កំពង់ផែតម្លៃ ១៥០០លាន$ បើកការដ្ឋានសាងសង់ផ្លូវការថ្ងៃនេះ ខណៈនេះជាចំណុចពិសេសនៃកំពង់ផែ
Bunthoeun KoemMAY 5 20222 K views

នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នេះ កំពង់ផែទឹកជ្រៅលំដាប់អន្តរជាតិខេត្តកំពត ឬកំពង់ផែពហុបំណង មានតម្លៃប្រមាណ ១ ៥០០ លានដុល្លារសហរដ្ឋអាមេរិករបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត បានបើកការដ្ឋានសាងសង់ជាផ្លូវការ។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម ជា សុផារ៉ា ឧនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ និងឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្ដ្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន រួមជាមួយមន្ដ្រីជាច្រើនរួបទៀត។

កំពង់ផែពហុបំណងកំពតនេះ មានទីតាំងស្ថិតនៅភូមិចង្ហោន សង្កាត់ ព្រែក ត្នោត ក្រុងបូកគោ ខេត្តកំពត មានផ្ទៃដីសាងសង់ចំនួន ៦០០ ហិចតា ខណៈវាមានជម្រៅទឹកប្រមាណ ១៥ ទៅ ១៦ ម៉ែត្រ ដែលអាចឲ្យនាវាចំណុះ ១០ម៉ឺនតោន ចូលចតបាន។

តាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល  កំពង់ផែពហុបំណងកំពតនេះនឹងដើរតួនាទីមួយដ៏សំខាន់ ក្នុងការជួយឲ្យមានឃ្លាំងភស្ដុភារកម្ម តំបន់សេដ្ឋកិច្ចពិសេស និងជាមជ្ឈមណ្ឌលប្រេងឥន្ទនៈ នឹងឧស្ម័ននៅក្នុងប្រទេសកម្ពុជាផងដែរ។ ហើយកំពង់ផែខ្នាតអន្ដរជាតិនេះ ក៏នឹងជួយបំពេញការងារបន្ថែមដល់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តរាជធានីភ្នំពេញផងដែរ។

មិនតែប៉ុណ្ណោះ ទីតាំងនៃកំពង់ផែថ្មីនេះ គឺស្ថិតនៅក្នុងតំបន់ដែលមានអំណោយផលក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែក មកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤៨ និងតភ្ជាប់ផ្លូវដែកភាគខាងត្បូង ទៅភាគខាងជើងនៃប្រទេស។

សូមជម្រាបថា គម្រោងសាងសង់កំពង់ផែអន្តរជាតិកំពតឬ កំពង់ផែពហុបំណងកំពតនេះ ត្រូវបានបែងចែកជា៣ដំណាក់កាលរួមមាន៖

ដំណាក់កាលទី១: គឺការផ្តោតទៅលើការអភិវឌ្ឍសេវាកម្មផ្លូវសមុទ្រ ជាមួយនិងឃ្លាំងទំនិញភស្ភុភារកម្ម។ ដោយក្នុងនោះមានន័យថា ក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍកំពង់ផែពហុបំណងសមុទ្រដើម្បីសម្រួលដល់ការគ្រប់គ្រងទំនិញគ្រប់ប្រភេទ ដែលមាន២ចំណតសម្រាប់នាវាផ្ទុកកុងតេន័រ រួមទាំងចរាចរសាឡង់ និងចំណតដោយឡែកៗពីគ្នាសម្រាប់ទំនិញទូទៅ និងនាវាដឹកអ្នកដំណើរ។ ដំណាក់កាលទី១ នេះត្រូវការផ្ទៃដីប្រមាណ ២០០ ហិចតា ដើម្បីការអភិវឌ្ឍ។

ដំណាក់កាលទី២: ចំពោះដំណាក់កាលនេះដែរ នឹងគ្រប់ដណ្តប់ទៅលើការអភិវឌ្ឍនៃ តំបន់សេដ្ឋកិច្ច ពាណិជ្ជកម្មសេរី និងផលិតផល កែច្នៃពិសេស។ ដំណាក់កាលនៃការអភិវឌ្ឍនេះ នឹងគ្របដណ្តប់លើផ្ទៃដីយ៉ាងតិចបំផុត២០០ ហិចតា។

ដំណាក់កាលទី៣: ចំណែកឯការផ្តោតសំខាន់នៃដំណាក់កាលទី៣នេះ គឺសំដៅទៅការអភិវឌ្ឍមជ្ឈមណ្ឌលថាមពល ជាមួយនិងកំពង់ផែសមុទ្រសម្រាប់ប្រភពថាមពលស្អាត ដូចជាឧស្ម័ន LPG ព្រមទាំងកំពង់ផែសម្រាប់ឧស្ម័ន LPG ប្រេងឥន្ធនៈ ប្រេង និងប្រេងរំអិល ជាមួយនិងបរិក្ខារ យុទ្ធសាស្រ្តឃ្លាំងសន្និធិ        និងរោងចក្រចម្រាញ់។ សម្រាប់ដំណាក់កាលនេះនឹងគ្រប់ដណ្តប់ ផ្ទៃដីយ៉ាងតិច២០០ហិចតា។ គម្រោងនៃដំណាក់កាលទី៣នេះក៏អាចនឹងពង្រីកជាតំបន់សេដ្ឋកិច្ច សម្រាប់អភិវឌ្ឍន៍បន្ថែមទៀតនៅថ្ងៃអនាគតបានផងដែរ៕

អត្ថបទដោយ: ណើរ​ ជីណា

280049721 306972071613794 9107799657251905826 N

280051718 306971341613867 6281899002965191874 N

280099513 306971261613875 4666200802808297388 N

 

 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia