អាជីវករដែលកំពុងលក់ដូរនៅផ្សាររាត្រី និងនៅតាមវិថីម្ហូបអាហារ នៅក្នុងខេត្ដបាត់ដំបងនឹងត្រូវធ្វើការផ្លាស់ប្ដូរទីតាំងលក់ទៅទីតាំងថ្មី ខណៈរដ្ឋបាលខេត្តបាត់ដំបងគ្រោងនឹងធ្វើការសាងសង់ផ្សាររាត្រីថ្មី ដែលមានទីតាំងស្ថិតនៅអតីតសួនច្បារដែលធ្វើការទុកចោល នាពេលដ៏ខ្លីខាងមុខនេះ។ នេះយោងតាមការចុះផ្សាយពីរដ្ឋបាលខេត្ដបាត់ដំបង។
ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយអាជីវករដែលកំពុងលក់ដូរនៅផ្សាររាត្រី និងនៅតាមវិថីម្ហូបអាហារ ឯកឧត្ដម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ដបាត់ដំបង នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបងបានធ្វើការសិក្សា និងគិតគូរជូនអាជីវករបានរួចរាល់អស់ទៅហើយ ពោលគឺរដ្ឋបាលខេត្តនឹងធ្វើការសាងសង់ផ្សាររាត្រីថ្មីមួយកន្លែងទៀត ដើម្បីផ្លាស់ប្ដូរគាត់ទៅប្រកបអាជីវកម្មនៅកន្លែងថ្មី ដោយមិនមែនទុកពួកគាត់ចោលឡើយ។
ក្នុងនោះឯកឧត្តម ក៏បានធ្វើការសំណូមពរ និងសុំធ្វើការអធ្យាស្រ័យដល់អាជីវករទាំងអស់មេត្តាយោគយល់ផងដែរ ព្រោះថាការអភិវឌ្ឍគឺតែងតែមានការប៉ះពាល់មួយចំនួនតូចផងដែរ ដែលទាមទារឱ្យអាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់មេត្តាលះបង់ និងចូលរួមជាមួយរដ្ឋបាលខេត្ត ព្រោះថាការអភិវឌ្ឍគឺក្នុងគោលបំណងតែមួយគត់ ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តឱ្យកាន់តែរីកចម្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានច្រើនផងដែរ ។
សូមជម្រាបថា សម្រាប់ទីតាំងផ្សាររាត្រីចាស់នឹងជំនួសដោយវិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើការដើរលេងកំសាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធជាមួយនឹងការរៀបចំសួនច្បារថ្មី ដែលមានមុខងារច្រើននៅក្នុងសួនច្បារសម្ដេចក្រឡាហោមវិមានឯករាជ្យនោះផងដែរ ៕
អត្ថបទ៖ កឹម ប៊ុនធឿន