អ្នកឧកញ៉ា គិត ម៉េង បើកការដ្ឋានសាងសង់ជាផ្លូវការរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា
Daneth MechOCTOBER 17 2024

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​អ្នកឧកញ៉ា គិត ម៉េង កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការរោងចក្រថាមពលអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិដែល​មានអានុភាព ៩០០មេហ្គាវ៉ាត់ ក្នុងតម្លៃទុនវិនិយោគប្រមាណ ១,៣៥ពាន់លានដុល្លារអាម៉េរិក ដែលមានទីតាំងស្ថិតនៅ ស្រុកបុទមសាគរ ខេត្តកោះកុង។

ពិធីបើកការដ្ឋានសាងសង់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ​ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រួមជាមួយភ្ញៀវកិត្តិយ​សជាច្រើនរូបផងដែរ។

Photo 2024 10 17 13 28 12

Photo 2024 10 17 13 28 09

ឯកឧត្តម កែវ រតនៈ​ បានមានប្រសាសន៍ថា​ ការជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនីឱ្យបានត្រឹមត្រូវ រីកចម្រើនឆាប់រហ័សដើម្បីឈានទៅសម្រេចបាន “ការផ្គត់ផ្គង់ថាមពលមួយគ្រប់គ្រាន់ប្រកបដោយ ចីរភាព ស្ថិរភាព គុណភាព និងមានថ្លៃកាន់តែសមរម្យ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា” គឺជាគន្លឹះដ៏សំខាន់ក្នុងការជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេស និងជួយបង្កើនសុខដុមនីយភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ។

Photo 2024 10 17 13 28 05

រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ នឹងត្រូវបានបំពាក់ដោយទូរប៊ីន ៤៥០មេហ្គាវ៉ាត់ ចំនួនពីរដោយទូរប៊ីនទីមួយនឹងផលិតថាមពលចាប់ពីខែមេសា ឆ្នាំ ២០២៧ ចំណែ​ក​ទូរប៊ីនទីពីរ នៅខែធ្នូ ឆ្នាំ ២០២៧តទៅ។​

​អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា៖ «វាជាឱកាសមួយដ៏មានមោទនភាពមួយសម្រាប់រូបលោកផ្ទាល់ ដែលគម្រោងនេះ នឹងក្លាយរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ ដែលបង្កើតឡើងដំណើរការ និងគ្រប់គ្រងផ្ទាល់ដោយកម្ពុជា ១០០%»។

Photo 2024 10 17 13 28 11

បន្ថែមពីលើរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ គម្រោងនឹងរួមបញ្ចូលនូវចំណតកំពង់ផែសម្រាប់ផ្ទុកឧស្ម័នធម្មជាតិ (LNG) ចេញពីកប៉ាល់ដែលមានលទ្ធភាពផ្ទុក ១៨៥.០០០ម៉ែត្រគូប ធុងផ្ទុក LNG ដែលមានលទ្ធភាពផ្ទុក ២០ម៉ឺនម៉ែត្រគូប និងខ្សែបញ្ជូន ៣៦គីឡូម៉ែត្រ ២៣០kV ផងដែរ​។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ ការគាំទ្រកន្លងមក។ គម្រោងនេះត្រូវបានអនុម័តដោយទីស្តីការគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២៤។

លោក Pianka Thomas Joseph អគ្គនាយកក្រុមហ៊ុន Royal Group Power បានថ្លែងថា រោងចក្រនេះនឹងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ហើយវានឹងផលិតថាមពលអគ្គិសនីបានស្មើ​នឹង២៦%នៃថាមពលក្នុងស្រុកនៅកម្ពុជា។ ម៉ាស៊ីនទាំងអស់នឹងផលិតអគ្គិសនីបានប្រមាណ ៦ លានគីឡូវ៉ាត់ម៉ោងជារៀងរាល់ឆ្នាំសម្រាប់លក់ឱ្យអគ្គិសនីកម្ពុជា (EDC) ក្រោមកិច្ចព្រមព្រៀងថាមពលរយៈពេល ៣០ ឆ្នាំ។ គម្រោងនេះនឹងជួយគាំទ្រដល់ការបង្កើតចំណែកថាមពលស្អាតរហូតដល់៧០%នៃផលិតកម្មក្នុងស្រុកនៅក្នុងឆ្នាំ២០៣០។

Photo 2024 10 17 13 28 14

Photo 2024 10 17 13 28 17

អំឡុងពេលសាងសង់រោងចក្រនេះ​ នឹង​ផ្ដល់ការងារចំនួន ២០០០ កន្លែង ហើយបន្ទាប់ពីរោងចក្រដំណើរការ នឹងត្រូវបានផ្តល់ការងារចំនួន ៣០០ កន្លែងផងដែរ។

ឯកឧត្តម កែវ រតនៈ បានកោតសរសើរចំពោះអ្នកឧកញ៉ា គិត ម៉េង ដែលបានបង្កើតគម្រោងវិនិយោគលើវិស័យថាមពលជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ជាលើកទីពីរនេះ ដែលដើរដោយឧស្ម័នធម្មជាតិដំបូងគេ និងធំជាងគេនៅកម្ពុជា បន្ទាប់ពីជោគជ័យលើគ្រោងវិនិយោគជាប្រវត្តិសាស្ត្រលើកទី១ គឺវារីអគ្គិសនីសេសានក្រោម ២កម្លាំង ៤០០មេហ្គាវ៉ាត់ ដែលជាប្រភពថាមពលស្អាតធំជាងគេបំផុតនៅកម្ពុជា​ នាពេលបច្ចុប្បន្ន។

Photo 2024 10 17 13 28 01

Photo 2024 10 17 13 28 04

រ៉ូយ៉ាល់ គ្រុប គឺជាក្រុមហ៊ុនដើរតួនាទីយ៉ាងសកម្មក្នុងការផ្លាស់ប្តូរថាមពលរបស់កម្ពុជា។ នៅក្នុងឆ្នាំ ២០១៧ រោងចក្រវារីអគ្គិសនីសេសានក្រោមពីរ ដែលមានអនុភាព ៤០០មេហ្គាវ៉ាត់ នៅខេត្តស្ទឹងត្រែងបាន ចាប់ផ្តើមដំណើរការ។ ហើយមកទល់នឹងថ្ងៃនេះ រោងចក្រនោះនៅតែជាប្រភព ថាមពលស្អាតដ៏ធំបំផុត របស់កម្ពុជា។

លើសពីនេះ រ៉ូយ៉ាល់គ្រុប កំពុងសិក្សារួមគ្នាលើគម្រោង VRE ចំនួន ៣០០មេហ្គាវ៉ាត់ ដែលគាំទ្រដោយ BESS ជិត ១០០មេហ្គាវ៉ាត់។ ក្រៅពីនេះក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏ធ្វើការយ៉ាងសកម្មផងដែរជាមួយដៃគូថាមពលអន្តរជាតិផ្សេងៗទៀត ជាពិសេសក្រុមហ៊ុន The Blue Circle ដែលបានទទួលការអនុញ្ញាតកាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ ដើម្បីបណ្តាក់ទុនរួមគ្នានូវគម្រោងថាមពលខ្យល់ពីរដំណាក់កាល នៅក្នុងខេត្តមណ្ឌលគិរី ដែលមានសមត្ថភាពសរុប ២៥០មេហ្គាវ៉ាត់ ហើយយើងក៏កំពុងស្វែងរកការអភិវឌ្ឍរួមគ្នាផលិតថាមពលដើរ ដោយពន្លឺព្រះអាទិត្យ អានុភាព ២០០មេហ្គាវ៉ាត់ ដោយសហការជាមួយក្រុមហ៊ុន TotalEnergies៕

Photo 2024 10 17 13 28 15

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia