ការទិញផ្ទះគឺជាគោលដៅធំបំផុតមួយ ក្នុងចំណោមគោលដៅផ្សេងៗទៀត សម្រាប់ជីវិតមនុស្សម្នាក់ៗ ហើយសព្វថ្ងៃនេះគេកម្រប្រើលុយទាំងដុលទៅទិញផ្ទះណាស់ ជាពិសេសផ្ទះធំៗនៅតាមបុរីជាដើម គេសុខចិត្តធ្វើប្រើវិធីបង់រំលស់ជាមួយធនាគារជំនួសវិញ។
ជាក់ស្ដែងការបង់រំលស់អាចជួយសម្រួលដល់ការទិញផ្ទះ រួមទាំងជួយឱ្យអ្នកឆាប់បានផ្ទះនៅជាជាងការចំណាយពេលសន្សំយកលុយមកទិញទាំងដុល ប៉ុន្តែបើហ៊ានតែប្រហែសបន្តិច វានឹងក្លាយជាបំណុលរុំកោះមិនខានឡើយ។ ខាងក្រោមនេះជាគន្លឹះសាមញ្ញ៥ អាចជួយការពារកម្ចីទិញផ្ទះមិនឱ្យក្លាយជាបំណុលវ័ណ្ឌក៖
១. ផ្ដាច់បំណុលអស់សិន៖ ចំណុចដំបូងនិងសំខាន់បំផុតគឺ អ្នកត្រូវធានាថាខ្លួនឯងរួចផុតពីចំណងបំណុលទាំងអស់ មិនថាតិចឬច្រើនឡើយ។ ព្រោះថាកម្ចីទិញផ្ទះគឺជាបន្ទុកបំណុលដ៏ធំបំផុតមួយ សម្រាប់ជីវិតមនុស្សម្នាក់ៗ ដូច្នេះមុននឹងបង្កើតវាឡើងអ្នកត្រូវប្រាកដថា អ្នកមានកម្លាំងផ្ដោតលើវា មិនបែងចែកកម្លាំងដោះស្រាយបំណុលរាយរងផ្សេងទៀត ដែលអាចបង្កបញ្ហារញ៉េរញ៉ៃ។
២. មានកញ្ចប់លុយបម្រុង៖ សន្សំលុយសម្រាប់ការចំណាយបណ្ដោះអាសន្នប្រចាំខែដោយបូកទាំងលុយត្រូវបង់កម្ចីទិញផ្ទះ ឱ្យបានយ៉ាងតិច៣ទៅ៦ខែ។ មានន័យថាបើមួយខែអ្នកត្រូវចំណាយ ១ពាន់ដុល្លារ អ្នកត្រូវសន្សំលុយទុកសាគួរឱ្យបានយ៉ាងតិច ៣ពាន់ទៅ៦ពាន់ដុល្លារ។
លុយសន្សំនេះទុកសម្រាប់ប្រើប្រាស់នៅក្នុងករណី អ្នកបាត់បង់ការងារ,បាត់បង់សមត្ថភាពបង្កើតចំណូលរយៈពេលខ្លី, ឬអ្នកជួបបញ្ហាហិរញ្ញវត្ថុជាដើម។ កញ្ចប់លុយមួយនេះ នឹងអាចជួយអ្នកមិនឱ្យត្រូវទៅខ្ចីលុយពីខាងក្រៅយកមកបង់ធនាគារប្រចាំខែ ពេលដែលអ្នកខ្វះចំណូល។
៣. បង់លុយឱ្យទាន់ពេល៖ រឿងសាមញ្ញតែចាំបាច់បំផុត គឺអ្នកត្រូវតែបង់ធនាគារទៅតាមពេលវេលាកំណត់ឱ្យបានទៀងទាត់បំផុត។ ទោះបីជាយឺតមួយថ្ងៃធនាគារមិនធ្វើការពិន័យ ក៏មិនត្រូវបណ្ដោយឱ្យយឺតយ៉ាវឡើយ ព្រោះវាអាចធ្វើឱ្យខូចក្រេឌីត។ ធនាគារមិនពិន័យតែពិន្ទុឥណទានរបស់អ្នកអាចនឹងធ្លាក់ចុះ ពិបាកដល់ការស្នើកម្ចីលើកក្រោយៗ ឬពិបាកចរចារជាមួយធនាគារជាដើម។
៤. បង្កើនចំនួនបង់៖ ព្យាយាមបង់ប្រចាំខែឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ ករណីនេះអាចដំណើរការទៅបានប្រសិនបើខាងធនាគារយល់ព្រមផ្ដល់លក្ខខណ្ឌបត់បែនតាំងពីដើមទី ឬមួយក៏អ្នកអាចធ្វើការចរចារសុំការបន្ធូរបន្ថយពីខាងធនាគារ។ ការបង់បន្ថែមអាចជួយឱ្យអ្នកចំណេញពេលវេលាបង់ មិនជាប់បំណុលយូរ ហើយថែមទាំងចំណេញការប្រាក់ថែមទៀតផង។
៥. តាមដានជាប្រចាំ៖ ចំណាយពេលពិនិត្យរបាយការបំណុលជារៀងរាល់ខែ ដើម្បីឱ្យដឹងច្បាស់ថា មកដល់ពេលនេះបំណុលទាំងមូលរបស់អ្នកថយចុះដល់កម្រិតណាហើយ? មានបញ្ហាចំពោះការបង់ប្រចាំខែដែរឬទេ? មានវិធីបង្កើនល្បឿននៃការបង់ឱ្យឆាប់ដាច់ដែរឬទេ?
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»