ជាទូទៅ ពេលបងប្អូនចង់ទៅខ្ចីលុយធនាគារក្នុងចំនួនទឹកប្រាក់ច្រើន គឺខាងធនាគារគេតម្រូវឲ្យបងប្អូនដាក់ទ្រព្យធានា លើកលែងតែកម្ចីផ្ទាល់ខ្លួនដែលគ្រឹះស្ថានមួយចំនួនធំគឺមិនត្រូវការទ្រព្យធានាឡើយ។
ទាក់ទងនឹងទ្រព្យធានាសម្រាប់ខ្ចីលុយធនាគារនេះដែរ ចុះប្រសិនបងប្អូនគ្មានទ្រព្យធានា តែមានលុយនៅក្នុងកុងធនាគារ តើអាចប្រើប្រាស់ប្រាក់សន្សំនៅធនាគារដើម្បីធ្វើជាទ្រព្យបញ្ចាំខ្ចីលុយធនាគារបានដែរឬទេ?
ជុំវិញរឿងនេះ លោកស្រី សុខ សោភា នាយិការប្រតិបត្តិជន់ខ្ពស់ទីផ្សារនៃធនាគារ អេស៊ីលីដា បានឲ្យដឹងថា បើយើងគ្មានទ្រព្យបញ្ចាំ ប៉ុន្ដែយើងមានលុយនៅក្នុងលុងធនាគារគឺយើងអាចប្រើប្រាស់ប្រាក់សន្សំនោះដើម្បីទៅខ្ចីលុយធនាគារបន្ថែមបាន។
លោកស្រីបានបន្តទៀតថា ដើម្បីអាចប្រើប្រាស់ប្រាក់សន្សំនៅធនាគារ ធ្វើជាទ្រព្យបញ្ចាំខ្ចីលុយធនាគារ ដំបូងបងប្អូនត្រូវប្រាប់ធនាគារនូវចំនួនទឹកប្រាក់ដែលបងប្អូនចង់ខ្ចីនិងគោលបំណងថាតើខ្ចីលុយនោះក្នុងគោលបំណងដើម្បីធ្វើអ្វី។
លោកស្រីបានបង្ហើបទៀតថា ប្រសិនបើបងប្អូនមាន៥ពាន់ដុល្លារក្នុងកុងធនាគារ ហើយបូកផ្សំនឹងចំណូលទៀងទាត់ទៀតនោះ បងប្អូនអាចខ្ចីលុយធនាគារបានច្រើនជាង៥ពាន់ដុល្លារទៅទៀតជាមួយនឹងអត្រាការប្រាក់ទាក់ទាញផងដែរ៕