អ្នកជំនាញ៖ អចលនទ្រព្យ ៣ ប្រភេទនេះសាកសមបំផុតសម្រាប់អ្នកចេញវិនិយោគថ្មីថ្មោង
Bunthoeun KoemFEBRUARY 14 202543 views

ការវិនិយោគអចលនទ្រព្យ គឺជាផ្លូវដ៏សំខាន់មួយដែលជួយឲ្យមនុស្សអាចកសាងភាពមានបាន ហើយបច្ចុប្បន្នមនុស្សមិនតិចនោះទេដែលចង់ប្រឡូកចូលទៅក្នុងការវិនិយោគវិស័យមួយនេះ។ យ៉ាងណាការវិនិយោគអចលនទ្រព្យមិនមែនចេះតែទទួលបានលទ្ធផលល្អនោះទេ ដោយវាតម្រូវឲ្យយើងសិក្សាស្វែងយល់ និងជ្រើសរើសប្រភេទអចលនទ្រព្យឲ្យបានត្រឹមត្រូវទើបការវិនិយោគទទួលបានផ្លែផ្កា និងមិនជួបហានិភ័យ។

ទាក់ទងការវិនិយោគនេះផងដែរ លោក ច្រឹក សុខនីម ដែលជាអ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា បានលើកទឹកចិត្ដដល់អ្នកចូលប្រឡូកក្នុងការវិនិយោគវិស័យអចលនទ្រព្យថ្មីថ្មោង គួរចាប់ផ្ដើមពីការវិនិយោគអចលនទ្រព្យប្រភេទផ្ទះ ខុនដូ ឬដី ជាមុនគឺជាការល្អ។ ប៉ុន្ដែក៏ត្រូវចេះបត់បែនទៅតាមស្ថានភាពរបស់ខ្លួន​ និងជ្រើសយកអចលនទ្រព្យណា ដែលអាចទាញចំណូលប្រចាំខែបាន។

ថ្លែងប្រាប់ Business Cambodia លោក ច្រឹក សុខនីម បានមានប្រសាសន៍ដូច្នេះថា «សម្រាប់ខ្ញុំ ខ្ញុំលើកទឹកចិត្ដឲ្យពួកគាត់វិនិយោគអចលនទ្រព្យទាំងឡាយណាដែលទទួលបានចំណូលខ្លះមកវិញ។ ហើយជាទូទៅចំណូលដែលខ្ពស់គឺនៅលើខុនដូ ផ្ទះ ឬក៏ដី តែដីចំណូលតិច ប៉ុន្ដែផ្ទះ និងខុនដូមានចំណូលខ្ពស់»

លោកបានលើកឡើងថា ខុនដូជាទូទៅតម្លៃប្រមាណ ៥ ម៉ឺនដុល្លារឡើងទៅ។ ឧទាហណ៍៖ បើយើងដាក់ជួលបានចំណូលពី ១០០០ ដុល្លារ ឬ ៨០0 ដុល្លារក្នុងមួយខែ យើងនឹងអាចមកលុយនោះមកបង្វិលសងធនាគារបាន បើសិនជាខ្ចីលុយធនាគារមកទិញអចលនទ្រព្យនេះ។ ប៉ុន្ដែបើទិញដោយលុយខ្លួនឯងផ្ទាល់ គឺយើងអាចយកចំណូលដែលទទួលបានពីការជួលនោះទៅវិនិយោគអចលនទ្រព្យផ្សេងទៀតបាន។

លោកបន្ដថា ពេលយើងនៅក្មេងហើយចាប់ផ្ដើមវិនិយោគ ពេលណាអត់មានចំណូលថេរមួយនោះទេ គឺ ពិបាកណាស់ ប្រសិនបើជួបឧបសគ្គអ្វីមួយយើងនឹងមានភាពស្មុគស្មាញ ដែលអាចធ្វើឲ្យបាក់ទឹកចិត្ដ និងមានបញ្ហាប្រឈមក្នុងការងារជាដើម។ ដូច្នេះប្រសិនបើយើងវិនិយោគអចលនទ្រព្យណាដែលមានចំណូលគឺល្អ។ ទិញខុនដូលក់ទៅវិញអត់បានថ្លៃមែន តែយើងអាចដាក់ជួលបានក្នុងតម្លៃខ្ពស់។  

លោកបន្ថែមថា បើគិតលើចំណេញគឺមិនខុសគ្នាទេ គ្រាន់តែមួយរកចំណូលបានរាល់ខែ មួយទៀតអត់រកបានចំណូល ប៉ុន្ដែដីអាចចំណេញច្រើននៅពេលលក់ ហើយដីភាគច្រើនទាល់តែអ្នកសល់លុយបានគេវិនិយោគ។ បើយើងថ្មីថ្មោងហើយលុយមិនគ្រប់ខ្ចីលុយគេទៅទិញដី ភាគច្រើនជួបឧបសគ្គ ប៉ុន្ដែបើគិតថាយើងមិនប្រើប្រាស់ទុន (អត់ខ្ចីលុយធនាគារ) អត់អីនោះទេ ព្រោះមិនចាំបាត់ត្រូវសងធនាគារ អ៊ីចឹងបើសិនមានលុយគ្រប់ទិញដីក៏មិនអីដែរ។ លោក ច្រឹក សុខនីម បានសង្កត់ធ្ងន់ដែរថា ការវិនិយោគគឺវាអាស្រ័យទៅលើលទ្ធផលបុគ្គលជាក់ស្ដែង និងការស្វែងយល់ឲ្យបានច្បាស់៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia