នៅក្នុងស្ថានភាពសេដ្ឋកិច្ចមិនសូវនឹងនរ វាអាចបង្កហានិភ័យបានគ្រប់ពេលទៅលើស្ថានភាពហិរញ្ញវត្ថុ ហេតុនេះហើយ យើងត្រូវតែយកចិត្តទុកដាក់ ទៅលើការសម្រេចចិត្ត ឬការប្រើប្រាស់លុយ ព្រោះថាបើហ៊ានតែសម្រេចខុស វានឹងនាំបញ្ហាដល់ខ្លួនជាមិនខាន។
ទន្ទឹមនឹងនោះដែរ លោក ង៉ែត ជូ ជាអ្នកជំនាញហិរញ្ញវត្ថុមួយរូប បានលើកឡើងថា «នៅក្នុងស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ និងធនធានហិរញ្ញវត្ថុមានកម្រិត អ្នកវិនិយោគគួរចៀសវាងការបង្កើតអាជីវកម្មថ្មីដែលមានហានិភ័យខ្ពស់ដូចជាតំរូវការដើមទុនច្រើន មិនមានបទពិសោធន៍ ឬមិនមានចំណេះដឹងច្បាស់លាស់»។ លោកបានបន្តចែករំលែកថា អ្នកវិនិយោគគួរតែផ្ដោតលើអាជីវកម្មដែលខ្លួនមានចំណេះដឹង និងបទពិសោធន៍ ជាពិសេសអភិវឌ្ឍអាជីវកម្មដែលខ្លួនកំពុងមានស្រាប់ឱ្យបានប្រសើរ ដោយផ្ដោតលើរឿងសំខាន់៣ ដូចខាងក្រោម៖
១. បង្កើនការលក់៖ បង្កើនការលក់ផលិតផលដែលមានស្រាប់ដល់អតិថិជនថ្មី។
២. បង្កើតផលិតផលថ្មី៖ អភិវឌ្ឍផលិតផលថ្មីសម្រាប់លក់ទៅកាន់អតិថិជនដែលមានស្រាប់ និងអតិថិជនថ្មី ដើម្បីពង្រីកទីផ្សារ។
៣. កសាងធនធាន៖ កសាងក្រុមការងារដែលមានសមត្ថភាព ភាពជឿជាក់ និងចក្ខុវិស័យរួមសម្រាប់ ដំណើរវែងឆ្ងាយ។
អ្នកជំនាញហិរញ្ញវត្ថុរូបនេះ បានគូសបញ្ជាក់ផងដែរថា «ពេលមេឃកំពុងព្យុះភ្លៀងចូរធ្វើខ្លួនដូចជាស្មៅគឺចាក់ឫសឱ្យបានមាំ និងស្រូបយកជីជាតិមកចិញ្ចឹមឱ្យបានច្រើនដើម្បីពង្រីកខ្លួន ជាជាងខំលូតកម្ពស់ខ្ពស់ដូចដើមឈើដោយមិនបានចាក់ឫសអោយរឹងមាំក្រែងព្យុះបក់រលំ»៕
អត្ថបទដោយ៖ SOKLY SO-កូនផ្កាឈូក