ពេលជាប់បំណុលជុំទិស ការរត់ចោលស្រុក ពុំមែនជាជម្រើសល្អឡើយ ហើយអាចប្រឈមមុខនឹងផ្លូវច្បាប់ធ្ងន់ធ្ងរទៀតផង។ ខាងក្រោមនេះ គឺជារឿងធំៗ២ ដែលអ្នកជំនាញណែនាំឲ្យធ្វើជាបន្ទាន់ ពេលជាប់បំណុលដោះមិនចេញ៖
១/. ចាត់ចែងកាបូបលុយឡើងវិញ៖ ការចំណាយមាន២ធំៗ គឺចំណាយចាំបាច់ និងមិនសូវចាំបាច់(សម្ភារៈនិយម និងការកំសាន្ត)។ ចាប់ផ្ដើមតាមដានការចំណាយប្រចាំខែ ដោយការកត់ត្រាគ្រប់យ៉ាងទាំងអស់ មិនថាចំនួនត្រូវបង់ធនាគារ ថ្លៃម្ហូបអាហារ ទឹកភ្លើង របស់ប្រើប្រាស់ចាំបាច់ ថ្លៃសាលាកូន ថ្លៃចំណាយផ្សេងៗរបស់កូនជាដើម។
បន្ទាប់មកព្យាយាមកាត់ការចំណាយតូចៗដែលមិនចាំបាច់ចេញឱ្យអស់តាមដែលអាចធ្វើទៅបាន។ ត្រូវលៃយ៉ាងណាឱ្យចំណាយតិចជាងចំណូល រួមទាំងត្រូវកាត់ចំណាយមិនចាំបាច់ចោលឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ដំណាក់កាលនេះអ្នកជំនាញណែនាំថា សំខាន់ឱ្យតែបានលុយបង់ធនាគារប្រចាំខែគ្រប់ ការចំណាយលើរបស់ផ្សេងៗផ្អាកគិត ត្រឹមតែមានបាយ៣ពេល បំពេញក្រពះសិនទៅបានហើយ។
២/. ចចារជាមួយម្ចាស់បំណុល៖ រឿងសំខាន់បន្ទាប់ គឺត្រូវចេះចចារជាមួយម្ចាស់បំណុល។ ទី១ ចចារជាមួយគាត់ទៅថាអ្នកមានអ្វីខ្លះ សងគាត់កន្លែងណា ពេលណា ហើយត្រូវប្រកាន់ពាក្យសច្ចៈ។ ទី២ កុំប្លុកលេខ កុំបិទទូរស័ព្ទ ជាពិសេសទៀតកុំប្លុកហ្វេសបុក ទុកឲ្យគាត់តាមដានរាល់សកម្មភាពរបស់អ្នក។ ក្នុងនោះ សម្រាប់អ្នកជាប់បំណុលធំ ស្រួលចចារទេព្រោះមានទ្រព្យបញ្ចាំស្រាប់។ អាចឲ្យម្ខាស់បំណុលដោះដូរ ឬចាត់ចែងទ្រព្យបញ្ចាំនោះតែម្តង បើអ្នកលែងមានលទ្ធភាព។ តែបើនៅមានលទ្ធភាពដែរ គួរដាក់លក់បណ្តើរៗ ហើយចាំចចារជាមួយម្ចាស់បំណុលក៏បាន។
ឧទារហរណ៍ អ្នកបានចចារជាមួយធនាគារឲ្យពន្យារការប្រាក់ ខាងធនាគារក៏ព្រមរយៈពេល ៦ខែ ទុកពេលឲ្យអ្នកមានដង្ហើមដក អាចរកលុយបន្តការបង់ទៀត។ រឿងពិតមួយដែលមិនអាចប្រកែកបាន ម្ចាស់បំណុលណាក៏ដូចម្ចាស់បំណុលណាដែរ គឺគេទុកឱកាសឲ្យកូនបំណុល ចង់ឃើញកូនបំណុលសងលុយវិញណាស់ មិនចង់ឲ្យជាប់គុបជាប់ច្រវាក់ទេ លើកលែងតែអស់ជម្រើសទើបមានករណីប្តឹងផ្តល់គ្នា។
យ៉ាងណាមិញ ការរត់គេចពីបំណុលពុំមែនជាមធ្យោបាយល្អឡើយ អ្វីគ្រប់យ៉ាងសុទ្ធសឹងតែមានដំណោះស្រាយ និងផ្លូវចេញដ៏ល្អប្រសើរ។ ដូច្នេះចូរស្វះស្វែងរកវិធីសាស្ត្រឲ្យមានប្រសិទ្ធភាពតាមដែលខ្លួនអាចធ្វើបាន ប្រសិនបើអ្នកព្យាយាមអស់លទ្ធិភាពហើយនៅតែរកច្រកចេញមិនឃើញទៀត អ្នកគួរតែទៅជួបអ្នកជំនាញដើម្បីឲ្យពួកគេជួយផ្តល់ដំបូន្មានប្រឹក្សាយោបល់ ឬយុទ្ធសាស្ត្រដើម្បីដោះស្រាយអ្វីដែលអ្នកកំពុងមានបញ្ហាប្រឈម៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook