាអន្តរជាតិ ដោយមិនចាំបាច់ ចំណាយច្រើនទៅក្រៅប្រទេសដើម្បីទទួលការព្យាបាល។ ជាពិសេសពីថ្ងៃនេះរហូតដល់ចុងខែសីហានេះ ចំពោះសេវាកម្មពិនិត្យសុខភាពទូទៅ យើងកំពុងមានការផ្តល់ជូនការបញ្ចុះតម្លៃពិសេស ៥០% ដោយ អតិថិជនចំណាយត្រឹមតែ២០០$ តែប៉ុណ្ណោះ នឹងទទួលបានកញ្ចប់ពិស្តារ មានការពិនិត្យរហូតដល់២៧មុខងារ នៃសារពាង្គកាយ និងជួបពិគ្រោះសុខភាពជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញជនជាតិបរទេស មានបទពិសោធន៍រហូតដល់២០ឆ្នាំ ហើយការបកប្រែលទ្ធផលថតគឺធ្វើឡើងនៅប្រទេសសិង្ហបុរី ដោយក្រុមហ៊ុន Medisol Solution ដែលជាក្រុមហ៊ុនថតឆ្លុះរូបភាពវេជ្ជសាស្ត្រឈានមុនគេនៅប្រទេសសិង្ហបុរី។

 

Photo 2023 08 24 16 28 53

 

ជាកិច្ចបន្ទាប់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ក៏បានមានមតិសំណេះសំណាល និងលើកឡើងថា “  ពិតជាមានសេចក្តីសោមន្សរីករាយណាស់ ក្នុងការសហការជាមួយមន្ទីរពេទ្យអន្តរជាតិអរៀនដា ដែលជាមន្ទីរពេទ្យឯកជនដ៏ធំមួយមានស្តង់ដារអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា។ ការសហការនេះ មិនមែនត្រឹមតែផ្តល់ជូនពិសេសលើសេវាកម្មសុខាភិបាលឯកជនសម្រាប់តែនិយ័តករមូលបត្រកម្ពុជានោះទេ គឺសម្រាប់មន្រ្ដីនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ទាំងអស់តែម្ដង។

 

Photo 2023 08 24 16 28 27

 

ជាកិច្ចបញ្ចប់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧកញ៉ាប្រធានក្រុមប្រឹក្សានៃមន្ទីរពេទ្យអន្តរជាតិអរៀនដា ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យអន្តរជាតិ​ អរៀនដា ដែលបានផ្តល់កញ្ចប់លើសេវាសុខភាព ជូនថ្នាក់ដឹកនាំនៃ

និយ័តករមូលបត្រកម្ពុជា មន្ត្រី និងសូមជូនពរជួបតែ វិបុលសុខ និងសមប្រកបនឹងពុទ្ធពរទាំង ៤ ប្រការគឺ អាយុ

វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

Photo 2023 08 24 16 34 16

 

Photo 2023 08 24 16 36 09

 

Photo 2023 08 24 16 36 41

 

Photo 2023 08 24 16 43 29

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia