អេស៊ីលីដា គឺជាធនាគារពាណិជ្ជមួយ ដែលបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងបានចូលរួមអភិវឌ្ឍន៍អាជីវកម្មគ្រប់ប្រភេទចាប់តាំងពី ឆ្នាំ១៩៩៣ មកទល់នឹងបច្ចុប្បន្ននេះ។ ធនាគារនេះ ជាប់ឈ្មោះជាកំពូលធនាគារដ៏ធំបំផុតមួយ នៅក្នុងចំណោមធនាគារធំៗមួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជា។ ក្រោមនេះ គឺជាកំពូភាគហ៊ុនិកធំៗ ទាំង៩ ដែលឈរនៅពីក្រោយភាពរឹងមាំរបស់ធនាគារ អេស៊ីលីដា កន្លងមក។
ទី១. AFT មានទុនជាសាច់ប្រាក់ ជាង ១១១លានដុល្លារ (២៥,៧%)
អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ (AFT) គឺជាអ្ននបន្តវេនពី អង្គការ អេស៊ីលីដា ដែលធ្វើសកម្មភាពជាប្រយោជន៍ដល់ជនទូទៅ និងមិនអនុវត្តគោលបំណងចម្បង ដើម្បីផលប្រយោជន៍ពាណិជ្ជកម្មឯកជនផ្ទាល់ខ្លួនឡើយ។
ទី២. SMBC មានទុនជាសាច់ប្រាក់ ជាង ៧៨លានដុល្លារ (១៨%)
SUMITO MITSUI BANKING CORPORATION (SMBC) គឺជាធនាគារជប៉ុនធំមួយ ដែលប្រតិបត្តិការទូទាំងពិភពលោក។ SMBC ប្តេជ្ញាធ្វើការឆ្ពោះទៅគោលដៅរបស់ខ្លួន គឺ "ពន្លឿនយុទ្ធសាស្ត្រផ្តោតលើអាស៊ី" ។ SMBC បានវិនិយោគធនធានរបស់ខ្លួនយ៉ាងសកម្មក្នុងប្រទេសជាច្រើននៅតំបន់អាស៊ី ដែលមានសក្តានុពលរីកចម្រើនខ្លាំង ។ ដើម្បីផ្តល់ជូនអតិថិជនរបស់ធនាគារ អេស៊ីលីដា ទទួលបាននូវសេវាកម្មហិរញ្ញវត្ថុសមាហ័រណកម្មបានល្អប្រសើរ SMBC បានផ្តល់អ្នកជំនាញជាន់ខ្ពស់មកបម្រើការជាទីប្រឹក្សានៅក្នុងផ្នែកសាជីវកម្មអន្តរជាតិរបស់ធនាគារ អេស៊ីលីដា ចាប់តាំងពីឆ្នាំ២០១៣ មក។
ទី៣. CFIBRED មានទុនជាសាច់ប្រាក់ ជាង ៥២លានដុល្លារ (១២.១២%)
COFIBRED គឺជាបុត្រសម្ព័ន្ធពេញលេញរបស់ BRED BanquePopulaire ។ ភាគហ៊ុនរបស់ Cofibred បានមកពីបុត្រសម្ព័ន្ធ និងស្ថាប័នដែលពាក់ព័ន្ធចំនួនជាង ៤៥ ក្នុងវិស័យធនាគារ ធានារ៉ាប់រង អ៊ីខុមមើស និង/ឬក្រុមហ៊ុនហិរញ្ញវត្ថុ ។ បុត្រសម្ព័ន្ធ និងស្ថាប័នដែលពាក់ព័ន្ធទាំងនេះស្ថិតនៅទូទាំងពិភពលោក ។
ទី៤. ORIX មានទុនជាសាច់ប្រាក់ ជាង ៥២លានដុល្លារ (១២.១២%)
ORIX គឺជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុ និងវិនិយោគ និងធ្វើប្រតិបត្តិការអាជីវកម្មលើ៦វិស័យ រួមមាន៖ សេវាកម្មហិរញ្ញវត្ថុ សាជីវកម្ម ភតិសន្យាហិរញ្ញវត្ថុ អចលនទ្រព្យ វិនិយោគ និងប្រតិបត្តិការសេវាលក់រាយ និងអាជីវកម្មក្រៅប្រទេស ។
ទី៥. ភាគហ៊ុនដែលធ្វើនិយ័ត្នកម្មពី ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី មានទុនជាសាច់ប្រាក់ ជាង ៨៩.៨លានដុល្លារ (២០.៧៤%)
ជាភាគហ៊ុនដែលតម្រូវឱ្យធ្វើនិយ័ត្នកម្ម ពីក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី។
ទី៦. ភាគហ៊ុនិកសាធារណៈ មានទុនជាសាច់ប្រាក់ជាង ២១.៦៧លានដុល្លារ (៥%)
ភាគហ៊ុនសាធារណៈ គឺជាភាគហ៊ុនិក ដែលបានទិញភាគហ៊ុន ធនាគារ អេស៊ីលីដា ដែលបានបោះផ្សាយលក់នៅលើផ្សារមូលបត្រកម្ពុជា ក្នុងដំណាក់កាលបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ លើកដំបូងជាសាធារណៈ។
ទី៧. NHTPE Rumdul មានទុនជាសាច់ប្រាក់ជាង ១៥លានដុល្លារ (៣.៥%)
NHTPE Rumdul មកពីពាក្យពេញថា NORTH HAVEN THAI PRIVATE EQUITY RUMDUL COMPANY (HONG KONG) LIMITED។
ទី៨. TMF មានទុនជាសាច់ប្រាក់ជាង ៦.២លានដុល្លារ (១.៤៤%)
Triodos Microfinance Fund (TMF) បានបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ និងជាមូលនិធិបើកដោយមានភាគហ៊ុន របស់អ្នកវិនិយោគ អ្នកមានទ្រព្យសម្បត្តិច្រើន និងអតិថិជនធនាគារឯកជននៅពាសពេញទ្វីបអឺរ៉ុប ។ សកម្មភាពចម្បងរបស់មូលនិធិនេះ ផ្តោតលើការបង្កើតស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារធុនតូច និងមធ្យម ដែលមានឯកសារបញ្ជាក់ត្រឹមត្រូវ ។
ទី៩. TFSF មានទុនជាសាច់ប្រាក់ជាង ៥.៣៦លានដុល្លារ (១.២៣%)
Triodos Fair Share Fund (TFSF) (គ្រប់គ្រងដោយ Legal Owner Triodos Funds B.V.) បានបង្កើតឡើងនាឆ្នាំ២០០២ ក្នុងប្រទេសហុល្លង់ដ៍ គឺជាមូលនិធិដំបូងគេបង្អស់ និងដ៏កម្រនៅក្នុងពិភពលោក ដែលផ្តល់ឱកាសដល់សាធារណជនទូទៅក្នុងការវិនិយោគក្នុងស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារធុនតូច និងមធ្យម ។
សូមជម្រាបផងដែរថា សព្វថ្ងៃនេះធនាគារ អេស៊ីលីដា មាន បណ្ឌិត អ៊ិន ចាន់នី ជាអភិបាល ព្រមទាំងជានាយកប្រតិបត្តិ គ្រប់គ្រង និងដឹកនាំធនាគារទាំងមូល។ រហូតមកដល់ពេលនេះ អេស៊ីលីដា មានភាគហ៊ុនសរុបជាង ៤៣៣លានដុល្លារ ជាមួយនឹងទ្រព្យសកម្មជាង ៧.៨ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២១៕
អត្ថបទដោយ៖ សូ សុខលី