យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN EXPRESS កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ប្រទេសអាឡឺម៉ង់បានចេញការព្រមានអំពីផលិតផលមីកញ្ចប់ដែលនាំចូលពីប្រទេសវៀតណាមមួយចំនួន ដែលមានផ្ទុកនៅសារធាតុម្យ៉ាងឈ្មោះថា អេទី ឡែនអុកស៊ីដ លើសកម្រិត ដែលជាសារធាតុ ត្រូវបានហាមឃាត់ក្នុងការដាក់ចូលក្នុងចំណីអាហារច្រើនលើស។
ប្រភពខាងលើដដែលបានឱ្យដឹងទៀតថា អាជ្ញាធរវៀតណាម ក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ខ្លួនបានទទួលការព្រមានពីសហភាពអឺរ៉ុប ដែលទាក់ទងទៅនឹងផលិតផលមីកញ្ចប់មួយចំនួន ដែលជាអាជីវកម្មនាំចេញរបស់ប្រទេសវៀតណាម។
ជាមួយគ្នានោះដែរ ប្រទេសអាឡឺម៉ង់បានចេញការព្រមានអំពីផលិតផលមីកញ្ចប់ដែលមាន រសជាតិសាច់មាន់ ផលិតដោយក្រុមហ៊ុន Asiafoods ដែលផ្ទុកកម្រិតអេទីឡែនអុកស៊ីដខ្ពស់ជាងស្តង់ដារសហភាពអឺរ៉ុបរហូតទៅដល់ ២ ទៅ ៣ ដង។
គួរបញ្ជាក់ថា សារធាតុអេទីឡែនអុកស៊ីដ គឺជាសារធាតុម្យ៉ាងដែលធ្វើឱ្យអាហារមានក្លិនឈ្ងុយ ហើយបង្ករគ្រោះថ្នាក់ ដែលមានរោគសញ្ញាដូចជា ឈឺក្បាល វិលមុខ ហើយនឹងអាចប្រកាច់ សន្លប់ បន្ថែមពីនេះវាក៏ធ្វើឱ្យរលាកស្បែកនិងផ្លូវដង្ហើម។
អត្ថបទដោយ៖ នៅ ថាត់សណា