Starbucks ក្រុមហ៊ុនកាហ្វេលំដាប់ពិភពលោកទើបនឹងតាងតាំងនាយកប្រតិបត្តិថ្មីរបស់ខ្លួនគឺលោក Brian Niccol កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ ខណៈបុរសវ័យ៥០ឆ្នាំរូបនេះអាចទទួលបានប្រាក់ខែគោលប្រចាំឆ្នាំរបស់ ១.៦លានដុល្លារ ព្រមទាំងទទួលបានយន្តហោះឯកជន១គ្រឿង សម្រាប់ជិះទៅធ្វើការថែមទៀតផង។
យ៉ាងណាមិញក្រោយឡើងកាន់តំណែងបានប៉ុន្មានថ្ងៃ លោក Brian Niccol បានផ្តាំនូវ៤ចំណុចធំៗទៅកាន់បុគ្គលិកអំពីការឥទ្វិពលរបស់ពួកគេសម្រាប់ អាណាចក្រកាហ្វេមួយនេះ។
១. ផ្តល់អំណាចដល់ Barista ក្នុងការថែរក្សាអតិថិជន៖ យើងនឹងធ្វើឱ្យប្រាកដថាបារីស្តារបស់យើងមានឧបករណ៍ សម្ភារៈនិងពេលវេលាគ្រប់គ្រាន់ក្នុងការផលិតភេសជ្ជៈដ៏រីករាយ ចេញពីបេះដូងពិតៗផ្តល់ទៅកាន់អតិថិជន ដោយយើងនឹងបន្តបង្កើតនូវវប្បធម៍នៃភាពជាអ្នកដឹកនាំ ដោយធ្វើឱ្យ Starbucks ក្លាយជាកន្លែងធ្វើការល្អបំផុត ជាមួយនឹងឱកាសការងារនិងវិថីដ៏ច្បាស់លាស់សម្រាប់ការរីកចម្រើនដល់បុគ្គលិក។
២. ជាទីកន្លែងដែលចាប់ផ្តើមពេលព្រឹកដ៏មានន័យ ៖ មនុស្សជាច្រើនបានចាប់ផ្តើមថ្ងៃរបស់ពួកគេជាមួយនឹងStarbucks ដូច្នេះក្នុងនាមយើងជាអាណាចក្រកាហ្វេដ៏ធំយើងត្រូវប្រាកដថាទីនេះ ជាកន្លែងដែលចាប់ផ្តើមនូវពេលព្រឹកដ៏មានន័យ តាមរយៈការផ្តល់ភេសជ្ជៈនិងអាហារល្អៗឱ្យទាន់ពេលវេលា។
៣. សហគមន៍ទី២៖ ក្នុងនាមជាកាហ្វេលំដាប់សកលលោកបុគ្គលិក Starbucks ត្រូវធ្វើយ៉ាងណាប្តេជ្ញាលើកកម្ពស់បទពិសោធន៍នៅក្នុងហាង ធានាថាកន្លែងអង្គុយឆ្លុះបញ្ចាំងពីទិដ្ឋភាព ក្លិននិងសំឡេងដែលជាអត្តសញ្ញាណ Starbucks ត្រូវមានកន្លែងអង្គុយប្រកបដោយផាសុកភាព ការរចនាប្រកបដោយការគិតគូរ និងភាពខុសគ្នាយ៉ាង ចែកដាច់និងច្បាស់លាស់រវាងសេវាកម្មវេចខ្ជប់ទៅ និងទទួលទាននៅនឹងកន្លែង ។
៤. សូមនិទានរឿងរបស់យើងជានិច្ច៖ លោក Brian Niccol បានឱ្យដឹងថា “យើងនឹងមិនអនុញ្ញាតឱ្យអ្នកដទៃកំណត់ថាយើងជានរណានោះទេ” ដូច្នេះដើម្បីឱ្យរឿងរ៉ាវនៃយីហោកាហ្វេ របស់យើងនៅតែមានឥទ្ធិពលម្តងហើយម្តងទៀតចូរកុំភ្លេច រំលឹកអតិថិជនជានិច្ចថា បុគ្គលិករបស់យើងជាមនុស្សមានគុណភាពហើយយើងមានមនុស្សដែលមានជំនាញកាហ្វេខ្លាំងមិនអាចប្រៀបផ្ទឹមបាន រួមជាមួយបទពិសោធន៍ពិសេសដែលមានតែនៅ Starbucks ប៉ុណ្ណោះដែលអាចផ្តល់ឱ្យពួកគេបាន។
គួរជម្រាបផងដែរថាលោក Brian Niccol បានឡើងកាន់តំណែងបន្តពីលោក Laxman Narasimhan ហើយក្រោយដំណឹងនៃការប្រកាសតែងតាំងនោះភ្លាមៗកាលពីខែសីហា បានធ្វើឱ្យចំនួនភាគហ៊ុន Starbuck ហក់ឡើងចំនួន២០% ខណៈលោក Niccol គឺជានាយកប្រតិបត្តិសាជីវកម្មដ៏មានសមត្ថភាពម្នាក់គេចង់បានយ៉ាងខ្លាំង បន្ទាប់ពីលោកបានបង្កើតកំណត់ត្រានៃភាពជោគជ័យក្នុងការស្តារក្រុមហ៊ុនដែលបានជួបបញ្ហាធ្លាក់ចុះក្នុងវិស័យចំណីអាហារដូចជា Taco Bell និងយីហោ Chipotle ដែលរាយប៉ាយជាង៣៥០០ហាងនៅអាមេរិក។
នៅក្នុងការដឹកនាំរបស់លោក Niccol លោកបានសន្យាថានឹងធ្វើយ៉ាងណាផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិក បង្កើនភាពច្នៃប្រឌិតនិងភាព Premium ឱ្យផលិតផលនៅ Starbucks៕
អត្ថបទដោយ៖ ពីង ជូអេង