សំណង់អគារដែលបន្សល់ពីសម័យអាណានិគមបារាំង នៅមានសេសសល់ច្រើន ជាពិសេសនៅរាជធានីភ្នំពេញ ខេត្តកំពត និងខេត្តបាត់ដំបង។ ប៉ុន្តែអគារទាំងនេះត្រូវបានជួសជុល និងអភិរក្សឡើងវិញធ្វើជាអគាររដ្ឋបាល សាលារៀន សណ្ឋាគារ ភោជនីយដ្ឋាន និងលំនៅឋានជាដើម។ ហើយថ្ងៃនេះ Business Cambodia នឹងលើកយកអគារចំនួន ២ ដែលមានអាយុកាលលើសពី ១០០ ឆ្នាំនៅកណ្ដាលទីក្រុងភ្នំពេញក៏ដូចជាលើកយករឿងរ៉ាវមួយចំនួននៅពីក្រោយអគារទាំង២នេះឲ្យមិត្ដអ្នកអានបានដឹង។
១. សណ្ឋានគារ HYATT REGENCY PHOM PENH
Hyatt Regency Phnom Penh គឺជាសណ្ឋាគារលំដាប់ផ្កាយ៥ដែលបានបន្សល់ទុកតាំងពីជំនាន់អាណានិគមបារាំងដែលមានអាយុកាល១០០ឆ្នាំមកហើយ។ អគារនេះត្រូវបានគេហៅថា Colonail House ដោយកាលពីដើមឡើយគឺជាដំណាក់របស់ម្ចាស់ក្សត្រីខ្មែរមួយអង្គនៅដើមទស្សវត្ស៍រឆ្នាំ១៩០០។ ហើយបច្ចុប្បន្ន Colonail House ត្រូវបានជួសជុលក៏ដូចជាអភិរក្សឡើងវិញទៅជាសណ្ឋាគារផ្កាយ ៥ ដែលមានឈ្មោះថា Hyatt Regency Phom Penh។ អគារនេះត្រូវបានរក្សានៅទម្រង់ដើមរបស់សម័យបារាំងស្ទើរតែទាំងស្រុងហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍សូម្បីតែឥដ្ឋការ៉ូក៏នៅរក្សាទ្រង់ទ្រាយដើមបានយ៉ាងល្អផងដែរ។ នៅពីក្រោយអគារនេះគឺមានអគារមួយទៀតដែលមានកម្ពស់ ១៤ ជាន់ដោយមានបន្ទប់សរុបចំនួន ២៤៧ បន្ទប់ ព្រមជាមួយនឹងសេវាកម្ម ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ ស្ប៉ា បន្ទប់ប្រជុំ អាងហែលទឹក និង Skybar ដែលអាចមើលឃើញទេសភាពនៃព្រះបរមរាជវាំង ទន្លេមេគង្គ និងទន្លេសាបផងដែរ។
២. PALAIS DE LA POSTE ( ធនាគាឥណ្ឌូចិន)
ដើមឡើយអគារនេះគឺជាធនាគារឥណ្ឌូចិននៅក្នុងសម័យអាណានិគមបារាំង ដែលនៅសម័យកាលនោះគេហៅថាអគាររដ្ឋបាលបារាំង។ អគារនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ១៨៦០ បើគិតមកដល់បច្ចុប្បន្នគឺមានអាយុកាលជាង១៥០ឆ្នាំមកហើយ។ អគារនេះត្រូវបានកាន់កាប់ជាច្រើនជំនាន់រហូតដល់២០០២ ដែលជាការកែប្រែចុងក្រោយ អគារនេះបានក្លាយទៅជាភោជនីយដ្ឋានមួយដែលមានឈ្មោះថា Palais De Poste ។ ហើយពេលនេះអតីតធនគារឥណ្ឌូនចិនមួយនេះត្រូវបានជួសជុលឡើងវិញដោយរក្សាទម្រង់ដើមស្ទើរតែ ១០០ ភាគរយ មិនថាទ្វារចេញចូលឬក៏បន្ទប់នៅក្នុងអគារនេះនោះទេ សូម្បីតែជណ្ដើរក៏រក្សានៅទ្រង់ទ្រាយដើមដែរ ដោយគ្រាន់បន្ថែមពណ៌និងជួសជុលផ្នែកខ្លះៗដើម្បីធ្វើឱ្យអគារនេះកាន់តែមានសម្រស់ជាងមុនតែប៉ុណ្ណោះ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ