លោកឧកញ៉ា ហួត អៀងតុង គឺជាសហស្ថាបនិករបស់ ហត្ថាកសិករ លីមីតធីត ក្នុងឆ្នាំ ១៩៩៤ ហើយបានដឹកនាំស្ថាប័ននេះចាប់តាំងពីពេលនោះមក។ ក្រោយមក ហត្ថាកសិករ លីមីតធីត ក៏បានវិវត្តន៍ខ្លួនមកជាធនាគារពាណិជ្ជនៅក្នុងឆ្នាំ២០២០។ ក្រឡែកមកមើលពីក្បាលម៉ាស៊ីនដឹកនាំដ៏សំខាន់ របស់ធនាគារនេះវិញគឺ លោកឧកញ៉ា ហួត អៀងតុង មានបទពិសោធន៍ច្រើនជាង ៣០ឆ្នាំ លើវិស័យហិរញ្ញវត្ថុដែលជាកត្តាធ្វើឱ្យលោក ក្លាយជាប្រតិបត្តិករយ៉ាងប៉ិនប្រសប់ទាំងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុនៅក្នុងស្ថាប័ន។ រំលឹកទៅកាន់ប្រវត្តិសិក្សាររបស់លោកបន្តិច បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញកសិកម្មនៅឆ្នាំ ១៩៩១ លោកក៏បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតរដ្ឋបាល និងគ្រប់គ្រងអាជីវកម្មផងដែរ។ ពិសេសជាងនេះទៅទៀត លោកធ្លាប់ចូលរួមសិក្ខាសាលាជាច្រើននៅក្រៅប្រទេស ពាក់ព័ន្ធនឹងវិស័យមីក្រូហិរញ្ញវត្ថុ ដូចជានៅប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី បារាំង អាល្លឺម៉ង់ និងប្រទេសជាច្រើនទៀត។
ក្នុងនាមជាមេដឹកនាំមួយរូប លោកមានក្ដីស្រមៃចង់បង្កើតការងារឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ទៅដល់ប្រជាជនកម្ពុជា និងធ្វើឱ្យសហការីដែលរួមដំណើរ អាចរស់នៅយ៉ាងមានសុខមាលភាពជាមួយនឹងអាជីវកម្មដែលលោកបង្កើតផងដែរ។
ទាក់ទិននឹងគន្លឹះនៃភាពជោគជ័យ លោកបានឱ្យតម្លៃខ្ពស់បំផុតលើ ការតាំងចិត្ត ការខំប្រឹង ការតស៊ូ ព្យាយាម អំណត់ជានិច្ច ព្រោះលោកជឿថាវានឹងអាចផ្លាស់ប្ដូរជីវិតមនុស្សឱ្យផ្លាស់ប្ដូរពីអ្នកក្រ ក្លាយជាអ្នកមានផងដែរ។ លោកជឿជាក់ថាប្រសិនបើមនុស្សអាចធ្វើរឿងទាំងនេះបានល្អ ធ្វើជាប្រចាំគាត់នឹងមិនក្ររហូតនោះទេ ព្រោះជាទស្សនៈប្រចាំជីវិតលោកគឺ អ្នកមានមិនដែល៣ត ក្រមិនដែល៣ជាតិនោះដែរ។
គួរជម្រាបថា នាពេលបច្ចុប្បន្ន ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារ ក្រុងស្រ៊ី។ ធនាគារ ក្រុងស៊្រី (ធនាគារ អាយុធ្យា ម.ក និង ក្រុមហ៊ុនជាបុត្រសម្ព័ន្ធ) គឺជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃ ដោយយោងលើទំហំទ្រព្យសកម្ម ផលប័ត្រឥណទាន និងប្រាក់បញ្ញើសន្សំ និងជាធនាគារមួយក្នុងចំណោមធនាគារ D-SIBs ចំនួនប្រាំ ដែលបានធ្វើប្រតិបត្តិការអាជីវកម្មជូនអតិថិជនរបស់ខ្លួនអស់រយៈពេល ៧៥ ឆ្នាំ មកហើយនៅក្នុងព្រះរាជាណាចក្រថៃ។ ធនាគារ ក្រុងស៊្រី គឺជាសមាជិកយុទ្ធសាស្ត្ររបស់សម្ព័ន្ធហិរញ្ញវត្ថុ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបង្អស់នៅជប៉ុន៕
ចង់ពូកែរកស៊ី ចង់រៀនគំនិតរកស៊ីល្អពិសេសជាច្រើនរាល់ថ្ងៃឥតគិតថ្លៃ សូមចុចទីនេះ https://bit.ly/3FMWfb9