បិតាច្នៃបង្កើតថ្មី Steve Jobs ថាមនុស្ស ១ប្រភេទនេះ ចេញទៅរកស៊ី៣ជាតិទៀត ក៏មិនជោគជ័យដែរ
Kan DaraJANUARY 5 20231.9 K views

នរណាក៏អាចចេញរកស៊ីបានដែរ តែមិនប្រាកដថាសុទ្ធតែជោគជ័យទេ។ អ្នកខ្លះឈូឆរចេញរកស៊ីតាមគ្នា ចេញទៅឲ្យគេស៊ី បោសគូទខោ របួសទ្រមខ្លួន ខ្លះចោលសាកសពស្អុយរលួយក្នុងរងើកភ្លើងសមរភូមិទីផ្សារសេរីរាងចាលមួយជីវិត នេះក៏ព្រោះតែឧបនិស្ស័យមនុស្សផ្សេងៗគ្នា។

ជុំវិញរឿងនេះ បិតាច្នៃបង្កើតថ្មី Steve Jobs ថាមានមនុស្ស ១ប្រភេទ ទោះចេញទៅរកស៊ី៣ជាតិទៀត ក៏មិនជោគជ័យដែរ។ នៅក្នុងបទសម្ភាសន៍មួយកាលពី១៥ឆ្នាំមុន បុរសធ្វើបដិវត្តន៍ពណ៌លើពិភពបច្ចេកវិទ្យារូបនេះបានលើកឡើងថា៖ «មនុស្សដែលចេញរកស៊ីដើម្បីតែលុយ ទោះប្រឹងធ្វើដល់ស្លាប់ទៅវិញក៏គ្មានថ្ងៃជោគជ័យដែរ»

និយាយក្នុងទឹកមុខមាំនិងខ្សែភ្នែកមុត លោក Steve Jobs បានថ្លែងយ៉ាងដូច្នេះថា៖ «បើអ្នកចង់បង្កើតក្រុមហ៊ុនមួយព្រោះចង់រកលុយឲ្យបានច្រើន ចូរបំភ្លេចវាចោលទៅ។ វាពុំមែនជាហេតុផលគ្រប់គ្រាន់ដើម្បីចាប់ផ្តើមទេ ខ្ញុំមិនដែលឃើញពួកគេជោគជ័យឡើយ»។ លោកបានបន្តទៀតថា៖ «មានតែរឿងម្យ៉ាងគត់ដែលអាចជោគជ័យបាននោះគឺ មនុស្សដែលចេញមកពីពេលខ្លះពួកគេមិនចង់បង្កើតក្រុមហ៊ុនទេ ពួកគេគ្រាន់តែមានគំនិតដ៏អស្ចារ្យមួយចង់ធ្វើវាឲ្យចេញជារូបរាងហើយបង្ហាញទៅកាន់ពិភពលោកប៉ុណ្ណោះ។ ហើយចួនកាល ពួកគេត្រូវតែបង្កើតក្រុមហ៊ុនពីព្រោះគ្មាននរណាម្នាក់ ព្រមទទួលស្តាប់គំនិតរបស់ពួកគេ»។

យ៉ាងណាមិញ ការចាប់ផ្តើមអាជីវកម្មមួយអាចជារឿងមិនសូវលំបាក តែការថែរក្សានិងចិញ្ចឹមជីវិតអាជីវកម្មនោះឲ្យរីកធំលូតលាស់ល្អទើបជារឿងដែលត្រូវគិតគូរខ្លាំងបំផុត។ បើចេញរកស៊ីដោយសារតែចង់ដេញចាប់លុយ នោះលុយនឹងរត់ចោលអ្នក។ ចូរចាប់ផ្តើមដោយយកបេះដូង គំនិត និងចក្ខុវិស័យច្របាច់បញ្ចូលគ្នា ផលិតចេញជាផលិតផលមួយដែលអាចធ្វើឲ្យពិភពលោកកាន់តែប្រសើរនោះអ្នកកំពុងដើរលើផ្លូវត្រូវហើយ ដូចពាក្យអ្នកនិពន្ធលក់ដាច់បំផុតលោក Zig Ziglar បានលើកឡើងថា៖ «អ្នកអាចមានអ្វីៗគ្រប់យ៉ាងដែលចង់បានក្នុងជីវិត ប្រសិនបើអ្នកគ្រាន់តែអាចជួយអ្នកដទៃឲ្យពួកគេទទួលបានអ្វីដែលខ្លួនចង់បាន»

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia